ដោយ វុត្ថា
ភ្នំពេញ: រដ្ឋាភិបាលគ្រោងដាក់បញ្ចូលតំបន់ដី សើមបឹងស្នេហ៍ នៅក្នុងខេត្តព្រៃវែងជាតំបន់ការពារធម្មជាតិ ដើម្បីអភិរក្ស និងអភិវឌ្ឍសហគម៍នៅមូលដ្ឋាន។
លោកស្រី លៀង ស្រីម៉ុល អភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែងបសនអោយដឹងនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់នៅថ្ងៃទី២៦ ខែធ្នូនេះថា ប្រព័ន្ឋអេកូឡូស៊ីតំបន់បឹងស្នេហ៍បានដើរតួរនាទី យ៉ាងសំខាន់ និងជាប្រភពទឹកសម្រាប់សម្រាប់ប្រជាពលរដ្ឋរស់នៅជុំវិញប្រមាណជាង ១៤ឃុំដែលប្រើប្រាស់ពីបឹងនេះ សម្រាប់ស្រោចស្រព្វដំណាំស្រូវប្រាំងជាងរាប់ម៉ឺនហិកតា ដែលអាចបង្កបង្កើនផល២ ទៅ៣ដងក្នុងមួយឆ្នាំ។
លោកស្រីបន្តថា កន្លងមក មានកំណើនប្រជាជនដែលរស់នៅជុំវិញបឹងស្នេហ៍ កំណើនតម្រូវការអុសដុត និងរុករានដីព្រៃលិចទឹក ដើម្បីធ្វើកសិកម្ម។
លោកស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថានឲ្យដឹងថា ប្រភេទសត្វស្លាបមួយ ចំនួនជា ប្រភេទជិតផុតពូជ និងកំពុងរងការគំរាមកំហែងនៅលើពិភពលោក ដូចជាប្រភេទស្មោញ ទុងប្រផេះ រនាលណ៍ ត្រយ៉ងខ្លួនស ត្រដក់តូច និងជាពិសេសប្រភេទ ចង្កៀលខ្យង ដែលកំពុងបន្តពូជពងកូនរាប់ពាន់ក្បាល នៅចំណុចទួលពាន់តាឡី នៃតំបន់ដីសើមបឹងស្នេហ៍នេះ។
លោកបន្តថា ក្រសួងបរិស្ថានមានគោលបំណងអភិរក្សប្រភេទជីវៈចម្រុះ សត្វស្លាបទាំអងស់នេះ ដើម្បីប្រយោជន៍គោលដៅទេសចរណ័ធម្មជាតិដ៏សំខាន់មួយ សម្រាប់សហគមន៍ ។
លោកបន្ថែមទៀតថាដោយឈរលើតម្លៃសេដ្ឋកិច្ច និងតម្លៃជីវៈចម្រុះ រដ្ឋបាលខេត្តបានស្នើការសហការពីក្រសួងបរិស្ថានក្នុងការដាក់បញ្ចូលតំបន់ដីសើមបឹងស្នេហ៍នេះ ទៅជាតំបន់ការពារធម្មជាតិ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ក៏ដូចជាការប្រើប្រាស់ដោយឈ្លាសវៃ និងនិរន្តភាពនូវធនធានតំបន់ដីសើមនេះ។
តាមរយៈការងារនេះ សក្តានុពលតំបន់បឹងស្នេហ៍ នឹងទទួលបានការចូលរួមការពារធនធានធម្មជាតិ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន។ ក្រសួងបរិស្ថាន បានការគាំទ្រជាឯកឆន្ទ ចំពោះការដាក់បញ្ចូលតំបន់ដីសើមបឹងស្នេហ៍នេះ ទៅជាតំបន់ការពារធម្មជាតិ ដើម្បីធានាដល់កិច្ចការពារ ការថែរក្សា ធនធានធម្មជាតិតំបន់ដីសើមបឹងស្នេហ៍នេះ ឱ្យនៅគង់វង្ស សម្រាប់ផលប្រយោជន៍ និងកាអភិវឌ្ឍរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសម្រាប់មនុស្សលោកទាំងបច្ចុប្បន្ន និងអនាគត។
គួរបញ្ជាក់ថា កិច្ចពិភាក្សានៅថ្ងៃនេះរៀបចំឡើងក្នុងគោលបំណងគឺដើម្បី ១)ចែករំលែកព័ត៌មានអំពីសក្តានុពលតំបន់ដីសើមបឹងស្នេហ៍ ដែលមានទីតាំងនៅខេត្តព្រៃវែង និង ២) ពិភាក្សា និងទទួលអនុសាសន៍ បន្ថែមពីអ្នកពាក់ព័ន្ធ លើដំណើរការដាក់បញ្ចូលតំបន់ដីសើមបឹងស្នេហ៍នេះទៅជាតំបន់ការពារធម្មជាតិ។
បន្ទាប់មកអ្នកចូលរួម និងចុះពិនិត្យផ្ទាល់ដល់សក្តានុពលនៃតំបន់ដីសើម និងការរស់នៅរបស់ហ្វូងសត្វស្លាបនៅទីកន្លែងផ្ទាល់ផងដែរ៕