ដោយៈ រ៉ាណេត
កំពង់ស្ពឺៈ ងាកចេញពីតំបន់ជាយក្រុងបន្តិច តម្រូវការនៃការប្រើប្រាស់ដីសម្រាប់អភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងរោងចក្រនានា ក្រៅពីតំបន់ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ពិសេសផ្លូវជាតិលេខ៤១ កំពុងតែបង្ហាញពីសក្ដានុពល និងកំពុងទាក់ទាញលើការវិនិយោគ។

បំបែកចេញពីផ្លូវជាតិលេខ៤ ត្រង់ចំណុចផ្លូវបំបែកផ្សារថ្នល់ទទឹង ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៣ខេត្តកំពត តំបន់ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤១ ដែលធ្លាប់តែជាវាលស្រែដ៏ធំល្វឹងល្វើយដាច់កន្ទុយភ្នែក បានប្រែរូបរាងជាដីរាបស្មើជាមួយនឹងគម្រោងអភិវឌ្ឍជាច្រើនគម្រោង ដែលក្នុងក្នុងនោះរួមមានដូចជាគម្រោងបង្កើតរោងចក្រ សិប្បកម្ម ឃ្លាំង ដែលស្របតាមការកំណត់ទីតាំងរបស់រដ្ឋាបាល ហើយក៏មានគម្រោងអភិវឌ្ឍន៍វិស័យលំនៅដ្ឋានតម្លៃកម្រិតមធ្យម និងក្រោមមធ្យមផងដែរ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទ កាលពីចុងសប្ដាហ៍កន្លងមកថា កំណាត់ផ្លូវជាតិលេខ៤១ ពេលនេះ បាននិងកំពុងតែចាប់ផ្តើមបង្ហាញពីសក្ដានុពលរបស់ខ្លួន ក្នុងការទាក់ទាញលើការវិនិយោគ និងអភិវឌ្ឍន៍ជាបណ្តើរៗហើយ។
លោកបន្តទៀតថា “បើប្រៀបធៀបជាមួយផ្លូវជាតិលេខ៥១ ចាប់ពីចំណុចផ្លូវបំបែកផ្សារថ្នល់ទទឹងឆ្ពោះទៅកាន់ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៤១ហាក់នៅមានកម្រិតបន្តិច ព្រោះផ្លូវលេខ៥១មានការអភិវឌ្ឍន៍ និងមានចំនួនប្រជាជនច្រើនជាង”។
លោក ច្រឹក សុខនីម បានបន្តថា ពេលនេះតំបន់ផ្លូវជាតិលេខ៤១ ទើបតែចាប់ផ្តើមបង្ហាញពីសក្ដានុពល និងភាពទាក់ទាញ ហើយតម្លៃដីធ្លីក៏នៅមានកម្រិត ដែលវាជាឱកាសដ៏ល្អ សម្រាប់បណ្តាអ្នកដែលមានបំណង់ចង់វិនិយោគ ក្នុងរយៈពេលវែង ហើយតំបន់នេះនៅមិនយូរទៀតនោះទេ នឹងត្រូវបានបំពេញទៅដោយវត្តមានគម្រោងអភិវឌ្ឍន៍នានាដូចជារោងចក្រ តំបន់ឧស្សាហកម្ម ឃ្លាំង និងបណ្តុំលំនៅដ្ឋានដែលមានតម្លៃមធ្យម និងក្រោមមធ្យម ខណៈដែលពេលនេះដីដែលស្ថិតនៅជាប់ផ្លូវធំ មានគម្រោងពុះដីឡូតិ៍ភាគច្រើន។
ដោយឡែកពាក់ព័ន្ធទៅនឹងតម្លៃដីធ្លីវិញ ត្រូវបានលោកបញ្ជាក់ប្រាប់ថា នៅមានតម្លៃទាបនៅឡើយ ពោលគឺមានចម្ងាយចាប់ពី១០-១៥គីឡូម៉ែត្រពីចំណុចផ្លូវបំបែកផ្សារថ្នល់ទទឹងអាចក្នុងរង្វង់១៥០-២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយចម្ងាយកាន់តែឆ្ងាយជាងនេះកាន់តែធូរថ្លៃ រហូតជិតដល់តំបន់ទីប្រជុំជនផ្សារទើបតម្លៃចាប់ផ្តើមថ្លៃវិញ។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានទទួលស្គាល់ពីតម្រូវការនៃការប្រើប្រាស់ដីនៅតំបន់ស្ថិតតាមបណ្តោយផ្លូវជាតិ៤១ ដោយលោកបានអះអាងថា ភាគច្រើនគម្រោងនៅតំបន់នេះ ជាគម្រោងបង្កើតទីតាំងរោងចក្រច្រើនជាងលំនៅដ្ឋាន។
លោកបានឲ្យដឹងថា នៅតំបន់ហ្នឹងភាគច្រើនជាគម្រោងរោងចក្រ និងសិប្បកម្មកម្រិតតូច និងមធ្យម ហើយចំពោះគម្រោងអភិវឌ្ឍលំនៅដ្ឋាន នៅមិនទាន់មានលក្ខណៈធំដុំនៅឡើយនោះទេ។ លោកបានបន្តទៀតថា តាមការស្នើសុំពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍ ក៏ដូចជាការសម្រេចអនុម័តរបស់រដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC កាលពីពេលកន្លងទៅនេះ ភាគច្រើនរោងចក្រដែលទៅតាំងនៅតាមតំបន់ផ្លូវលេខ៤១ ជារោងចក្រផលិតស្បែកជើង រោងចក្រផលិតកាបូប រោងចក្រផលិតគ្រឿងបង្គុំ និងរោងចក្រផលិតគ្រឿងបរិក្ខាអគ្គិសនី ហើយក្រៅពីនេះ ជាប្រភេទសិប្បកម្មកម្រិតតូច និងមធ្យម។
បច្ចុប្បន្ននេះ នៅទូទាំងខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាស និងសិប្បកម្មតូចធំកំពុងតែដំណើរការប្រមាណ២៧០ទីតាំង ដោយផ្តល់ការងារជាង១៣ម៉ឺនកន្លែង និងមានកំណើនប្រជាជនសរុបរហូតដល់ជាង៨៧ម៉ឺននាក់។ ដោយឡែកទំហំទឹកប្រាក់នៅក្នុងវិស័យឧស្សាហកម្ម ដែលចំណាយជាប្រចាំខែសម្រាប់កម្មករ-កម្មការិនី មានចំនួនមិនក្រោម៣៣លានដុល្លារនោះទេ ខណៈដែលនៅមានគម្រោងរោងចក្រផ្សេងៗទៀ តប្រមាណ១០០គម្រោងកំពុងតែត្រៀមខ្លួន ដំណើរការនៅក្នុងឆ្នាំនេះ និងឆ្នាំបន្ទាប់៕






