តំបន់ផ្លូវជាតិលេខ៤១កំពុងបង្ហាញសក្តានុពលជាមួយនឹងល្បឿនប្រជែងគ្នានឹងផ្លូវលេខ៥១

0

ដោយៈ​ ​រ៉ា​ណេត​ ​

​កំ​ពង់​ស្ពឺៈ​ ​ងាក​ចេញពី​តំបន់​ជាយក្រុង​បន្តិច​ ​តម្រូវការ​នៃ​ការប្រើ​ប្រាស់​ដី​សម្រាប់​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ ​និង​រោងចក្រ​នានា​ ​ក្រៅពី​តំបន់​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤​ ​ពិសេស​ផ្លូវជាតិ​លេខ៤១​ ​កំពុងតែ​បង្ហាញ​ពី​សក្ដានុពល​ ​និង​កំពុង​ទាក់ទាញ​លើ​ការ​វិនិយោគ​។​ ​

​បំបែកចេញ​ពី​ផ្លូវជាតិ​លេខ៤​ ​ត្រង់​ចំណុច​ផ្លូវបំបែក​ផ្សារ​ថ្នល់ទទឹង​ ​ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ៣ខេត្តកំពត​ ​តំបន់​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤១​ ​ដែល​ធ្លាប់តែ​ជា​វាលស្រែ​ដ៏​ធំ​ល្វឹងល្វើយ​ដាច់​កន្ទុយភ្នែក​ ​បាន​ប្រែរូប​រាង​ជា​ដីរាប​ស្មើ​ជាមួយនឹង​គម្រោង​អភិវឌ្ឍ​ជាច្រើន​គម្រោង​ ​ដែល​ក្នុង​ក្នុង​នោះ​រួមមាន​ដូចជា​គម្រោង​បង្កើត​រោងចក្រ​ ​សិប្បកម្ម​ ​ឃ្លាំង​ ​ដែល​ស្របតាម​ការកំណត់​ទីតាំង​របស់​រដ្ឋា​បាល​ ​ហើយក៏​មាន​គម្រោង​អភិវឌ្ឍន៍​វិស័យ​លំនៅ​ដ្ឋាន​តម្លៃ​កម្រិតមធ្យម​ ​និង​ក្រោម​មធ្យម​ផង​ដែរ​។​ ​

​ប្រធាន​សមាគម​អ្នក​វាយតម្លៃ​ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ ​លោក​ច្រឹក​ ​សុ​ខ​នីម​ ​បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​ ​កាលពី​ចុង​សប្ដាហ៍​កន្លងមក​ថា​ ​កំណាត់ផ្លូវ​ជាតិ​លេខ៤១​ ​ពេលនេះ​ ​បាន​និង​កំពុងតែ​ចាប់ផ្តើម​បង្ហាញ​ពី​សក្ដានុពល​របស់​ខ្លួន​ ​ក្នុង​ការ​ទាក់ទាញ​លើ​ការ​វិនិយោគ​ ​និង​អភិវឌ្ឍន៍​ជា​បណ្តើរ​ៗ​ហើយ​។​ ​

​លោក​បន្ត​ទៀត​ថា​ ​“​បើ​ប្រៀបធៀប​ជាមួយ​ផ្លូវជាតិ​លេខ៥១​ ​ចាប់ពី​ចំណុច​ផ្លូវបំបែក​ផ្សារ​ថ្នល់ទទឹង​ឆ្ពោះទៅ​កាន់​ផ្លូវជាតិ​លេខ៥​ ​ផ្លូវជាតិ​លេខ៤១ហាក់​នៅ​មានកម្រិត​បន្តិច​ ​ព្រោះ​ផ្លូវ​លេខ៥១មានការ​អភិវឌ្ឍន៍​ ​និង​មាន​ចំនួន​ប្រជាជន​ច្រើនជាង​”​។​ ​

​លោក​ ​ច្រឹក​ ​សុ​ខ​នីម​ ​បាន​បន្ត​ថា​ ​ពេលនេះ​តំបន់​ផ្លូវជាតិ​លេខ៤១​ ​ទើបតែ​ចាប់ផ្តើម​បង្ហាញ​ពី​សក្ដានុពល​ ​និង​ភាព​ទាក់ទាញ​ ​ហើយ​តម្លៃ​ដីធ្លី​ក៏​នៅ​មានកម្រិត​ ​ដែល​វា​ជា​ឱកាស​ដ៏​ល្អ​ ​សម្រាប់​បណ្តា​អ្នក​ដែល​មាន​បំណង់​ចង់​វិនិយោគ​ ​ក្នុងរយៈពេល​វែង​ ​ហើយ​តំបន់​នេះ​នៅ​មិនយូរ​ទៀត​នោះ​ទេ​ ​នឹង​ត្រូវ​បាន​បំពេញ​ទៅ​ដោយ​វត្តមាន​គម្រោង​អភិវឌ្ឍន៍​នានា​ដូចជា​រោងចក្រ​ ​តំបន់ឧស្សាហកម្ម​ ​ឃ្លាំង​ ​និង​បណ្តុំ​លំនៅ​ដ្ឋាន​ដែល​មានតម្លៃ​មធ្យម​ ​និង​ក្រោម​មធ្យម​ ​ខណៈ​ដែល​ពេលនេះ​ដី​ដែល​ស្ថិតនៅ​ជាប់​ផ្លូវ​ធំ​ ​មាន​គម្រោង​ពុះ​ដី​ឡូ​តិ៍​ភាគច្រើន​។​ ​

