ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ បច្ចុប្បន្ននេះមានមនុស្សជាច្រើន បាន និងកំពុងតែចាប់អារម្មណ៍ចង់ចូលប្រឡូកនៅក្នុងវិស័យអចលនទ្រព្យក្នុងរូបភាពជាភ្នាក់ងារ និងជាអ្នកវិនិយោគ ដោយសារតែសម្លឹងឃើញពីផលប្រយោជន៍ដ៏ធំដែលទទួលបានពីវិស័យមួយនេះ។

វាមិនមែនជារឿងសាមញ្ញ និងអាចទទួលបានប្រយោជន៍យ៉ាងងាយស្រួលនោះទេប្រសិនបើអ្នកមិនមានជំនាញ និងមិនបានសិក្សាពីវិស័យអចលនទ្រព្យឱ្យស៊ីជម្រៅមុនពេលចូលប្រឡូកនៅលើទីផ្សារ។ អ្នកជំនាញ ដែលធ្លាប់មានបទពិសោធន៍នៅក្នុងវិស័យដែលកំពុងតែមានភាពផុសផុលមួយនេះបានចែករំលែកថា មិនថាទោះជាអ្នកចង់អភិវឌ្ឍន៍នៅក្នុងវិស័យមួយនេះក្នុងនាមជាអ្នកវិនិយោគ ឬជាភ្នាក់ងារនោះ ប៉ុន្តែអ្នកគួរតែសិក្សា និងស្វែងយល់ឱ្យបានលម្អិតជាមុនសិនទើបអាចទទួលបានផ្លែផ្កា និងគេចផុតពីហានិភ័យ។
ស្ថាបនិក និងជាអគ្គនាយកគេហទំព័រអចលនទ្រព្យ www.propertyarea.asia និងជាអ្នកវិភាគសេដ្ឋកិច្ច អចលនទ្រព្យ កម្ពុជា ដែលកំពុងតែទទួលបានផ្លែផ្កាពីការចូលប្រឡូកនៅក្នុងវិស័យអចលនទ្រព្យ លោក យិន លាងគង់ បានមានប្រសាសន៍ថា “មុនពេលចូលចាប់អាជីពនៅក្នុងវិស័យនេះ ដំបូងឡើយត្រូវតែរៀនស្វែងយល់ឱ្យបានច្បាស់សិនថា តើអ្វីទៅជាអចលនទ្រព្យ តើអចលនទ្រព្យមានពាក់ព័ន្ធទៅនឹងច្បាប់អ្វីខ្លះ ហើយថាតើគួរមានទំនាក់បែបណា ជាមួយអ្នកណា”។

លោក យិន លាងគង់បានលើកឡើងថា ប្រសិនបើធ្វើជាភ្នាក់ងារ គាត់ត្រូវស្វែងយល់ពីរបៀបវាយតម្លៃ និងមើលពីស្ថានភាពទូទៅនៃអចលនទ្រព្យ ចេះពីបច្ចេកទេសនៃការវាស់វែង យល់ច្បាស់ពីច្បាប់ភូមិបាលដើម្បីងាយស្រួលក្នុងការរៀបចំឯកសារ និងរត់ការ ជាពិសេសមានចំណេះដឹងទូលំទូលាយ ចេះពីរបៀបរបបនៃវិធីសាស្ត្រចរចាជាមួយអតិថិជនដែលវាជារឿងមួយដ៏សំខាន់បំផុត។ នៅក្នុងវិស័យអចលនទ្រព្យ ពួកគាត់ត្រូវធ្វើការ និងចរចាជាមួយអ្នកដែលមានឥទ្ធពល អ្នកដែលមានទ្រព្យច្រើន ដែលទាមទារឱ្យពួកគាត់ធ្វើយ៉ាងណាផ្តល់នូវទំនុកចិត្តខ្ពស់ដល់អតិថិជន។







