ដោយ វុត្ថា
ភ្នំពេញៈ ខេត្តកំពតបាននិងកំពុងអនុវត្តនូវគម្រោងធំៗចំនួន៦ ជាមួយទុនវិនិយោគរាប់រយលានដុល្លារ ដែលនឹងធ្វើឱ្យខេត្តជាប់មាត់សមុទ្រមួយនេះ កាន់តែមានភាពទាក់ទាញទេសចរណ៍បន្ថែមទៀតត ក្រោយគម្រោងទាំងនេះត្រូវបានបញ្ចប់នាពេលខាងមុខ។

-->
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោកសយ ស៊ីណុលបានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១៩ នេះឱ្យដឹងថា ខេត្តកំពតបាននឹងកំពុងអនុវត្តគម្រោង ដែលកំពុងដំណើរសាងសង់នាពេលបច្ចុប្បន្ននេះ មាន៦គម្រោងធំៗដែលរួមមានគម្រោងរម្មណីដ្ឋានដូងទេ និងគម្រោង River Park និងម្រោងធំៗ៤ផ្សេងទៀតដែលកំពុងដំណើរការសាងសង់ នៅក្នុងក្រុងកំពត រួមមាន គម្រោងអគារសណ្ឋាគារ និងអាផាតអាមិន ចំនួន៣ និងគម្រោងរម្មណីយដ្ឋានដ៏ធំផ្សងទៀត។
លោកបន្តថា ដោយឡែកក៏មានគម្រោង ដែលកំពុងអនុវត្តនៅខាងលិចក្រុងកំពតមួយទៀត ដែលរដ្ឋបាលខេត្តកំពុងជំរុញឱ្យមានការសាងសង់នៅឆ្នេរខ្សាច់ ក្នុងនោះក៏មានគម្រោងលើហេដ្ឋារចនាសម្ព័ន្ធដ៏ធំ គឺកំពង់ផែទឹកជ្រៅដែលទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនថែមទៀត។
លោកបន្ថែមទៀតថា គម្រោងទាំងនេះ បាននិងកំពុងសាងសង់យ៉ាងសកម្ម ដើម្បីឆ្លើយកំណើនភ្ញៀវទេសចរណ៍ និងតម្រូវការនៃសេវាកម្ម ក៏មានកើនឡើងសម្រាប់ភ្ញៀវទេសចរណ៍ស្របទៅកម្រិតមធ្យម លើមធ្យម និងកម្រិតខ្ពស់ ។ បន្ថែមពីនេះ គម្រោងទាំងនេះ ក៏នឹងចូលរួមជួយជំរុញលើកកម្ពស់សេវាកម្មទេសចរណ៍ ក្នុងការប្រកួតប្រជែងនៅក្នុងកម្រិតជាតិ និងតំបន់។
លោកបន្ថែមទៀតថា តាមផែនការសម្រាប់គម្រោងកំពង់ផែទឹកជ្រៅ ដែលបាននឹងកំពុងសាងសង់នេះ មិនត្រឹមតែជួយសម្រួលលំហូភ្ញៀវទេសចរណ៍ នៅក្នុងប្រទេសដឹកទៅកាន់កោះនានានោះទេ ថែមទាំងតភ្ជាប់ទៅកាន់ប្រទេសជិតខាងផងដែរ ដែលអាចជួយឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំងថែមទៀតសម្រាប់ខេត្តកំពត។

លោកធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក បានឱ្យដឹងដែរថា នៅពេលដែលមានគម្រោងវិនិយោគធំៗ បែបទេសចរណ៍ច្រើនបែបនេះ នៅក្នុងខេត្តកំពត ឬនៅខេត្តកែប វាគឺជាចំណុចល្អដល់វិស័យទេសចរណ៍ និងបង្កើនដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងផ្នែកសេវាកម្មផ្សេងៗទៀត។
លោកបន្តថា ប៉ុន្តែរដ្ឋាភិបាលក៏គួតែរៀនសូត្រពីខេត្តសៀមរាបផងដែរ ជុំវិញការសាងសង់សណ្ឋាគារ និងផ្ទះសំណាក់លើសពីតម្រូវការ ។ លោកបន្តថា “ឱ្យតែមានអ្នកវិនិយោគមកវិនិយោគ ហើយចេះតែអូខេៗនោះទេ យើងត្រូវពិនិត្យតើពួកគាត់ធ្វើក្នុងទ្រង់ទ្រាយបែបណា? តើមានការសិក្សាជាក់លាក់ហើយឬនៅ? កុំឱ្យមានការសាងសង់លើសពីតម្រូវការ” ។
លោកធួន ស៊ីណាន បញ្ជាក់ទៀតថា ក្រោយពីបញ្ចប់គម្រោងសណ្ឋាគារ និងរមណីយដ្ឋានទាំងនេះ ខេត្តកំពតនឹងប្រែមុខប្រែមាត់កាន់ខ្លាំងក្លា មិនត្រឹមត្រូវប៉ុណ្ណោះ វាជួយជំរុញសេដ្ឋកិច្ចទូទៅនៅក្នុងខេត្ត ជាមួយនឹងប្រែមុខមាត់ថ្មី តាមរយៈការផ្តល់សេវាកម្មសំខាន់ផ្សេងៗ ដល់ភ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្ត។

បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បញ្ជាក់ទៀតថា ក្រៅពីគម្រោងធំៗទាំង ៦ នៅក្នុងក្រុងកំពត ក៏មានគម្រោងតូចៗ ធម្យមៗ ផ្សេងៗជាច្រើនទៀតបាននឹងកំពុងអនុវត្តនៅតាមតំបន់ទេសចរណ៍ នៅក្នុងខេត្តកំពតនេះផងដែរ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារទេសចរណ៍៕