ដោយវុត្ថា
ភ្នំពេញៈ យោងតាមច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា នៅពេលអ្នកចង់បង្កើតអាជីវកម្ម ដើម្បីស្វែងរកប្រាក់ចំណេញ អ្នកត្រូវធ្វើការចុះបញ្ជីពាណិជ្ជកម្ម លើអាជីវកម្មរបស់អ្នកនៅក្រសួងពាណិជ្ជកម្ម។
នៅពេលដែលការចុះបញ្ជីពាណិជ្ជកម្មបាន សម្រេចអ្នកនឹងទទួលបានលិខិតបញ្ជាក់ពីការចុះបញ្ជីរបស់អ្នក ។ ហើយចំពោះការចុះបញ្ជីពាណិជ្ជកម្ម នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបែងចែកជាបីមានដូចជា
១ លក្ខខណ្ឌក្នុងការចុះបញ្ជីពាណិជ្ជកម្មសម្រាប់ពាណិជ្ជករជារូបវ័ន្ដបុគ្គល
រាល់រូបវ័ន្ដបុគ្គលដែលជាពាណិជ្ជករ ត្រូវចុះបញ្ជីពាណិជ្ជកម្មនៅមន្ទីរពាណិជ្ជកម្មខេត្ត/ក្រុង ឬកន្លែងផ្សេងទៀតដែលក្រសួងពាណិជ្ជកម្ម បានកំណត់ នៅកន្លែងដែលសាមីជននោះ ធ្វើពាណិជ្ជកម្មយ៉ាងយូររយៈពេល ១៥ (ដប់ប្រាំ)ថ្ងៃ មុនពេលបើកដំណើរការអាជីវកម្មរបស់ខ្លួន ។
ម្យ៉ាងទៀត ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម អាចធ្វើការស្នើសុំដោយសាមីជននោះ ឬដោយអាណត្តិគាហករបស់គេ ហើយអាណត្តិគាហកត្រូវតែមាន លិខិតប្រគល់សិទ្ធិអំណាច ដើម្បីតម្កល់ទុកនៅក្រឡាបញ្ជី នៃតុលាការពាណិជ្ជកម្ម ដែលខ្លួនបានស្នើសុំចុះបញ្ជីនោះ។
មិនតែប៉ុណ្ណោះ ពាណិជ្ជករត្រូវប្រគល់ប្រតិវេទន៍ ដែលមានចុះហត្ថលេខានិងស្នាមម្រាមដៃដល់កន្លែង ទទួលពាក្យចុះបញ្ជីពាណិជ្ជកម្មចំនួន២ (ពីរ) ច្បាប់ផងដែរ (មាត្រា១៤ កថាខណ្ឌ១២៣ នៃច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម)។
២ លក្ខខណ្ឌក្នុងការចុះបញ្ជីពាណិជ្ជកម្មសម្រាប់ពាណិជ្ជករជានីតិបុគ្គល
រីឯនីតិបុគ្គលដែលបានបង្កើតក្រុមហ៊ុន ធ្វើពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជាវិញ បើទោះបីជាបែបបទ នៃការបង្កើត និងថេរវេលាបែបណាក៏ដោយ គឺត្រូវតែធ្វើការចុះបញ្ជីពាណិជ្ជកម្ម ហើយការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម ត្រូវធ្វើឡើងដោយបណ្ណាធិការ ឬអភិបាលនៃសាមីក្រុមហ៊ុន នៅក្នុងខែនៃការបង្កើតក្រុមហ៊ុន និងមុនកាលបរិច្ឆេទបើកប្រតិបត្តិការពាណិជ្ជកម្ម១៥ (ដប់ប្រាំ) ថ្ងៃ។
ចំណែកឯអ្នកស្នើសុំចុះបញ្ជី ត្រូវប្រគល់ប្រតិវេទន៍ចំនួន២ (ពីរ)ច្បាប់ ព្រមទាំងត្រូវតម្កល់ទុកនូវលក្ខន្ដិកៈ ក្រុមហ៊ុនដល់កន្លែងទទួលពាក្យចុះបញ្ជី ពាណិជ្ជកម្មផងដែរ (មាត្រា១៧ កថាខណ្ឌ១ ២ ៣ នៃច្បាប់ស្ដីពី វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម)។
៣ លក្ខខណ្ឌក្នុងការចុះបញ្ជីពាណិជ្ជកម្មសម្រាប់ពាណិជ្ជករជានីតិបុគ្គលបរទេស
ចំណែកឯក្រុមហ៊ុនពាណិជ្ជកម្មបរទេសទាំងអស់ ដែលមានតែសាខាឬទីភ្នាក់ងារ នៅព្រះរាជាណាចក្រកម្ពុជា ត្រូវធ្វើការបំពេញទំរង់ចុះបញ្ជីពាណិជ្ជកម្មតាមមាត្រា១៧ និងមាត្រា១៨ នៃច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ដូចគ្នានឹងពាណិជ្ជករជានីតិបុគ្គលដែរ (មាត្រា១៩ កថាខណ្ឌ១ ២ នៃច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម)។
ផ្ទុយទៅវិញ ករណីដែលពាណិជ្ជករ និងក្រុមហ៊ុនពាណិជ្ជកម្មទាំងឡាយណា ដែលមិនបានចុះបញ្ជីពាណិជ្ជកម្ម តាមការបញ្ញត្តិរបស់ក្រសួងពាណិជ្ជកម្មទេ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ចំនួន៥០,០០០៛ (ប្រាំម៉ឺនរៀល) ទៅ៥០០,០០០៛ (ប្រាំសែនរៀល) (មាត្រា៤០ ចំណុច១ នៃច្បាប់ស្ដីពី វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម) ឬមានទោសនិទ្ធនភាពសាមញ្ញក្នុងករណីធនក្ស័យ (មាត្រា ៤១ នៃច្បាប់ដដែល)។
ចំពោះករណីពាណិជ្ជករ ឬរាល់អ្នកដឹកនាំក្រុមហ៊ុនពាណិជ្ជកម្ម ទាំងឡាយណាដែលប្រើឯកសារក្លែងក្លាយនោះ ត្រូវផ្ដន្ទាទោសចាប់ពី១ (មួយ) ឆ្នាំ ទៅ ៥ (ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ១,០០០,០០០៛ (មួយលានរៀល) ដល់ ១០,០០០,០០០៛ (ដប់លានរៀល)(មាត្រា ៤២ នៃច្បាប់ដដែល)៕