ដោយស៊ីវ ម៉េង
ភ្នំពេញៈ រដ្ឋាភិបាលបាននិងកំពុងចាប់ផ្តើមសិក្សាលើការងារបឋម ទាក់ទងនឹងគំរោងសាងសង់ព្រលានយន្តហោះ ក្នុងខេត្តមណ្ឌលគិរី ដើម្បីឈានទៅគូប្លង់គំរោងព្រលានយន្តហោះនេះនាពេលខាងមុខ។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស៊ិន ចាន់់សិរីវុត្ថា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៩ មករាកន្លងមកថា ការសិក្សាបឋមបានចាប់ផ្តើមសិក្សាហើយ លើគំរោងព្រលានយន្តហោះជាលើកដំបូង នៅខេត្តមណ្ឌលគិរីនេះ ប៉ុន្តែការសិក្សាចប់នៅពេលណា និងចាប់ផ្តើមសាងសង់នៅពេលណា លោកមិនបញ្ជាក់់ឲ្យដឹងនៅឡើយទេ។
លោកបន្តថា “រហូតមកទល់ពេលនេះ ខ្ញុំមិនទាន់ដឹងថាការសាងសង់ព្រលាននេះនឹងចាប់ផ្តើមនៅពេលណាពិតប្រាកដទេ គ្រាន់តែការងារដំបូងបានចាប់ផ្តើមជាមួយការសិក្សាកម្រិតបឋមសិន”។លោកបន្តថា “ការវិនិយោគព្រលានយន្តហោះនេះ នឹងធ្វើឡើង ដោយរដ្ឋាភិបាល ឬក្រុមហ៊ុនឯកជន លោកមិនអាចដឹងនៅឡើយទេ”។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោកបណ្ឌិតថោង ខុនធ្លាប់បានមានប្រសាសន៍ថា រដ្ឋាភិបាលបាននិងកំពុងរៀបចំប្លង់មេ ដើម្បីអភិវឌ្ឍន៍ខេត្តមណ្ឌលគិរីឲ្យក្លាយជាខេត្តគំរូ និងមានភាពទាក់ទាញមួយនៅតំបន់ភូមិភាគឦសាន្ត ដោយសារខេត្តនេះមានអាកាសធាតុល្អ អាចដាំបន្លែ និងផ្កាបាន។
លោកបន្តថា “រដ្ឋាភិបាលមានផែនការសាងសង់ ព្រលានយន្តហោះក្នុងខេត្តមណ្ឌលគិរី ដើម្បីនាំភ្ញៀវទេសចរណ៍ទៅទស្សនានៅតំបន់នេះ និងរៀបចំសួនផ្កាដើម្បីទាក់ទាញទេសចរណ៍”។ លោកបន្តថា “ជាមួយនេះរដ្ឋាភិបាលក៏សិក្សាពីការដាំបន្លែ ដើម្បីផ្គត់ផ្គង់ទីផ្សារទេសចរណ៍នៅរាជធានីភ្នំពេញ ក្នុងខេត្តមណ្ឌលគិរី ដើម្បីកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង”៕
រាយការណ៍ដោយរ៉ា ណេត