ការសិក្សាថ្មី: ប្រជាជនសិង្ហបុរីភាគច្រើនបំផុតជ្រើសរើសអចលនទ្រព្យជាការវិនិយោគ ដែលខ្លួនពេញចិត្ត

0

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមការស្ទង់មតិបានបង្ហាញថាប្រជាជនសិង្ហបុរីចំនួនជាង៦៤ភាគរយបានជ្រើសរើសអចលនទ្រព្យជាការវិនិយោគដែលពួកគេពេញចិត្តខ្លាំងជាង ភាគហ៊ុន ប្រាក់បញ្ញើមានកាលកំណត់ មូលបត្របំណុល និងរូបិយបណ្ណគ្រីបតូ។

ការស្ទង់មតិដោយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យសិង្ហបុរី ERA បានកត់សម្គាល់ថា ចំនួន៤១ភាគរយនៃអ្នកឆ្លើយតបកំពុងសម្លឹងមើលឱកាសវិនិយោគលើផ្ទះល្វែងរដ្ឋ (HDB) ខណៈចំនួន៣៩ភាគរយមានបំណងទិញខុនដូឯកជន។

ជាមួយគ្នានេះ ចំនួន១៤ភាគរយនៃអ្នកឆ្លើយតបកំពុងពិចារណាទិញខុនដូប្រណីត(Executive Condo) និងចំនួន៧ភាគរយសង្ឃឹមថា នឹងទិញអចលនទ្រព្យជាប់ដី(Landed property)។

ការស្ទង់មតិខាងលើក៏បង្ហាញផងដែរថា ពលរដ្ឋសិង្ហបុរី មានឆន្ទៈក្នុងការបង្កើនការវិនិយោគរបស់ពួកគេជាពិសេសអ្នកដែលមានបំណងទិញអចលនទ្រព្យពីក្រុមហ៊ុនឯកជន។

ក្នុងនោះ ចំនួនប្រហែល៥៤ភាគរយទៅ៥៩ភាគរយនៃអ្នកមានបំណងទិញខុនដូថ្មី និងខុនដូប្រភេទទី២ រំពឹងថា នឹងចំណាយទុនវិនិយោគចន្លោះពី១លានដុល្លារសិង្ហបុរី ទៅ២លានដុល្លារសិង្ហបុរី ខណៈចំនួនប្រហែល២០ភាគរយត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើនការវិនិយោគរបស់ពួកគេដល់ទំហំទឹកប្រាក់ចន្លោះពី២ទៅ៣លានដុល្លារសិង្ហបុរី។

លើសពីនេះ ចំនួនអ្នកឆ្លើយតបប្រហែល២៣ភាគរយកំពុងស្វែងរកទិញខុនដូថ្មីមួយយូនីតនៅឆ្នាំនេះ បើប្រៀបធៀបទៅនឹងចំនួន១៨ភាគរយកាលពីឆ្នាំមុន។

សម្រាប់អ្នកទិញផ្ទះនៅប្រទេសសិង្ហបុរី មធ្យោបាយនៃការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនជារឿងសំខាន់បំផុតនៅពេលសម្រេចចិត្ត ឬជ្រើសរើសទិញផ្ទះនៅទីតាំងណាមួយ ដោយចំនួន៨៤ភាគរយនៃអ្នកឆ្លើយតបបានចាត់ទុកផ្ទះ ដែលមានទីតាំងនៅជិតបណ្តាញដឹកជញ្ជូនសាធារណៈជាអាទិភាពចម្បងរបស់ពួកគេ៕ប្រភព: The Business Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here