ដោយ ៖ រ៉ាណេត
ភ្នំពេញ៖ សម្រាប់ការរៀបចំហាសន្និបាតពិភពលោកលើកទី១៨ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកនៅឆ្នាំ២០២០ កម្ពុជាត្រូវបានអង្គមហាសន្និបាតបោះឆ្នោតជាឯកច្ឆន្ទផ្តល់សិទ្ធិឱ្យធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំជាលើកទី២ ដែលនឹងប្រព្រឹត្តដោយភ្ជាប់ជាមួយពិធីបុណ្យសមុទ្រខាងមុខនេះ។
យោងតាមលិខិតជូនដំណឹងដែលចេញដោយទីស្ដីការគណៈរដ្ឋមន្ត្រី ជម្រាបជូនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលចុះ ហត្ថលេខាដោយលោក ឈិត សុខុន កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់គោលការណ៍ឱ្យក្រសួងទេសចរណ៍ រៀបចំមហាសន្និបាតក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកលើកទី១៥ នាឆ្នាំ២០២២ ខាងមុខនេះ ក្នុងនាមជាម្ចាស់ផ្ទះ និងជាសមាជិកក្លឹបឆ្នេរនេះ។
ការសម្រេចខាងលើនេះ គឺផ្អែកតាមអង្គមហាសន្និបាតបោះឆ្នោតជាឯកច្ឆន្ទផ្តល់សិទ្ធិឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកទី២ ក្នុងឱកាសនៃកិច្ចជំនួបប្រជុំដែលរៀបចំកាលពីអំឡុងខែតុលា ឆ្នាំ២០១៩ នៅទីក្រុងតំបន់ឆ្នេរសមុទ្រ តូយ៉ាម៉ា ប្រទេសជប៉ុន ។
ឆ្នេរសមុទ្រកម្ពុជា គ្របដណ្តប់លើខេត្តតំបន់ឆ្នេរទាំង៤ ត្រូវបានបញ្ចូលជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកកាលពីឆ្នាំ២០១១។ បន្ទាប់ពីបានក្លាយជាសមាជិកក្លឹប និងបានឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍តំបន់ឆ្នេរប្រកបដោយចីរភាព កម្ពុជាត្រូវបានបោះឆ្នោតជ្រើសតាំងឲ្យកាន់តំណែងសំខាន់ៗក្នុងក្រុមប្រឹក្សាភិបាលក្លឹបដូចជា៖
* អនុប្រធានក្លឹបទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក សម្រាប់អាណត្តិ (២០១២-២០១៥)។
* បន្តកាន់តំណែងជាអនុប្រធានក្លឹបទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក អាណត្តិទី២ (២០១៥-២០១៨)។* អគ្គនាយករងក្លឹបសម្រាប់អាណត្តិ (២០១៨-២០២១)។
ទាំងនេះសបញ្ជាក់ឱ្យឃើញពីការគាំទ្ររបស់ស្ថាប័នអន្តរជាតិដ៏សំខាន់មួយនេះ មកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន លើការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រប្រកបដោយនិរន្តរភាព ខណៈដែលក្លឹបឆ្នេរខាងលើនេះត្រូវបានដំឡើងកម្រិតទៅជា «អង្គការអន្តរជាតិឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក»។
ស្របជាមួយគ្នានេះដែរ ដោយទទួលបានការឯកភាពពីរាជរដ្ឋាភិបាល និងការគាំទ្រពីក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលោក កម្ពុជាក៏បានទទួលសិទ្ធិពីសហព័ន្ធកីឡាប្រណាំងកង់ពិភពលោក (UCI) ក្នុងការរៀបចំជាប្រវត្ដិសាស្ដ្រនូវព្រឹត្ដិការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១ ចាប់ពីថ្ងៃទី០៤-០៦ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ។
សម្រាប់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៧ នាទីក្រុងប៊ែរឡាំង ប្រទេសអាឡឺម៉ង់។ បច្ចុប្បន្ន ក្លឹបនេះមានទីស្នាក់ការនៅទីក្រុងវ្យែន ប្រទេសបារាំង និងមានឆ្នេរសមាជិកសរុបចំនួន ៤៤ឆ្នេរ មកពី២៤ប្រទេស៕