ដោយ វុត្ថា
ភ្នំពេញៈ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាច្រើនបាននឹងកំពុងសម្រុកទៅលេងកម្សាន្ត នៅតាមរមណីយដ្ឋាននានានៅទូទាំងប្រទេស សម្រាប់ឪកាសចូលឆ្នាំសកល ឆ្នាំ ២០២០ នេះ ខណរដ្ឋបាលខេត្តក្រុងរបស់ប្រទេសកម្ពុជា បានរៀបចំពិធីឆ្លងឆ្នាំយ៉ាងជូនភ្ញៀវទេសចរណ៍កម្សាន្ត។
លោកតាំង សុចិត្រក្រិស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ៣១ ខែធ្នូនេះ ឱ្យដឹងថា មកដល់ពេលនេះ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានកក់បន្ទប់សណ្ឋាគារ និងផ្ទះសំណាក់ជាច្រើន ដែលមកលេងកំសាន្តក្នុងពិធីឆ្លងឆ្នាំ សកល២០២០។
លោកបន្តថា “ភាគច្រើនពួកគេទៅលេងនៅលើកោះ ដែលធ្វើកក់បន្ទប់សណ្ឋាគារ និងផ្ទះសំណាក់អស់ហើយ ដែលត្រូវមានការបោះតង់បន្ថែមទៀត”។
លោកបន្តថា សម្រាប់បន្ទប់សណ្ឋាគារ និងផ្ទះសំណាក់ នៅក្នុងក្រុងព្រះសីហនុ គឺមិនទាន់អស់នៅឡើយទេ ពីព្រោះភាគច្រើនគេទៅលេងកោះ ជាពិសេសរមណីយដ្ឋានកោះរ៉ុង។
ចំណែកលោកសយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងដែរថា សម្រាប់បន្ទប់សណ្ឋាគារ និងផ្ទះសំណាក់នៅក្នុងខេត្តកំពតនេះ មានការកក់បណ្តើរៗហើយ ចាប់តាំងពីម្សិលមិញមកមកម្លេះ ខណៈខេត្តក៏បានត្រៀមស្វាគមន៍ទទួលភ្ញៀវទេសចរណ៍ដោយមានការរៀបចំពិធីឆ្លងឆ្នាំសាកល២០២០ នេះ។
លោកបន្តថា “ការត្រៀមរៀបចំទទួលនេះ មានទាំងការប្រគុំតន្ត្រី និងកាំជ្រួចសម្រាប់បាញ់នាពេលរាត្រី ដើម្បីឱ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានកម្សាន្តរីករាយ”។
ងាកទៅកាន់ភូមិភាគឥសាន្តវិញ លោក ង៉ែត វិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានឱ្យដឹងដែរថា សម្រាប់ខេត្តភូមិភាគឥសាន្តនេះ គឺមានភ្ញៀវទេសចរណ៍ដែលមកពីភ្នំពេញ និងតាមបណ្តាខេត្តនានា បានកក់បន្ទប់សណ្ឋាគារ និងផ្ទះសំណាក់បានប្រមាណ ៦០ ភាគរយហើយមកដល់ពេលនេះ និងបន្តកក់បន្ថែមទៀត។
លោកបន្តថា នៅឆ្នាំនេះខេត្តរតនគិរី ក៏មានរៀបចំពិធីឆ្លងឆ្នាំសកល២០២០ផងដែរ ដោយមានការប្រគុំតន្ត្រី និងបាច់កាំជ្រូច ជាច្រើនគ្រាប់ផងដែរដើម្បីស្វាគមន៍ឆ្នាំថ្មី ឆ្នាំ សកល២០២០នេះ ។
ចំណែក លោកង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប មិនបានប្រាប់ពីចំនួនភ្ញៀវទេសចរណ៍ដែលកក់បន្ទប់នោះទេ ដោយលោកថា មិនទាន់ទទួលរបាយកាណ៍ពីតាមបណ្តាសណ្ឋាគារ និងផ្ទះសំណាក់។
បើតាមរដ្ឋបាលខេត្តសៀមរាបបានឲ្យដឹងថា អាជ្ញាធរខេត្តបានរៀបចំ តុបតែង និងកែលម្អសោភ័ណភាពក្រុងសៀមរាបរួចរាល់ ដើម្បីអបអរសាទរបុណ្យឆ្លងឆ្នាំសកល ឆ្នា២០២០នាពេលខាងមុខនេះ។
ជាមួយគ្នានេះ ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលរួមរាប់ថយក្រោយទាំងអស់គ្នានារាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២០ នៅសួនច្បារខាងជើងព្រះរាជដំណាក់ខេត្តសៀមរាបឱ្យបានច្រើនកុះករ៕