ដោយ ៖ រ៉ាណេត
សៀមរាប ៖ យុទ្ធនាការនៃការពង្រឹងភូមិ ឃុំមានសុវត្ថិភាព ដោយផ្តើមចេញពីការបំភ្លឺអំពូលនៅតាមផ្ទះនីមួយៗនៅទូទាំងស្រុកបន្ទាយស្រី ខេត្តសៀមរាប ចំនួន១ម៉ឺនខ្នង ត្រូវបានចាប់ផ្តើមអនុវត្តជាជំហានដំបូងនៅក្នុងភូមិព្រះដាក់ គ្រោងនឹងបញ្ចប់នៅត្រឹមដំណាច់ខែមករា ឆ្នាំ២០២០ខាងមុខ។
យុទ្ធនាការ “ផ្ទះ១ អំពូល១” ដំណាក់កាលសាកល្បង ដែលមកដល់ពេលនេះក្រុមការងារកំពុងតែសស្រាក់សស្រាំរួសរាន់បញ្ចប់ការបំពាក់អំពូលសូឡាតាមផ្ទះជូនប្រជាពលរដ្ឋនៅក្នុងភូមិគំរូមួយនេះ អោយបានមុនដំណាច់ខែមករាតាមផែនការកំណត់។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់ថា មានរឿងដ៏គួរអោយភ្ញាក់ផ្អើលមួយ ដែលឆ្លុះបញ្ជាំងពីការចូលរួមនិងភាពជាម្ចាស់របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិព្រះដាក់ នោះគឺការចូលរួមគាំទ្រពីសំណាក់អ្នកភូមិ តាមរយះការជួយជីករណ្តៅបង្គោលទម្រអំពូល កាប់មែកឈើដែលបាំងពន្លឺថ្ងៃ និងមានផ្ទះមួយចំនួនធំបានថែមទាំងចេញចំណាយថ្លៃសុីម៉ង់ត៍ ថ្មល្អិត និងខ្សាច់សម្រាប់ចាក់ការពារជើងអំពូលដោយខ្លួនឯងទៀតផង បើទោះជាក្នុងដំណាក់សាកល្បងនេះ ពួកគាត់មិនត្រូវបានតម្រូវអោយចូលរួមអ្វីនោះឡើយ។
លោកបាន បន្តថា
បន្តថា បើទោះជាបញ្ហាមួយចំនួន តែសប្បាយចិត្តពេលដែលអ្វីៗដំណើរការទៅដូចការរំពឹងទុក ប្រភេទអំពូលភ្លឺគ្រប់គ្រាន់ ដងទម្រខ្ពស់និងរឹងមាំសមល្មម ជាពិសេសប្រជាពលរដ្ឋមានការសាទរពេញចិត្តចំពោះយុទ្ធនាការនេះ ដោយមើលឃើញពីអត្ថប្រយោជន៍ផ្ទាល់ដល់ផ្ទះរបស់គាត់ផង ក៏ដូចជាប្រយោជន៍រួមដល់ភូមិទាំងមូលផងដែរ។
ក្រុមការងារជំនាញ នឹងកែសម្រួលបញ្ចប់ការតម្លើងគ្រប់ផ្ទះទាំង ៥១៨ នៅក្នុងភូមិព្រះដាក់ទាំងមូល ត្រឹមដំណាច់ចុងខែមករានេះ ហើយនឹងធ្វើការវាយតម្លៃជារួមលើលទ្ធផលនៃភូមិសាកល្បងមួយនេះ មុននឹងបន្តអនុវត្តនៅក្នុងភូមិនិងឃុំដទៃទៀត។ បើមិនអ្វីប្រែប្រួលទេ ខ្ញុំសង្ឃឹមថា យើងនឹងឈានទៅដល់ការសម្រេចបានផ្ទះទាំង១០០០០ខ្នង នៅទូទាំងស្រុកបន្ទាយស្រីក្នុងឆ្នាំ២០២០នេះ តាមផែនការគ្រោងទុក៕