ដោយៈ រ៉ាណេត
ភ្នំពេញៈ នៅក្នុងពិភពនៃការធ្វើជំនួញ សហគ្រិនគ្រប់រូបទាំងអស់ សុទ្ធតែមានក្ដីប្រាថ្នាទទួលបានភាពជោគជ័យ ដោយអ្នកខ្លះបានព្យាយាមអំណត់ និងជំនះគ្រប់បែបយ៉ាង ដើម្បីអាចសម្រេចបានក្ដីប្រាថ្នាមួយនេះ។ ប៉ុន្តែអ្វីដែលជាមេឆក់ឱ្យធ្លាក់ក្នុងភាពបរាជ័យក្នុងមួយប៉ព្រិចភ្នែកនោះ គឺកំហុស១ក្នុងចំណោម៥ ដែលគួរតែគេចចេញឱ្យផុត។
ពាក្យថា “ជោគជ័យ” ត្រូវបានអ្នកជំនាញឱ្យនិយមន័យផ្សេងៗពីគ្នាជាច្រើន ប៉ុន្តែស្ថិតនៅក្នុងន័យរួម ដែលជាការទទួលបាននូវលទ្ធផល គួរជាទីពេញចិត្តបន្ទាប់ពីការខិតខំ ព្យាយាមអនុវត្តទៅតាមគម្រោងរបស់ខ្លួន។
អគ្គនាយកក្រុមហ៊ុន KW Cambodia និងKhmer Real Estate លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង បានមានប្រសាសន៍ថា ភាពជោគជ័យនៅក្នុងការធ្វើមុខជំនួញអ្វីមួយវាហាក់មិនមែនជាឧបសគ្គនោះទេ ពោលគឺម្នាក់ៗសុទ្ធតែអាចមានឱកាសទទួលបាន ដែលកើតចេញពីការគិត សកម្មភាពនៃការធ្វើ រួមជាមួយនឹងភាពអំណត់ និងភាពស្មោះត្រង់ជាមួយដៃគូរបស់ខ្លួន។
លោកបន្តថា ប៉ុន្តែអ្វីដែលបញ្ហាប្រឈម ដែលត្រូវតែមានការយកចិត្តទុកដាក់ខ្ពស់នោះ គឺការធ្លាក់ខ្លួនចូលក្នុងពិភពបរាជ័យ បន្ទាប់ពីទទួលបានភាពជោគជ័យ ក្នុងជំហានដំបូង ដែលពោរពេញដោយភាពអំនួត គួបផ្សំជាមួយនឹងចំណេះដឹងក្នុងការគ្រប់គ្រងផងដែរ។
ចំណុច១ ក្នុងចំណោម៥ ប្រសិនបើធ្លាក់ក្នុងចំណុចណាមួយ នោះភាពបរាជ័យនឹងកើតមានជាក់ជាមិនខាន ដែលទាំង៥នេះរួមមាន ទី១ ឆាប់មានមោទនភាពពេក ចំពោះលទ្ធផលល្អ ដែលទទួលបានលើកដំបូង ទី២បានជោគជ័យបន្តិចបន្តួច ក៏បែកឆ្វេងផ្តេសផ្ដាស់ ទី៣- ចំណេះដឹងលើការគ្រប់គ្រងធនធានមនុស្សនៅមានកម្រិត ទី៤ ចំណេះដឹងលើការគ្រប់គ្រងហិរញ្ញវត្ថុនៅមានកម្រិត និងទី៥ ឆាប់បោះបង់បង់ពេកទាំងការខិតខំ និងការតស៊ូនៅមានកម្រិត។
លោកឧកញ៉ា គីម ហាង បានបញ្ជាក់ថា “មិនថាចំពោះតែអ្នកជំនួញដែលជាសហគ្រិនវ័យក្មេង ឬសហគ្រិនវ័យកណ្តាលនោះទេ ប្រសិនបើធ្លាក់នៅក្នុងចំណុចណាមួយនៅក្នុងចំណោមចំណុចទាំង៥ ដូចដែលបានលើកឡើងខាងលើនេះ នោះមេឆក់ដ៏មានឥទ្ធិលនឹងទាញទម្លាក់ឱ្យធ្លាក់ ទៅក្នុងពិភពនៃភាពបរាជ័យជាក់ជាមនខាន។
លោកបន្តថា “ហេតុនេះ យើងគួរព្យាយាមអនុវត្តន៍ ដោយការនៅឱ្យឆ្ងាយពីចំណុចទាំងអស់នេះ នោះភាពជោគជ័យនឹងតែបន្តស្ថិតនៅជាមួយអ្នកយូរអង្វែង”៕