ខេត្តសៀមរាបមានគម្រោងបង្កើតទេសចរណ៍សត្វព្រៃកម្រ៥ប្រភេទក្នុងតំបន់អង្គរ

0

ដោយហ្សូលី

សៀមរាប៖ អាជ្ញាធរជាតិអប្សរាគ្រោងនឹងបង្កើតកន្លែងទេសចរណ៍សត្វព្រៃក្នុងតំបន់អង្គរ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកកម្សាន្តនៅតំបន់អង្គរឱ្យកាន់តែច្រើនក្រៅពីប្រាង្គប្រាសាទ។

លោក យិន ចាន់ដារដ្ឋា អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាបានថ្លែងឱ្យដឹងថា រមណីយដ្ឋានអង្គរ មិនមែនមានតែប្រាង្គប្រាសាទដ៏អស្ចា្យតែមួយមុខឡើយ តែក៏មានជម្រកសត្វព្រៃដ៏មានសក្តានុពល អមជាមួយព្រៃឈើដ៏ច្រើន ដែលជាទីកន្លែងសម្រាប់សត្វព្រៃរស់នៅប្រកបដោយសុវត្ថិភាព។

អាជ្ញាធរជាតិអប្សរាបានសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ Wildlife Alliance និងរដ្ឋបាលព្រៃឈើ សម្រេចជ្រើសរើសទីតាំងមួយចំនួនក្នុងការព្រលែងសត្វព្រៃកម្រ និងជិតផុតពូជ ដើម្បីទាក់ទាញភ្ញៀវទេសចរមកពីគ្រប់តំបន់។

លោកបន្តថា គម្រោងទេសចរណ៍សត្វព្រៃក្នុងតំបន់អង្គរនេះ មានអត្ថប្រយោជន៍ជាច្រើនសម្រាប់មនុស្សជាតិ និងធនធានធម្មជាតិ ព្រោះអាចជួយរកចំណូលបន្ថែមជូនជាតិ ដែលជាផ្នែកមួយក្នុងការជួយដល់សេដ្ឋកិច្ចជាតិយ៉ាងសំខាន់។

គួរបញ្ជាក់ផងដែរថា សត្វព្រៃកម្រនិងជិតផុតពូជដែលនឹងត្រូវដាក់ក្នុងទេសចរណ៍សត្វព្រៃមានដូចជា សត្វទោចម្កុដ ៨ក្បាល ឈ្លូស ៤ក្បាល សំពោចក្រអូប ៥ក្បាល ភេ៥ក្បាល ស្វាព្រាហ្មណ៍ ១២ក្បាល ស្ទាំង ពស់ កាំប្រមា និងសត្វមាន់ព្រៃជាដើម ដែលនឹងត្រូវការពារថែរក្សាពីមន្ត្រីនិងបុគ្គលិកបម្រើការនៅទីនោះ។

ទន្ទឹមនេះ លោក យិន ចាន់រដ្ឋាក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់ទេសចរណ៍សត្វព្រៃនេះ ឱ្យចូលរួមថែរក្សាសត្វព្រៃឱ្យបានគង់វង្ស កុំប្រមាញ់សម្លាប់ពួកវា ដើម្បីថែរក្សាទុកជាប្រយោជន៍ជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here