ក្រុង​កំពង់ចាម​ត្រៀម​រំលេច​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​នា​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល​ឆ្នាំ២០២០​

0

ដោយៈ​ រ៉ា​ណេត​

កំពង់​ចា​មៈ​ ជា​ការ​ត្រៀមខ្លួន​នៅក្នុង​ឱកាស​អបអរសាទរ​ នៃ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល២០១៩​-២០២០​ ដែល​នឹង​ឈាន​ចូល​មកដល់​នៅក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ​ ក្រុង​កំពង់ចាម​ នៅ​ឆ្នេរ​ខ្សា​ចតំ​បន់​កោះ​ប៉ែន​ បាន​រៀបចំ​យ៉ាង​អស្ចារ្យ​ ពោរពេញ​ដោយ​ភាព​ទាក់ទាញ​ ជាពិសេស​ពន្លឺភ្លើង​ពណ៌​នៅពេល​រាត្រី​ ដែល​ក្លាយជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយទៀត​សម្រាប់​ក្រុង​កំពង់ចាម​។

តំបន់ឆ្នេរ​កោះ​ប៉ែន​ ត្រូវ​បាន​សាយភាយ​កេរ្តិ៍ឈ្មោះ​ល្បាញ​រួច​ទៅ​ហើយ​ តាមរយៈ​ស្ពាន​ឫស្សី​ដ៏​អស្ចារ្យ​ ដែល​ខេត្ត​ដទៃទៀត​មិន​អាច​ធ្វើ​បាន​។ ដោយឡែក​នៅក្នុង​ឱកាស​នៃ​ការចូលរួម​អបអរសាទរ​នៃ​បុណ្យឆ្លង​ឆ្នាំ​សកល​ ២០១៩​-២០២០​ នេះ​ តំបន់ឆ្នេរ​កោះ​ប៉ែន​បាន​បង្កើន​ភាព​ទាក់ទាញ​កាន់តែ​ខ្លាំង​ ជាមួយនឹង​ការរៀបចំ​តុប​តែង​លម្អ​រ ដោយ​ពន្លឺភ្លើង​ពណ៌​ចំរុះ​ព្រោងព្រាត​ពេញ​តំបន់ឆ្នេរ​។

ប្រធានមន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ចាម​ លោក​ស៊ាន​ សុ​គុន​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី៣០​ ខែធ្នូ​ ឆ្នាំ២០១៩​ នេះ​ថា​ ស្ទើរតែ​ទូទាំង​ក្រុង​កំពង់ចាម​ សុទ្ធតែ​ត្រូវ​បាន​រៀបចំ​តុប​តែង​លម្អ​រ យ៉ាង​យកចិត្ត​ទុកដាក់​ឱ្យ​ស័ក្ដិសម​ ទៅ​នឹង​ទីក្រុង​ទេសចរណ៍​ដែល​មាន​ភាព​ស្រស់​ស្អាត​ និង​គួរ​ជាទី​ទាក់ទាញ​ ជាពិសេស​នៅ​តាម​តំបន់​កម្សាន្ត​ សួន​សាធារណៈ​ ជាមួយនឹង​ការ​បំពាក់​នូវ​ពន្លឺភ្លើង​ពណ៌​ ព្រោងព្រាត​គួរឲ្យ​ចង់​ទស្សនា​។

លោក​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ “ក្រោម​ការ​ចង្អុលបង្ហាញ​ពីរ​ដ្ឋ​មន្ត្រី​ក្រសួងទេសចរណ៍​ និង​រដ្ឋបាល​ខេត្ត​ មន្ទីរ​ទេសចរណ៍​បាន​យកចិត្ត​ទុក​ដា​ករៀបចំ​ធ្វើ​យ៉ាងណា​ឱ្យ​ក្រុង​កំពង់ចាម​ក្លាយជា​ទីក្រុង​ទេសចរណ៍​ដ៏​ទាក់ទាញ​ និង​ពេញ​និយម​បំផុត​”។ លោក​បន្ត​ថា​ “សម្រាប់​តំបន់ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ គឺ​ខេត្ត​បានសម្រេច​វិនិយោគ​ឱ្យទៅ​វិស័យ​ឯកជន​ក្នុង​ការរៀបចំ​បន្ត​ ដែល​ធ្វើ​យ៉ាងណា​បង្ក​ភាព​ងាយស្រួល​ និង​មាន​សោភ័ណភាព​ ប្រកបដោយ​ភាព​ទាក់ទាញ​”។

ចាប់តាំងពី​ថ្ងៃទី៤​-៧ ខែមករា​ ឆ្នាំ២០២០ខាងមុខនេះ​ រដ្ឋបាល​ខេត្ត​កំពង់ចាម​ តាមរយៈ​មន្ទីរ​ទេសចរណ៍​ខេត្ត​ នឹង​មានការ​រៀបចំ​ពិព័រណ៍​ពី​សមិទ្ធផល​ និង​ផលិតផល​នានា​ក្នុង​ខេត្ត​ចំនួន​ជាង២០០ស្តង់​ ដើម្បី​បង្ហាញ​ពី​ផលិតភាព​នៅ​ទូទាំង​ខេត្ត​ រួម​ជាមួយនឹង​គម្រោង​ប្រែក្លាយ​តំបន់ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ ឱ្យទៅ​ជា​សហគមន៍​ទេសចរណ៍​ ដោយ​សិក្សា​យក​ចំ​ណុ​ចល្អៗ​ពី​តំបន់​កោះទ្រង់​ខេត្តក្រចេះ​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ លោកស្រី​ឆាយ​ ស៊ី​វលី​ន បាន​បង្ហាញ​ពី​ការ​គាំទ្រ​ទៅលើ​ការរៀបចំ​ ដែល​ប្រែក្លាយ​តំបន់ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ ឱ្យទៅ​ជា​ផលិតផល​ទេសចរណ៍​ថ្មី​ប្រកបដោយ​ភាព​ទាក​ទាញ​។

​លោកស្រី​បាន​បន្ត​ថា​ “វិស័យ​ទេសចរណ៍​អាច​រីកចម្រើន​ទៅ​បាន​ ទាល់តែ​មានការ​ចូលរួម​ពី​វិស័យ​ឯកជន​ជាចាំបាច់​ ដែល​រាល់​សកម្មភាព​នានា​ស្រប​ទៅ​នឹង​គោលដៅ​ដែល​បាន​កំណត់​ដោយ​ក្រសួង​”។

លោកស្រី​បាន​លើកឡើង​ថា​ “នៅពេល​ដែល​យើង​អាចប​ង្កើត​ នូវ​ផលិតផល​ទេសចរណ៍​ថ្មី​ប្រកបដោយ​ភាព​ទាក់ទាញ​ នឹង​ជួយ​ទប់ស្កាត់​ទេសចរ​ក្នុង​ស្រុក​ចាកចេញ​ទៅក្រៅ​ប្រទេស​ ហើយ​រឹតតែ​ប្រសើរ​បំផុត​នោះ​ គឺ​ប្រតិបត្តិ​ករ​អាច​ចាត់​បញ្ចូល​ទៅ​ក្នុង​កញ្ចប់​ ដើម្បី​លក់​ចេញទៅ​ក្រៅប្រទេស​ ដើម្បី​ទាក់ទាញ​ទេសចរ​អន្តរជាតិ​នានា​ មកកាន់​កម្ពុជា​បន្ថែម​ទៀត​ ដែល​អាច​ជួយ​បង្កើន​ចំណូល​ដល់​សេដ្ឋកិច្ច​ជាតិ​ ក៏ដូចជា​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ផង​ដែរ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here