ដោយ វុត្ថា
សៀមរាប៖ តាមបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ផ្លូវការរបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់ថា យោងទៅលើកត្តាអំណោយផលនៃទីតាំងភូមិសាស្ត្រ ប្រជាសាស្ត្រ និងដើម្បីជំរុញគម្រោងសាកល្បងមានសន្ទុះលឿន រដ្ឋបាលស្រុកបន្ទាយស្រី បានសម្រេចជ្រើសរើសយកភូមិព្រះដាក់ ជាភូមិទី១ សម្រាប់ការសាកល្បងនៃយុទ្ធនាការ ផ្ទះមួយ អំពូលមួយ។
យុទ្ធនាការ ផ្ទះមួយ អំពូលមួយ គឺត្រូវធ្វើការដាក់បំពាក់អំពូលសូឡាប្រើប្រាស់ដោយពន្លឺព្រះអាទិត្យចំនួន ៥១៤ឈុត នៅតាមផ្ទះទាំង ៥១៤ខ្នង នៅក្នុងភូមិព្រះដាក់ទាំងមូល ក្រោមការឧបត្ថម្ភទាំងស្រុងពីសប្បុរសជនដំបូង ដែលគាំទ្រនិងឲ្យតម្លៃទៅលើយុទ្ធនាការនេះ។
លោក ឃឹម ហ្វីណង់ បញ្ជាក់ទៀតថា នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ រដ្ឋបាលស្រុក នឹងរៀបចំពិធីប្រកាសភូមិដំបូង នៃដំណើរការសាកល្បងយុទ្ធនាការ ផ្ទះមួយ អំពូលមួយ ដោយមានការចូលរួមពីតំណាងនៃគ្រួសារនិមួយៗ ទាំង៥១៤គ្រួការនៅក្នុងភូមិព្រះដាក់ រួមទាំងតំណាងសប្បុរសជនផងដែរ។
ពិធីនេះ គ្រោងនឹងរៀបចំប្រារព្ធឡើង នៅក្នុងបរិវេណវត្តព្រះដាក់ស្ថិតក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
លោក ឃឹម ហ្វីណង់ បញ្ជាក់បន្ថែមទៀតថា ដោយគម្រោងនេះស្ថិតនៅក្នុងដំណាក់កាលសាកល្បង និងដើម្បីជំរុញឲ្យបានដំណើរការលឿន ការរៀបចំជាថវិកាបដិភាគ ដូចបានលើកជាយោបល់ពីសាធារណៈជន មានលក្ខណៈស្មុគស្មាញ និងប្រើពេលយូរ តែក្រុមការងារជឿជាក់ថា វានៅតែជារូបមន្តដ៏សំខាន់ដើម្បីធានាការចូលរួមភាពជាម្ចាស់ និងការសម្រេចបាន១០០ភាគរយនៃយុទ្ធនាការនេះ ខណៈដែលក្រុមការងារ នឹងពិចារណារូបមន្តបដិភាគនៅដំណាក់កាលក្រោយៗទៀត ៕