ដោយៈ រ៉ាណេត
កំពតៈ ទឹកដីខេត្តកំពតដែលកំពុងមានភាពទាក់ទាញ លើការវិនិយោគក្នុងវិស័យទេសចរណ៍យ៉ាងគំហុក និងច្រើនគម្រោងនៅពេលនេះ ត្រូវបានអ្នកជំនាញក្នុងវិស័យអចលនទ្រព្យអះអាងថា ខេត្តមួយនេះមានសក្ដានុពលខ្លាំង ទៅលើវិស័យទេសចរណ៍ច្រើនជាងការអភិវឌ្ឍលើវិស័យសំណង់ផ្សេងៗ។
ជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ ដែលស្ថិតនៅជាប់តំបន់ឆ្នេរដ៏ទាក់ទាញក្នុងវិស័យទេសចរណ៍បែបធម្មជាតិនៅកម្ពុជា បច្ចុប្បន្នត្រូវបានគេមើលឃើញថា កំពុងតែមានភាពទាក់ទាញក្នុងការទិញ-លក់ដីធ្លីក្នុងទ្រង់ទ្រាយធំ ដើម្បីអភិវឌ្ឍជាតំបន់ទេសចរណ៍លំហែរកាយ រួមជាមួយនឹងលំនៅដ្ឋានបែបកម្សាន្ត ដែលភាគច្រើនមាននៅតាមតំបន់ដែលស្ថិតនៅជាប់មាត់ព្រែក តំបន់ជាប់ភ្នំ និងក្បែរឆ្នេរសមុទ្រ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century21Fortuna Investment លោកវ៉ា វីរៈ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីល្ងាចទី២៩ ខែមករា ឆ្នាំ២០២០កន្លងមកថា ទឹកដីខេត្តកំពតនៅតែមានភាពល្អប្រសើរសម្រាប់វិនិយោគ ប៉ុន្តែចំពោះតែវិស័យទេសចរណ៍តែប៉ុណ្ណោះ ដោយសារតែវាមានអំណោយផលពីតំបន់ឆ្នេរសមុទ្រ តំបន់ភ្នំ និងតំបន់ដៃព្រែក ដែលសុទ្ធតែជាចំណុចពិសេសផ្នែកកម្សាន្ត។
លោកបានបន្តទៀតថា “ទីតាំងភូមិសាស្ត្រល្អហេដ្ឋារចនាសម្ព័ន្ធល្អស្អាត បើប្រៀបជាមួយខេត្តព្រះសីហនុ គឺមានចម្ងាយជិតជាង ហើយតម្លៃក៏ទាបជាង ដូច្នេះ សម្រាប់ការវិនិយោគគឺមានឱកាសច្រើន”។ លោកបានបញ្ជាក់ថា “ការវិនិយោគនៅក្នុងខេត្តកំពត ភាគច្រើន គឺនៅតំបន់ដូចដែលបានលើកឡើងខាងលើនេះ ដែលមានតម្លៃក្នុងរង្វង់២០០–២៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ (នៅតំបន់ល្អ និងមានតម្រូវការខ្ពស់) ប៉ុន្តែសម្រាប់តំបន់ឆ្ងាយពីក្រុងបន្តិច ប៉ុន្តែនៅជាប់តំបន់ព្រែក បឹងនិងភ្នំ អាចមានតម្លៃទាបជាងនេះ ដែលអាស្រ័យទៅតាមទំហំ និងស្ថានភាពដី ដែលជាតម្រូវការជាក់ស្ដែង”។
លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal បានមានប្រសាសន៍នៅថ្ងៃដដែលថា “កំពត ជាគោលដៅទេសចរណ៍ និងមានសក្ដានុពលខាងផ្នែកឧស្សាហកម្ម និងកសិកម្ម ជាងបណ្តាខេត្តមួយចំនួនដែលមានព្រំប្រទល់ជាប់គ្នា ប៉ុន្តែមិនស័ក្ដិទៅនឹងការវិនិយោគលើវិស័យលំនៅដ្ឋានទូទៅនោះទេ ហើយរឹតតែមិនមានតម្រូវការខ្ពស់ លើអគារពាណិជ្ជកម្មធំៗនោះដែរ ដោយសារតែចំនួនប្រជាជននៅក្នុងខេត្តនេះមានតិចនៅឡើយ ហើយវិស័យពាណិជ្ជកម្មក៏នៅមានកម្រិត។
