ដោយ គង់ សូរិយា
ភ្នំពេញៈ ការវិនិយោគអចលនទ្រព្យ ដោយមិនមានចំណេះដឹង នឹងប្រឈមហានិភ័យខ្ពស់ ហេតុនេះការសិក្សាពីទីផ្សារច្បាស់លាស់ ជាមួយចំណេះដឹងត្រឹមត្រូវ នឹងធ្វើឲ្យការវិនិយោគរបស់ខ្លួនបញ្ចៀសបាននូវហានិភ័យ។
ហេតុនេះតើអ្នកវិនិយោគខ្នាតតូច ដែលមានធនធានសមល្មម គួរវិនិយោគដីក្នុងតម្លៃបែបណា ដើម្បីងាយស្រួលលក់ ងាយស្រួលរកអតិថិជន និងមានផលចំណេញច្រើន?។
អ្នកវិភាគអចលនទ្រព្យឯករាជ្យ និងជាអគ្គនាយកគេហទំព័រPropertyarea.asia លោក យិន លាងគង់ ដែលបានតាមដានការវិវត្ត វិស័យអចលនទ្រព្យអស់រយៈពេលជាង១ទសវត្សរ៍ បានមានប្រសាសន៍ឲ្យដឹងថា ប្រជាពលរដ្ឋកម្ពុជាបានចាកផុតពីភាពក្រីក្រភាគច្រើន និងស្ថិតក្នុងលំដាប់ថ្នាក់ជាប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតទាប។ ការកើនឡើងនូវជីវភាពកាន់តែប្រសើរនេះ បានធ្វើឲ្យកំលាំងទិញរបស់កម្ពុជាកើនឡើងក្នុងទីផ្សារ ហើយចរន្តសេដ្ឋកិច្ចកាន់តែមានភាពរសរវើក។
លោកបន្តថា “យ៉ាងណាប្រជាពលរដ្ឋកម្ពុជាភាគច្រើន នៅមានប្រាក់ចំណូលកម្រិតមធ្យមនៅឡើយ ដែលលទ្ឋភាពធនធានរបស់ពួកគេនៅមានកម្រិត ហេតុនេះកម្រិតទឹកប្រាក់ ឬទំហំវិនិយោគរបស់ពួកគេក៏នៅមានកម្រិតផងដែរ”។ លោកបន្តថា “ជាក់ស្តែងខុនដូ និងលំនៅដ្ឋានតម្លៃមធ្យមជាគម្រោង ដែលមានតម្រូវការខ្ពស់ជាងគេនៅក្នុងទីផ្សារ ដោយសារទំហំនៃការវិនិយោគរបស់ពួកគេនៅមានកម្រិត”។
តើតម្លៃដីបែបណា គួរទិញហើយងាយស្រួលរកអតិថិជន លក់ដាច់លឿន? លោកយិន លាងគង់បានមានប្រសាសន៍ថា ដីដែលមានតម្លៃចន្លោះពី១០ ទៅ១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ជាប្រភេទដីដែលមានតម្រូវការច្រើន ហើយមានអតិថិជន ដែលមានលទ្ឋភាពច្រើន ហើយដីកក្នុងតម្លៃបែបនេះងាយស្រួលលក់ និងមានឪកាសចំណេញខ្ពស់ ប្រសិនជាអ្នកវិនិយោគទិញបាននៅទីតាំងល្អ ចំគំរោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល វិស័យឯកជន និងគំរោងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋនានា។
ផ្ទុយទៅវិញ ដីដែលមានតម្លៃលើសពី១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយមានទំហំធំ ជាប្រភេទដីដែលពិបាករកអតិថិជន ដោយសារអតិថិជន ឬអ្នកវិនិយោគដីក្នុងតម្លៃខាងលើនេះ ជាអតិថិជនកម្រ ព្រោះសំរាប់អ្នកវិនិយោគ ដែលមានធនធានច្រើនបែបនេះនៅកម្ពុជាមានចំនួនតិច (មិនលើស៥ភាគរយនៃប្រជាជនសរុបនោះទេ)។
លោកបន្តថា “និយាយបែបនេះមិនមែនមានន័យថា ការទិញដីតម្លៃខ្ពស់ មិនចំណេញនោះទេ ប៉ុន្តែវាជាប្រភេទដីដែលពិបាករកអតិថិជន ប្រសិនជាអ្នកវិនិយោគទិញដីបែបនោះដើម្បីទុកយកចំណេញ”។ លោកបន្តថា “អ្នកវិនិយោគជាតិ អន្តរជាតិដែលមានលទ្ឋភាពទិញដីក្នុងតម្លៃខាងលើនេះ ភាគច្រើនពួកគាត់ទិញយកទៅអភិវឌ្ឍន៍ជាបុរី ខុនដូ ឬមជ្ឈមណ្ឌលពាណិជ្ជកម្មនានាជាជាងយកផលចំណេញ”។
លោកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានអះអាងថា ដីដែលមានតម្លៃ៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េឡើង មិនអាចយកមកសាងសង់បុរីលក់បាននោះទេ ដោយសារតម្លៃដីខ្ពស់រួចទៅហើយ៕