ចំណេះដឹង! តើប័ណ្ណស្លាបមាន់មានសុពលភាពដូចម្តេច?

0

ដោយវុត្ថា

ភ្នំពេញៈ  វិញ្ញាបនបត្រសម្គាល់អចលនទ្រព្យ ឬប័ណ្ណសម្គាល់អចលនវត្ថុមានសារៈសំខាន់ណាស់ ដើម្បីយកមកប្រើប្រាស់ជាមូលដ្ឋានច្បាប់ និងប្រើប្រាស់ជាឯកសារទិញលក់អចលនទ្រព្យនានា ថ្ងៃនេះគេហទំព័រPropertyarea.asia សូមលើកយកនូវប័ណ្ណមួយប្រភេទ គឺប័ណ្ណស្លាបមាន់ ដែលនៅមានការប្រើប្រាស់នាពេលបច្ចុប្បន្ននេះ។

ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាសដីធ្លី ឬគេនិយមហៅថា ប័ណ្ណស្លាបមាន់ ឬចុងសន្លឹក។ ប័ណ្ណប្រភេទនេះ ជាប័ណ្ណដីធ្លីដែលចេញមុនគេបង្អស់ ក្រោយរបបខ្មែរក្រហមបានដួលរលំ។

ប័ណ្ណប្រភេទនេះ ត្រូវបានចេញនូវចន្លោះឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៥ ដែលចេញដោយអតីតការិយាល័យសុរិយោដីខេត្ត-ក្រុង ហើយការិយាល័យសុរិយោដី កាលនោះ ស្ថិតនៅក្រោមក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។

ប័ណ្ណប្រភេទនេះ គេឃើញអាជ្ញាធរសុរិយោដី ចេញជូនអ្នកកាន់កាប់ដីនៅទូទាំងប្រទេសកម្ពុជា ទាំងប្រភេទដីកសិកម្ម ដីភូមិ ឬដីលំនៅដ្ឋានគ្រប់ប្រភេទ ហើយប្លង់ប្រភេទនេះ នៅមានសុពលភាពប្រើប្រាស់រហូតដល់បច្ចុប្បន្ន។

ប្រសិនបើដីនៅតំបន់នោះមិនទាន់ស្នើ សុំចុះបញ្ជីដីលក្ខណៈដាច់ដោយដុំ និងមិនទាន់បានចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធទេនោះ គឺប័ណ្ណឬប្លង់ប្រភេទនេះ នៅមានសុពលភាពប្រើប្រាស់ ទាំងការបញ្ជាក់ពីភោគៈស្របច្បាប់ការដាក់បញ្ចាំ ដាក់ហ៊ីប៉ូតែក ផ្ទេរ ចែកមរតក និងការដាក់ធានាគ្រប់ប្រតិបត្តិការបាន ប៉ុន្តែវាមានសុពលភាពត្រឹមតែជាប័ណ្ណភោគៈប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here