អាជ្ញាធរខេត្តកំពង់ស្ពឺស្នើសុំវិស័យឯកជនចូលរួមអភិវឌ្ឍន៍ភ្នំឳរ៉ាល់ដែលជាភ្នំខ្ពស់ជាងគេនៅកម្ពុជា

0

ដោយៈ រ៉ាណេត

កំពង់ស្ពឺៈ ឱរ៉ាល់ដែលជាភ្នំខ្ពស់ជាងគេនៅកម្ពុជា មានកំពស់រហូតដល់១៨១៣ម៉ែត្រ ត្រូវបានអាជ្ញាធរខេត្តកំពង់ស្ពឺ ស្នើសុំឲ្យមានការចូលរួមវិនិយោគពីវិស័យឯកជន ខណៈភ្នំនេះពោរពេញទៅដោយសម្រស់ធម្មជាតិយ៉ាងត្រកាល។

ភ្នំឱរ៉ាល់ ដែលស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានជាប់នៅក្នុងកំណត់ត្រាភ្នំដែលខ្ពស់ជាងគេ១ក្នុងចំណោម១០ប្រចាំនៅក្នុងតំបន់អាស៊ី ដែលមានកម្ពស់រហូតដល់ ១៨១៣ ម៉ែត្រ និងមានភាពទាក់ទាញទៅលើវិស័យទេសចរណ៍ធម្មជាតិ។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានទទួលស្គាល់ពីភាពទាក់ទាញ និងសក្ដានុពលរបស់ភ្នំឱរ៉ាល់ ហើយក្នុងស្ថិតនៅក្នុងគម្រោងរបស់រដ្ឋបាលខេត្ត ដែលនឹងធ្វើការអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍កម្សាន្តបែបធម្មជាតិផងដែរ។

លោក វ៉ី សំណាង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទ កាលពីដើមសប្ដាហ៍នេះថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តកំពុងតែធ្វើការសិក្សា ស្វែងយល់ពីសក្ដានុពលនៅក្នុងវិស័យទេសចរណ៍ជាជំហ៊ានដំបូង ដោយមានមន្ត្រីជំនាញរបស់ខេត្តមួយក្រុង ចុះធ្វើការបានមួយដំណាក់កាលរួចហើយ។

លោកបានបន្តថា “មុនពេលធ្វើការវិនិយោគ យើងត្រូវតែមានការសិក្សាឱ្យបានលម្អិតទៅលើភាពល្អប្រសើរនៃតំបន់ និងភាពរងផលប៉ះពាល់ពីការអភិវឌ្ឍ ដើម្បីមានវិធានការការពារ ចៀសវាងមានការកាប់ទន្ទ្រានយកដីតំបន់គម្របព្រៃឈើ ក៏ដូចជាតំបន់ពាក់ព័ន្ធដែលអាចនឹងក្លាយជាបញ្ហាធំ”។

លោកអភិបាលខេត្តបានបន្តទៀតថា “ខ្ញុំនឹងទៅពិនិត្យ និងសិក្សាដោយខ្លួនឯងផ្ទា​ល់រយៈពេល៣ថ្ងៃ ហើយក៏កំពុងតែស្វែងរកសប្បុរសជនចូលរួមជួយកសាងផ្លូវ និងជណ្ដើ​រឡើងផងដែរ”។ លោកបានបញ្ជាក់ទៀតថា “ការអភិវឌ្ឍតំបន់ជុំវិញ និងភ្នំឱរ៉ាល់ឱ្យទៅជាកន្លែងកម្សាន្តបែបធម្មជាតិ គឺត្រូវពឹងផ្អែកលើវិស័យឯកជនជាចម្បង ដែលក្រៅពីអាចលើកកម្ពស់សោភ័ណភាពតំបន់ អាចបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចខេត្ត ថែមទាំងអាចជួយបង្កើតជាផលិតផលទេសចរណ៍ថ្មីផងដែរ។

ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា លោក ធួន ស៊ីណាន បានបង្ហាញពីក្ដីបារម្ភ ទៅលើការបាត់បង់នូវសម្បត្តិធនធានធម្មជាតិ ដែលមាននៅតំបន់នេះ។

លោកបានបញ្ជាក់ថា “ប្រសិនបើការអភិវឌ្ឍត្រូវបានធ្វើឡើង ស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល គឺជារឿងល្អបំផុត ប៉ុន្តែខ្ញុំបារម្ភខ្លាចការអភិវឌ្ឍត្រូវបានធ្វើឡើងដោយភាពមិនស្មោះត្រង់ ដើម្បីប្រយោជន៍បុគ្គល”។ លោកថា “គម្រោងអភិវឌ្ឍន៍ខ្លះ គ្រាន់តែប្រកាសធ្វើជារូបភាពបិទបាំងផលប្រយោជន៍តែប៉ុណ្ណោះ ។ គ្រាន់តែធ្លាយគម្រោ​ងអភិវឌ្ឍនៅតំបន់ភ្នំនេះ ខ្ញុំជឿថាមានមនុស្ស និងឈ្មួញរកស៊ីដីមិនតិចនាក់នោះទេ បានធ្វើសកម្មភាពទិញ លក់ដីរួចទៅហើយ”។

លោកបានបញ្ជាក់ថា លោកគិតថា មិនចាំបាច់ធ្វើការអភិវឌ្ឍឱ្យទូលំទូលាយនៅតំបន់ភ្នំមួយនេះនោះទេ។ ប្រសិនបើចង់បង្កើតផលិតផលទេសចរណ៍ថ្មី ដែលទាញយកប្រយោជន៍ពីភ្នំឱរ៉ាល់ រដ្ឋាភិបាលគ្រាន់តែកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាជណ្ដើរឡើង ផ្លូវសម្រាប់ធ្វើដំណើរឡើងភ្នំ ជាពិសេសបង្រៀន និងអប់រំប្រជាពលរដ្ឋនៅក្នុងតំបន់ឱ្យចេះពីរបៀបលក់សេវាកម្មទេសចរណ៍ ឱ្យមានល្អក្នុងរូបភាពជាសហគមន៍ ដើម្បីធ្វើយ៉ាងណាឱ្យបង្កើនគុណភាពសេវាកម្ម ដែលទាំងអស់នេះសុទ្ធតែជារឿងចាំបាច់ក្នុងធ្វើ៕

LEAVE A REPLY

Please enter your comment!
Please enter your name here