ដោយ ដូង ចន្រ្ទា
ភ្នំពេញ៖ ខេត្តសៀមរាបជាប៉ូលទេសចរណ៍លំដាប់ទី១នៅកម្ពុជា ប៉ុន្តែខេត្តនេះមិនទាន់ទាក់ទាញអ្នកវិនិយោគចិន ចូលទៅបោះទុនវិនិយោគជាដុំកំភួននៅ នៅឡើយទេ។
លោកចៅ សេងថៃ អគ្គនាយកក្រុមហ៊ុន Goal Property Service ដែលមានមូលដ្ឋាននៅខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹងកាលពីម្សិលម៉ិញនេះថា បច្ចុប្បន្នមិនទាន់មានក្រុមហ៊ុនចិនច្រើន បានចូលមកវិនិយោគនៅខេត្តសៀមរាប ក្រៅពីក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ស្ថិតក្នុងស្រុកសូត្រនិគមនោះទេ។ លោកបន្តថា យ៉ាងណាមានក្រុមហ៊ុនចិនមួយចំនួន បានចាប់ដៃជាមួយអ្នកវិនិយោគក្នុងស្រុក បានទិញដីពុះឡូត៍លក់ ហើយគំរោងបង្កើត China Town នៅក្នុងឃុំបាគង ក្នុងស្រុកបាគង ខេត្តសៀមរាប ហាក់មិនមានសកម្មភាពអ្វីនោះទេ។
-->

លោកបន្តថា “ខ្ញុំលឺមានគំរោងវិនិយោគចិន ប៉ុន្តែដូចជាពួកគេមកទិញដីចោល មិនមានសកម្មភាពអ្វីនោះទេ”។លោកបន្តថា “ទោះជាយ៉ាងណាតម្លៃដីបានកើនឡើង នៅក្បែរព្រលានយន្តហោះថ្មី និងនៅតំបន់អង្គរ ឃ្យុងយូរជាយក្រុងសៀមរាប ដែលតម្លៃដីនៅតាមផ្លូវធំៗ មានតម្លៃរហូតដល់១០០០ដុល្លារ និងផ្លូវតូចៗមានតម្លៃ៥០០ ទៅ៦០០ដុល្លារក្នុងមួយម៉ែត្រការ៉េ”។
ចំណែកតម្លៃដីនៅក្នុងតំបន់កណ្តាលក្រុង មានតម្លៃចន្លោះពី១០០០ទៅ១៥០០ដុល្លារ សម្រាប់តំបន់ពាណិជ្ជកម្ម និងនៅតំបន់តាមផ្លូវតូចៗមានតម្លៃចន្លោះពី៣០០ ទៅ៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ លើកលែងតែតំបន់ Pub Street ដីមានតម្លៃចន្លោះពី២០០០ ទៅ៣០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។នេះបើតាមលោកចៅ សេងថៃ។

លោកបន្តថា បច្ចុប្បន្នការវិនិយោគលើអាផាតម៉ិន ដែលមានតម្លៃចន្លោះពី៣០០ទៅ៥០០ដុល្លារក្នុងមួយយូនីត ក្នុងមួយខែមានដំណើរការល្អ ដោយសារមានតម្រូវការច្រើនពីភ្ញៀវ និងអ្នកធ្វើការចម្រុះជាតិសាសន៍។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisals លោកឧកញ៉ានួន រិទ្ឋីបានថ្លែងស្រដៀងគ្នាថា ចិនបានចូលទៅខេត្តសៀមរាបបណ្តើរៗ តែមិនមានចំនួនច្រើននៅឡើយទេ ប៉ុន្តែពួកគេបានទៅទិញដីទុកច្រើន ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេសនៅទីតាំងព្រលានយន្តហោះ ខេត្តសៀមរាបថ្មីលើផ្ទៃដីទំហំប្រមាណ១០០០ហិកតានាពេលខាងមុខនេះ។
លោកបន្តថា “ស្របពេលចំនួនភ្ញៀវទេសចរណ៍ចិន មកទស្សនាខេត្តសៀមរាបច្រើន សកម្មភាពពាណិជ្ជកម្ម និងការបង្កើតតំបន់ពាណិជ្ជកម្មនានាពីអ្នកវិនិយោគចិននឹងកើនឡើងច្រើននាពេលខាងមុខ”។
អ្នកតំណាងរាស្រ្តប្រចាំខេត្តសៀមរាប លោកឧកញ៉ាសៀង ណាំបានថ្លែង ឲ្យដឹងផងដែរថា ខេត្តសៀមរាបមានទេសចរណ៍ចិនច្រើន ប៉ុន្តែមិនទាន់ឃើញមានការសាងសង់សំណង់ ឬមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ ពីសំណាក់អ្នកវិនិយោគចិនធំៗនៅឡើយទេ ប៉ុន្តែមានក្រុមហ៊ុនទេសចរណ៍ចិនច្រើន បានមកបើកការិយាល័យនៅក្នុងក្រុងសៀមរាប។ លោកបន្តថា ក្រៅពីក្រុមហ៊ុនទេសចរណ៍ ភោជនីយដ្ឋានចិនជាច្រើន ក៏បានបើកនៅក្នុងក្រុងនេះផងដែរ។
នៅពេលសាកសួរពីក្រុងចិនឬ China Town ក្នុងខេត្តសៀមរាប តំណាងរាស្រ្តរូបនេះបានថ្លែងថា “ក្រុមហ៊ុននេះបានរត់បាត់ទៅហើយ មិនដឹងទៅណានោះទេ ហើយគំរោងនេះគ្មានសកម្មភាពនោះទេ រហូតមកទល់ពេលនេះ”។
ការអ្នកវិភាគសេដ្ឋកិច្ចកម្ពុជាបានលើកឡើងថា ចិនចូលចិត្តវិនិយោគនៅតំបន់ជាប់មាត់សមុទ្រច្រើនជាង ដូចជាខេត្តព្រះសីហនុ ដែលជាខេត្តជាប់មាត់សមុទ្រ មានហេដ្ឋារចនាសម្ព័ន្ឋតភ្ជាប់សម្បូរបែបទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក ដែលងាយស្រួលដឹកទំនិញ និងតភ្ជាប់សកម្មភាពាណិជ្ជកម្មជាមូយតំបន់ និងប្រទេសចិនបានងាយស្រួ។
លោកបណ្ឌិតហុង វណ្ណៈអ្នកស្រាវជ្រាវសេដ្ឋកិច្ចប្រចាំរាជបណ្ឌិតសភាកម្ពុជាបានថ្លែងថា ចិនចូលចិត្តសមុទ្រ ដោយសារជាតំបន់ដែលងាយតភ្ជាប់ និងមានលក្ខខ័ណ្ឌអាកាសធាតុ និងភូមិសាស្រ្តល្អប្រសើរសម្រាប់តភ្ជាប់សកម្មភាពពាណិ ជ្ជកម្ម និងទេសចរណ៍។លោកបន្តថា ចិនមានគោលនយោបាយ សម្រាប់អភិវឌ្ឈ ន៍នៅតាមតំបន់និមួយៗខុសៗគ្នា ប៉ុន្តែអ្វីដែលគេផ្តោតជាពិសេស គឺតំបន់ជាប់មាត់សមុទ្រ៕








