ដោយ ៖ រ៉ាណេត
បាត់ដំបង ៖ បន្ទាប់ពីការប្រារព្វពិធីបុណ្យទន្លេឆ្នាំ២០១៩នៅក្នុងទឹកដីខេត្តកំពង់ឆ្នាំងកន្លងទៅនោះ សម្រាប់ឆ្នាំ២០២០ឆាប់ៗខាថមុខនេះ ក្រសួងទេសចរណ៍បានសម្រេចជ្រើសយកក្រុងបាត់ដំបង ខេត្តបាត់ដំបង រៀបចំពិធីបុណ្យប្រចាំឆ្នាំដ៏ធំមួយនេះ ជាមួយនឹងការដាក់ចេញនូវកម្មវិធីប្រកួតប្រជែងស្នាដៃស្ថាបត្យកម្មវិថីលក់ម្ហូបអាហារនៅក្រុងបាត់ដំបង។
ដើម្បីចូលរួមអបអរសាទរពិធីបុណ្យទន្លេឆ្នាំ២០២០ និងទិវាជាតិទីក្រុងស្អាតឆ្នាំ២០២០ ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យទេសចរណ៏ រដ្ឋបាលខេត្តបាត់ដំបង បានដាក់ចេញនូវកម្មវិធីប្រកួតប្រជែងស្នាដៃស្ថាបត្យកម្មវិថីលក់ម្ហូបអាហារនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។
គោលដៅទីតាំងនៃការប្រារព្វ គឺស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានទទឹងមធ្យម ២៣ ម៉ែត្រ បណ្ដោយ ២៨៨ ម៉ែត្រ មានព្រំប្រទល់ខាងជើងជាប់នឹងកាប៊ីនភ្លើងត្រង់ចំណុចប្រសព្វផ្លូវលេខ១ និងផ្លូវលេខ១២៥ ខាងលិចជាប់នឹងផ្លូវលេខ១ និងផ្លូវលេខ១A ខាងត្បូងជាប់នឹងស្ថានីយបូមទឹក ខាងកើតជាប់នឹងស្ទឹងសង្កែ។
គោលបំណងនៃការរៀបចំកម្មវិធីនេះឡើងគឺ:
– អបអរសាទរពិធីបុណ្យទន្លេឆ្នាំ ២០២០ ដែលខេត្តបាត់ដំបងធ្វើជាម្ចាស់ផ្ទះ
- អបអរសាទរទិវាជាតិទីក្រុងស្អាតឆ្នាំ ២០២០
– ជំរុញអោយមានការចូលរួមពីសំណាក់យុវជន
– ការបង្កើតនូវផលិតផលទេសចរណ៍ដ៏សម្បូរបែប
– ការជំរុញទេសចរណ៍ក្នុងស្រុក
- ធ្វើអោយទីក្រុងមានភាពរស់រវើក មានភាពទាក់ទាញពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ
- ផ្សព្វផ្សាយពីម្ហូបអាហារខ្មែរយ៉ាងសម្បូរបែបជាពិសេសគឺម្ហូបអាហារប្រចាំតំបន់នីមួយៗ
– ចូលរួមបង្កើតមុខរបរសំរាប់ប្រជាជនមូលដ្ឋាន
– គាំទ្រដល់ចលនាទីក្រុងស្អាត អនាម័យ បរិស្ថាន។
កម្មវិធីប្រកួតប្រជែងនេះគ្រោងនឹងបញ្ចប់នៅមុនពិធីបុណ្យទន្លេចាប់ផ្ដើម៕