លោកឧកញ៉ាបន្តថា “បើនិយាយពីការអភិវឌ្ឍលំនៅដ្ឋានបែបកម្សាន្ត និងលំហែរកាយ អាចមានតម្រូវការខ្ពស់ ហើយការវិនិយោគលើលំនៅដ្ឋានប្រភេទនេះ នឹងជួយជំរុញតម្លៃដីនៅក្នុងខេត្តមួយនេះឱ្យមានភាពល្អប្រសើរ និងមានកំណើនជាបន្តបន្ទាប់”។ លោកបានបញ្ជាក់ថា “បើទោះជាតម្រូវការលំនៅដ្ឋានទូទៅនៅក្នុងខេត្តកំពត ហាក់មានភាពតិចតួច ប៉ុន្តែការអភិវឌ្ឍខេត្តនេះមានល្បឿនលឿន ក្រោមការជ្រោមជ្រែងពីសំណាក់រាជរដ្ឋាភិបាល ដូចជាគម្រោងផ្លូវរថភ្លើងល្បឿនលឿន គម្រោងកំពង់ផែទេសចរណ៍ ក៏ដូចជាគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានាជាដើម ដែលទាំងអស់នេះអាចប្រៀបបានទៅនឹងអាយុជីវិតរបស់ខេត្តទាំងស្រុង”។
ដោយឡែក លោក ខុម មុនីរតន៍ សហស្ថាបនិកក្រុមហ៊ុន King Residence បានមានប្រសាសន៍ថា ការកើនឡើងនៃតម្លៃដីធ្លីនៅក្នុងខេត្តកំពត ជាពិសេសនៅតាមតំបន់មួយចំនួនដែលកំពុងតែមានការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ននេះ អាចជារឿងល្អនៅពេលនេះ ហើយក៏អាចក្លាយជាវិបត្តិ លើវិស័យដីធ្លីនៅថ្ងៃខាងមុខនេះផងដែរ។
លោកបញ្ជាក់ថា “នៅពេលតម្លៃថ្លៃដើមឡើងកាន់តែខ្ពស់ពេលលក់ចេញបន្តក្រោយពេលអភិវឌ្ឍន៍នឹងកើនតម្លៃខ្ពស់ដូចគ្នា ដូច្នេះអ្នកវិនិយោគគេនឹងពិចារណាយ៉ាងល្អិតល្អន់មុនពេលសម្រេចចិត្តទិញ”។ លោកបន្តថា “ប្រសិនបើតម្លៃខ្ពស់ពេក នោះនឹងមានតែសកម្មភាពលក់ ប៉ុន្តែការទិញដើម្បីអភិវឌ្ឍន៍អាចនឹងធ្លាក់ចុះ ដែលនឹងត្រូវចំណាយពេលយូរដើម្បីលក់ចេញ”។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានទទួលស្គាល់ពីភាពរីកចម្រើនលើវិស័យទេសចរណ៍ស្ទើរទូទាំងខេត្ត ជាពិសេស ក្រោយពេលគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងខេត្ត កំពុងសម្រុកដើម្បីបញ្ចប់តាមផែនការ។
លោកបានបន្តថា “បច្ចុប្បន្នមានក្រុមហ៊ុនឯកជនតូច ធំជាច្រើនបានស្នើសុំសិទ្ធិពីថ្នាក់រដ្ឋបាលខេត្ត រហូតដល់ស្ថាប័នក្រសួង ដើម្បីធ្វើការវិនិយោគ និងអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍ធម្មជាតិ និងកែច្នៃ ដែលមានក្រុមហ៊ុនខ្លះចំណាយទុនជាច្រើនលានដុល្លារនៅក្នុងគម្រោងរបស់ខ្លួន”។
លោកបានបន្តទៀតថា តំបន់ទេសចរណ៍បែបធម្មជាតិកែច្នៃទាំងនោះ ភាគច្រើនមាននៅតាមតំបន់ជាយៗ ដែលមានចម្ងាយប្រមាណចាប់ពីជាង១៥គីឡូម៉ែត្រ ពីកណ្តាលខេត្ត ឬឆ្ងាយពីនេះក៏មាន។ អ្វីដែលជាចំណុចពិសេស ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅទូទាំងខេត្ត រដ្ឋាភិបាលបានប្រកាសអនុញ្ញាត ឱ្យក្រុមហ៊ុនឯកជនអភិវឌ្ឍតំបន់ភ្នំបូកគោជាទីក្រុងថ្មីដ៏ឆើតឆាយ រួមជាមួយនឹងការសាងសង់កំពង់ផែទេសចរណ៍សម្រាប់ស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិផងដែរ។
តាមរយៈសកម្មភាពអភិវឌ្ឍន៍ វិស័យទេសចរណ៍ពីសំណាក់រាជរដ្ឋាភិបាល និងការចូលរួមពីវិស័យឯកជនទាំងអស់នេះ នឹងជំរុញឱ្យខេត្តកំពតកាន់តែប្រែក្លាយជាខេត្តទេសចរណ៍ដ៏ទាក់ទាញ៕