ដោយ វុត្ថា
ខេត្តកំពត៖ ក្រសួងទេសចរណ៍ដាក់ឱ្យដំណើរការ “វិថីម្ហូបអាហារខេត្តកំពត-food street” ជាផ្លូវការ លើកដំបូងនៅក្នុងខេត្តកំពត ដើម្បីអបអរសាទរព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៨ជុំ ទី២ ឆ្នាំ២០១៩ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងពិធី សម្ពោធ “វិថីលក់ម្ហូបអាហារ” កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០១៩ ម្សិលមិញថា វិថីលក់ម្ហូបអាហារ ឬ Food Street នេះបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់វិស័យទេសចរណ៍ ក៏ដូចជាដល់សេដ្ឋកិច្ចមូលដ្ឋាន ក្នុងនោះភ្ញៀវទេសចរទាំងអស់អាចពិសាម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ ចម្អិនថ្មីៗក្តៅៗស្រស់ៗ និងមានអនាម័យ។
ក្រៅពីនេះ ភ្ញៀវទេសចរក៏អាចទស្សនាពីរបៀប ឬសិល្បៈនៃការចម្អិនអាហារ ការតុបតែងម្ហូបអាហារ ការបម្រើសេវាកម្ម និងរបៀបបរិភោគ។ លោកបន្តថា “វិថីលក់ម្ហូបអាហារ” ជាកន្លែងមួយដែលភ្ញៀវទេសចរ នឹងទទួលបាននូវ៖
ទី១.) ម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ មានឱជារស ចម្អិនថ្មីៗ (ក្តៅៗ ស្រស់ៗ) និងមានអនាម័យសម្រាប់បរិភោគ បំពេញថាមពល ជំនួស ភាពនឿយហត់ ក្រោយដំណើរកម្សាន្តរបស់ពួកគាត់
ទី២.) ទស្សនីយភាព ប្លែកៗបន្ថែម ដូចជារបៀបឬសិល្បៈនៃការចម្អិនអាហារ សិល្បៈនៃ ការ តុបតែង ម្ហូបអាហាររបៀប នៃការ បម្រើសេវាកម្ម និងរបៀបបរិភោគ និងទី
៣.) បានដឹងបានយល់ និងបានភ្លក់ នូវរស់ជាតិអាហារប្លែកៗប្រចាំតំបន់ ពិសេស អំពី ទំនៀមទម្លាប់ ក៏ដូចជា អត្ថប្រយោជន៍ នៃ ប្រភេទគ្រឿងផ្សំនីមួយៗ។
លោកបន្ថែមថា “វិថីលក់ម្ហូបអាហារ” នេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់វិស័យទេសចរណ៍ខេត្តកំពត និងក្លាយជាផលិតផលទេសចរណ៏ថ្មីមួយសម្រាប់ខេត្តកំពត ក៏ដូចជាដល់សេដ្ឋកិច្ចមូលដ្ឋាន ពិសេសអាជីវករមូលដ្ឋានតែម្តង។
លោករដ្ឋមន្ត្រីបានដាក់ចេញនូអនុសាសន៍សំខាន់ៗមួយចំនួនដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍវិថីលក់ម្ហូបអាហារខេត្តកំពតឱ្យកាន់តែឈានទៅមុខបន្ថែមទៀត ឆ្លើយតបនឹងតម្រូវការ និងនិន្នាការរបស់ទេសចរ ក្នុងនោះរួមមាន៖*
ទី១៖ ស្នើបន្តយកចិត្តទុកដាក់ជាចម្បងលើការងាររក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីទាក់ទាញភ្ញៀវទេសចរចំណាយពេលយូរក្នុងការភ្លក្សម្ហូបអាហារ។
ទី២៖ ស្នើបន្តគិតគូរបន្ថែមលើការបំពាក់នូវធុងសំរាម និងបង្គន់អនាម័យឱ្យបានគ្រប់គ្រាន់ ពិសេសត្រូវស្អាតជាប្រចាំ។
ទី៣៖ ស្នើអាជីវករទាំងអស់គ្នាបន្តខិតខំពង្រឹងជំនាញរបស់ខ្លួន ទាំងជំនាញចម្អិនម្ហូបអាហារ ការរចនា ការកែច្នៃលើគ្រឿងផ្សំ និងជំនាញបដិសណ្ឋារកិច្ច។ ជាក់ស្តែង នាពេលនេះ ក្រុមការងារផ្សព្វផ្សាយរបស់មន្ទីរទេសចរណ៍ខេត្តកំពត បានសម្រេចការច្នៃប្រឌិតរៀបចំបាននូវមុខម្ហូបថ្មីចំនួន ២មុខ នោះគឺញាំសារាយម្រេចកំពត និងសម្លការីត្នោតរសជាតិទុរេន។
ទី៤៖ ស្នើបន្តយកចិត្តទុកដាក់ចូលរួមផ្សព្វផ្សាយប្រភេទមុខម្ហូបខ្មែរ ដោយត្រូវមានសរសេរបង្ហាញពីគ្រឿងផ្សំ ប្រភពគ្រឿងផ្សំ អត្ថប្រយោជន៍របស់គ្រឿងផ្សំ ឬលក្ខណៈពិសេសរបស់វា ការបរិយាយអំពីរបៀបចម្អិនជាដើម។
ទី៥៖ ស្នើយកចិត្តទុកដាក់លើការចូលរួមប្រើប្រាស់ប្រភេទផលិតផល ដែលមិនប៉ះពាល់បរិស្ថាន ឬប៉ះពាល់តិចតួច។ កំណត់គោលដៅឈានឆ្ពោះទៅបញ្ចប់ការប្រើប្រាស់ប្លាស្ទិកទាំងស្រុងនៅតាមវិថីលក់ម្ហូបអាហារ ដោយជំនួសដោយថង់ក្រដាស កែវក្រដាស ប្រអប់ក្រដាស បំពង់បឺតឫស្សីវិញ។
ទី៦៖ ស្នើគណៈកម្មការគ្រប់គ្រងគិតគូរអំពីយន្តការផ្សព្វផ្សាយ និងការបង្ករលក្ខណៈផ្សេងៗ ដើម្បីទាក់ទាញការចាប់ អារម្មណ៍របស់ភ្ញៀវទេសចរ ដូចជា ការបង្កើតព្រឹត្តិការណ៍ទាក់ទាញ (តន្ត្រី សិល្បៈ) យុទ្ធនាការផ្សព្វផ្សាយជាវសេវាកម្មជាកញ្ចប់ (ជាវអាហារ ថែមបង្អែម ឬជាវ៥ថែម១) ផ្តល់កូប៉ុងពិសាអាហារ (ជាវផលិតផលកន្លែងផ្សេងរួចបានកូប៉ុងពិសាអាហារក្នុងតម្លៃណាមួយនៅវិថីម្ហូបអាហារ) ឬអាចភ្ជាប់នឹងយុទ្ធនាការអនាម័យបរិស្ថាន (យកសំបកកំប៉ុង ឬថង់ដូរយកកូប៉ុងពិសារអាហារនៅវិថីម្ហូបអាហារ) និងស្នើរៀបចំឱ្យមានការផ្សព្វផ្សាយតាមឌីជីថលបន្ថែម ដូចជា បណ្តាញសង្គម ឬ Application ក្នុងទូរស័ព្ទដៃឆ្លាតវៃ៕