​ដោយឡែក​ពាក់ព័ន្ធ​ទៅ​នឹង​តម្លៃ​ដីធ្លី​វិញ​ ​ត្រូវ​បាន​លោក​បញ្ជាក់​ប្រាប់​ថា​ ​នៅ​មានតម្លៃ​ទាប​នៅឡើយ​ ​ពោល​គឺ​មាន​ចម្ងាយ​ចាប់ពី១០​-​១៥គីឡូម៉ែត្រ​ពី​ចំណុច​ផ្លូវបំបែក​ផ្សារ​ថ្នល់ទទឹង​អាច​ក្នុងរង្វង់១៥០​-​២០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ​ហើយ​ចម្ងាយ​កាន់តែ​ឆ្ងាយ​ជាង​នេះ​កាន់តែ​ធូរ​ថ្លៃ​ ​រហូត​ជិតដល់​តំបន់​ទីប្រជុំជន​ផ្សារ​ទើប​តម្លៃ​ចាប់ផ្តើម​ថ្លៃ​វិញ​។​ ​

​អភិបាលខេត្ត​កំពង់ស្ពឺ​ ​លោក​ ​វ៉ី​ ​សំណាង​ ​បាន​ទទួលស្គាល់​ពី​តម្រូវការ​នៃ​ការប្រើ​ប្រាស់​ដី​នៅ​តំបន់​ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ៤១​ ​ដោយ​លោក​បាន​អះអាង​ថា​ ​ភាគច្រើន​គម្រោង​នៅ​តំបន់​នេះ​ ​ជា​គម្រោង​បង្កើត​ទីតាំង​រោងចក្រ​ច្រើនជាង​លំនៅ​ដ្ឋាន​។​ ​

​លោក​បាន​ឲ្យដឹង​ថា​ ​នៅ​តំបន់​ហ្នឹង​ភាគច្រើន​ជា​គម្រោង​រោងចក្រ​ ​និង​សិប្បកម្ម​កម្រិត​តូច​ ​និង​មធ្យម​ ​ហើយ​ចំពោះ​គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋាន​ ​នៅ​មិនទាន់​មាន​លក្ខណៈ​ធំដុំ​នៅឡើយ​នោះ​ទេ​។​ ​លោក​បាន​បន្ត​ទៀត​ថា​ ​តាម​ការ​ស្នើសុំ​ពីសំណាក់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ ​ក៏ដូចជា​ការសម្រេច​អនុម័ត​របស់​រដ្ឋាភិបាល​ ​តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​CDC​ ​កាលពី​ពេល​កន្លងទៅ​នេះ​ ​ភាគច្រើន​រោងចក្រ​ដែល​ទៅ​តាំងនៅ​តាម​តំបន់​ផ្លូវ​លេខ៤១​ ​ជា​រោងចក្រ​ផលិត​ស្បែកជើង​ ​រោងចក្រ​ផលិត​កាបូប​ ​រោងចក្រ​ផលិត​គ្រឿង​បង្គុំ​ ​និង​រោងចក្រ​ផលិត​គ្រឿង​បរិ​ក្ខា​អគ្គិសនី​ ​ហើយ​ក្រៅពី​នេះ​ ​ជា​ប្រភេទ​សិប្បកម្ម​កម្រិត​តូច​ ​និង​មធ្យម​។​ ​

​បច្ចុប្បន្ន​នេះ​ ​នៅ​ទូទាំង​ខេត្ត​កំពង់ស្ពឺ​ ​មាន​រោងចក្រ​ ​សហគ្រាស​ ​និង​សិប្បកម្ម​តូច​ធំ​កំពុងតែ​ដំណើរការ​ប្រមាណ២៧០ទីតាំង​ ​ដោយ​ផ្តល់​ការងារ​ជាង១៣ម៉ឺន​កន្លែង​ ​និង​មាន​កំណើនប្រជាជន​សរុប​រហូតដល់​ជាង៨៧ម៉ឺន​នាក់​។​ ​ដោយឡែក​ទំហំ​ទឹកប្រាក់​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ ​ដែល​ចំណាយ​ជាប្រចាំ​ខែ​សម្រាប់​កម្មករ​-​កម្មការិនី​ ​មាន​ចំនួន​មិន​ក្រោម៣៣លាន​ដុល្លារ​នោះ​ទេ​ ​ខណៈ​ដែល​នៅ​មាន​គម្រោង​រោង​ចក្រ​ផ្សេង​ៗ​ទៀ​ ​ត​ប្រមាណ១០០គម្រោង​កំពុងតែ​ត្រៀមខ្លួន​ ​ដំណើរការ​នៅក្នុង​ឆ្នាំនេះ​ ​និង​ឆ្នាំ​បន្ទាប់​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here