កម្ពុជា-ចិន ឯកភាពគ្នារៀបចំព្រឹត្តិការណ៍ធំៗជំរុញកំណើនទេសចរឱ្យកាន់តែប្រសើរ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច និងឯកភាពគ្នាជាមួយថ្នាក់ដឹកនាំរបស់ប្រទេសចិនក្នុងការបង្កើត និងរៀបចំព្រឹត្តិការណ៍ធំៗនៅក្នុងប្រទេសទាំង២ ដើម្បីរឹតបណ្តឹងកិច្ចទំនាក់ទំនង និងបង្កើនកំណើនភ្ញៀវទេសចររវាងប្រទេសទាំង២ឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត។

តាមរយៈក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសកម្ពុជា បានឯកភាពគ្នាជាមួយរដ្ឋាភិបាលចិន ដែលតំណាងដោយអភិបាលរងខេត្តហឹណាន លើការបង្កើតឱ្យមានព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ និងកីឡាធំៗ ដើម្បីបង្កើនភាពទាក់ទាញ និងជំរុញកំណើនភ្ញៀវទេសចរបន្ថែមទៀត។

នៅក្នុងដំណើរទស្សនកិច្ចផ្លូវការណ៍ ដែលដឹកនាំដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅក្នុងខេត្តហឹណាន ប្រទេសចិន កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ម្សិលមិញនេះ បានជួបសវនាការជាមួយលោក ស៊ី លីអ៊ី (Xu Liyi) សមាជិកគណៈកម្មការអចិន្ត្រៃយ៍បក្សកុម្មុយនីស្ដចិនខេត្តហឺណាន និងជាលេខាធិការគណៈកម្មការបក្សក្រុងស៊ិនចូវ (Zhengzhou) និងជួបមួយលោក តាយ ប៉ាយហ័រ (DAI Baihua) អភិបាលរងខេត្តហឺណាន ដើម្បីសុំការគាំទ្រត្រៀមរៀបចំពិធីបិទ «ឆ្នាំទេសចរណ៍ និងវប្បធម៌កម្ពុជា-ចិន» និងពិភាក្សាការងារលើកិច្ចការមួយចំនួនទៀត ដើម្បីជំរុញការផ្សព្វផ្សាយទេសចរណ៍ ការទាក់ទាញវិនិយោគប្រកបដោយគុណភាពមកកាន់ប្រទេសកម្ពុជា។

លោក ថោង ខុន បានលើកឡើងថា ដោយមានការឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា និងការគាំទ្រពីក្រសួងវប្បធម៌ និងទេសចរណ៍ចិន ភាគីកម្ពុជា-ចិនបានជ្រើសរើសឆ្នាំ២០១៩ ជាឆ្នាំទេសចរណ៍ និងវប្បធម៌រួមគ្នា ដែលបានប្រារព្ធពិធីបើកកាលពីខែមករា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ ហើយនឹងរៀបចំពិធីបិទវិញនាខែមេសា ឆ្នាំ២០២០ នៅទីក្រុងស៊ិនចូវ ខេត្តហឺណាន ដែលជាខេត្តមួយដ៏ធំមានប្រជាជនប្រមាណជាង ១០០លាននាក់ និងមានកម្រិតជីវភាពរស់នៅខ្ពស់។ ជាការឆ្លើយតបនឹងសំណើរបស់កម្ពុជា ភាគីចិនបានគាំទ្រកម្ពុជាលើការជំរុញ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ក៏ដូចពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់ប្រសើរឡើង ស្របតាមស្មារតីនៃសហគមន៍វាសនារួមនៃប្រជាជាតិកម្ពុជា-ចិន៖

១៖ សហការគាំទ្ររៀបចំកម្មវិធីបិទឆ្នាំទេសចរណ៍ និងវប្បធម៌កម្ពុជា-ចិន ដែលនឹងអាចរៀបចំឡើងនាដើមខែមេសា ឆ្នាំ២០២០ ខាងមុខ។
២៖ គាំទ្រការប្រកាសបើកឲ្យមានមហោស្រពវប្បធម៌ និងទេសចរណ៍កម្ពុជាប្រចាំឆ្នាំនៅខេត្តហឺណាន។
៣៖ សម្របសម្រួលឲ្យមានការហោះហើរត្រង់ នៃក្រុមហ៊ុនអាកាសចរណ៍កម្ពុជា អង្គរ អែរ និងអាកាសចរណ៍កម្ពុជាផ្សេងទៀតឱ្យបើកការហោះហើរត្រង់រវាងកម្ពុជា និងក្រុងស៊ិនចូវឲ្យបានទាន់កម្មវិធីបិទឆ្នាំទេសចរណ៍ និងវប្បធម៌ខាងមុខនេះ។
៤៖ ចំពោះមុខ ភាគីចិននឹងផ្ដល់កិច្ចសហការឲ្យមានការិយាល័យតំណាងទេសចរណ៍កម្ពុជានៅក្រុងស៊ិនចូវ ហើយភាគីចិនគាំទ្រសហការជំរុញគំនិតផ្ដួចផ្ដើមបង្កើតអគ្គកុងស៊ុលកម្ពុជានៅទីក្រុងស៊ិនចូវ។
៥៖ ដោយខេត្តហឺណាន់ជាដើមកំណើតនៃទីតាំងវត្តសាវលីញ ដែលមានការបង្ហាត់បង្រៀនក្បាច់គុនកុងហ៊្វូ វូស៊ូ (Wushu) លោកអភិបាលខេត្តបានសន្យាថានឹងជួយបណ្តុះបណ្តាលកីឡាករ និងគ្រូបង្ហាត់កម្ពុជាផងដែរ។
សូមរំលឹកថា កាលពីឆ្នាំ២០១៩ កម្ពុជាទទួលទេសចរអន្តរជាតិប្រមាណ ៦.៧លាននាក់ ក្នុងកំណើនជាង ៨% ក្នុងនោះទេសចរចិនមានប្រមាណ ២.៥លាននាក់ ក្នុងអត្រាកំណើន ២៥%៕

LEAVE A REPLY

Please enter your comment!
Please enter your name here