ដោយៈ រ៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលបានកំណត់ និងជំរុញឱ្យមានការអនុវត្តន៍នូវគោលនយោបាយព្រំដែន តាមរយៈការបង្កើតឱ្យមានផ្សារដោះដូរផលិតផលគំរូ នៅតាមតំបន់ព្រំដែននានា ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋកាន់ល្អប្រសើរ និងមានកំណើនសេដ្ឋកិច្ចជាតិ។

-->
ជាមួយនឹងការអនុវត្តនូវគោលនយោបាយនេះ ក៏ជាការអនុគ្រោះដល់វិស័យអចលនទ្រព្យនៅតាមតំបន់ព្រំដែនឲ្យបន្តមានភាពរីកចម្រើនផងដែរ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍តាមទូរស័ព្ទ កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះថា គោលនយោបាយព្រំដែនរបស់រដ្ឋាភិបាល គឺជាការបង្កើនឱកាសវិនិយោគ និងជួយជម្រុញឱ្យវិស័យអចលនទ្រព្យមានភាពល្អប្រសើរ ខណៈដែលតម្រូវការនៃការប្រើប្រាស់ដីកើនឡើង។
លោកបានបន្តទៀតថា “ការអនុវត្តនូវគោលនយោបាយព្រំដែនរបស់រដ្ឋាភិបាល គឺបានជំរុញឱ្យការរស់នៅតាមតំបន់ព្រំដែន មានភាពល្អប្រសើរ ដែលក្រៅពីជាចលករបង្កើតឱ្យមានការធ្វើជំនួញ និងពាណិជ្ជកម្មនៅតាមតំបន់ព្រំដែន ថែមទាំងអាចធ្វើឱ្យព្រំដែនរវាងប្រទេសមានភាពជាក់លាក់កាន់តែល្អ”។ លោកបន្តទៀតថា “ប្រសិនបើរដ្ឋាភិបាលបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេស នៅតាមតំបន់ព្រំដែនកាន់តែច្រើនពេលណា វិស័យអចលនទ្រព្យ នៅតានតំបន់ព្រំដែនគឺកាន់តែល្អទៅតាមហ្នឹងដែរ”។
ជាក់ស្ដែងដូចជាបច្ចុប្បន្ននេះ នៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត តំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត និងតំបន់សេដ្ឋកិច្ចពិសេស ដែលទើបតែបង្កើតថ្មីៗតាមរយៈផ្សារដោះដូរផលិតផលគំរូកម្ពុជា-វៀតណាម ដែលស្ថិតនៅឃុំដារ ស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ ដែលកំពុងតែមានតម្រូវការប្រើប្រាស់ដីធ្លីយ៉ាងច្រើន។
លោកច្រឹក សុខនីមបានបញ្ជាក់ទៀតថា “អ្វីដែលសំខាន់ គឺពេលនេះ ការអនុវត្តនៅមានកម្រិតតិចតួចនៅឡើយ ដូច្នេះលោកគាំទ្រ និងស្នើឱ្យមានការចូលរួមអនុវត្តគោលនយោបាយព្រំដែនរបស់រដ្ឋាភិបាលឱ្យបានកាន់តែច្រើន និងឆាប់រហ័ស”។
នៅក្នុងឱកាសប្រកាសបើកឱ្យប្រើប្រាស់ផ្សារគំរូព្រំដែនកម្ពុជា ដែលជាទីតាំងដោះដូរផលិតផលរវាងកម្ពុជា និងប្រទេសវៀតណាម កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចង់ឱ្យមានការកសាងផ្សារគំរូតាមបណ្តាព្រំដែន កម្ពុជា-វៀតណាម ឱ្យបានច្រើនថែមទៀត ដើម្បីសម្រួលដល់ការធ្វើជំនួញ និងពាណិជ្ជកម្មតូចធំ និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរមានទីផ្សារសមរម្យលក់ដូរទំនិញដើម្បីបង្កើនជីវភាពរស់នៅឱ្យកាន់តែល្អប្រសើរ។

សម្ដេចតេជោហ៊ុន សែនប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងដាក់ចេញគោលនយោបាយប្រែក្លាយតំបន់ព្រំដែន ជាមួយប្រទេសជិតខាងទាំងអស់ និងអតីតតំបន់សមរភូមិឱ្យទៅជាតំបន់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ។
សម្តេចតេជោសង្ឃឹមថា “នៅពេលកម្ពុជាមានផ្សារសហគមន៍គំរូកាន់តែច្រើន គឺនឹងជួយបង្កើនទំនិញ នាំចេញ ទៅប្រទេស វៀតណាមកាន់តែច្រើន ដែលនឹងកាន់តែធ្វើអោយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមព្រំដែនកាន់តែធូរធារ ហើយទន្ទឹមនឹងនោះ គឺនឹងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិអោយកាន់តែរឹងមាំថែមទៀត”៕