រដ្ឋបាលខេត្តបាត់ដំបងកំពុងពន្លឿនការរៀបចំហេដ្ឋារចនាសម្ព័ន្ធដើម្បីឱ្យចប់មុនពិធីបុណ្យទន្លេខាងមុខ

0

ដោយ ហ្សូលី

បាត់ដំបង៖ អភិបាលខេត្តបាត់ដំបង និង មន្ត្រីពាក់ព័ន្ធ បានជួបជុំគ្នាចុះពិនិត្យការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងពន្លឿនការរៀបចំកែលម្អសណ្តាប់ធ្នាប់សាធារណៈដើម្បីឱ្យទាន់ព្រឹត្តការណ៍បុណ្យទន្លេលើកទី ៦។


លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្ត កាលពីថ្ងៃពុធ ទី ២៩ មករា ម្សិលមិញនេះ បានអញ្ជើញចុះពិនិត្យការដ្ឋានផ្លូវចាក់ក្រាលកៅស៊ូបេទីមមីណ័រដែលមានប្រវែងប្រមាណ ២០.០០០ ម៉ែត្រក្រឡា បង្ហើយកិច្ចការដែលសល់កាលពីឆ្នាំ ២០១៩កន្លងមក។ ការចាក់ផ្លូវក្រាលកៅស៊ូនេះស្ថិតនៅផ្លូវចុះពីស្ពានថ្មសម្តេចតេជោហ៊ុនសែន មកទល់ស្តុបស្វាយប៉ោមុខសាលាខេត្ត ចន្លោះផ្លូវច្រមុះជ្រូក និងសួនច្បារនាគសន្តិភាព ដែលជាគោលដៅសំខាន់ក្នុងការរៀបចំវេទិកាព្រឹត្តការណ៍បុណ្យទន្លេលើកទី ៦នេះ។

ទន្ទឹមនេះ អាជ្ញាធរខេត្តបានចុះកែលម្អសណ្តាប់ធ្នាប់សារធារណៈដូចជា ការដោះស្លាកយីហោ ផ្ទាំងប៉ាណូតាមសំយ៉ាបផ្ទះមុខផ្ទះ ដែលអាចធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុង។ មិនតែប៉ុណ្ណោះ ក៏មានការរៀបចំបំពាក់ប្រព័ន្ធភ្លើងបំភ្លឺនៅតាមដងផ្លូវសំខាន់ៗក្នុងទីក្រុង ពង្រីកទីធ្លាផ្លូវដើរហាត់ប្រាណនៅតាមមាត់ស្ទឹងសង្កែ សាងសង់បង្កាន់ដៃវ៉េវ៉ង់ដាប្រមាណ ៧០០ម៉ែត្រ ងាយស្រួលឱ្យភ្ញៀវទេសចរណ៍កម្សាន្តតាមមាត់ទន្លេ រួមទាំងរក្សាសុវត្ថិភាព។

សូមបញ្ជាក់ផងដែរថា បុណ្យទន្លេលើកទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៣១៥ មីនា ខាងមុខនេះ ក្រោមប្រធានបទទន្លេនៃសន្តិភាពទន្លេនៃវិបុលភាពដែលមានការអញ្ជើញចូលរួមជាកិត្តិយសរបស់សម្តេចតេជោ ហ៊ុន សែន។

យ៉ាងណាមិញ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានជម្រុញថ្នាក់ដឹកនាំខេត្ត និងមន្ត្រីពាក់ព័ន្ធទាំងឡាយឱ្យយកចិត្តទុកដាក់បន្ថែមទៅលើវិស័យទេសចរណ៍ក្នុងខេត្តបាត់ដំបង និងត្រូវរៀបចំទីក្រុងឱ្យមានដងវិថីម្ហូបអាហារ Food Street បម្រើដល់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិចូលមកកម្សាន្តក្នុងខេត្តបាត់ដំបងកាន់តែច្រើន ដែលជាផ្នែកមួយជួយដល់កត្តាសេដ្ឋកិច្ចជាតិដើរទៅមុខកាន់តែប្រសើរ។


LEAVE A REPLY

Please enter your comment!
Please enter your name here