រដ្ឋបាលខេត្តសៀមរាបអនុញ្ញាតឱ្យក្រុមហ៊ុនស៊ូ ជីងវិនិយោគសាងសង់កំពង់ផែទេសចរណ៍នៅតំបន់ចុងឃ្នៀស

0

ដោយវុត្ថា

         សៀមរាបៈ រដ្ឋបាលខេត្តសៀមរាបបានអនុញ្ញាតឱ្យក្រុមហ៊ុនស៊ូ ជីង វិនិយោគសាងសង់កំពង់ផែទេសចរណ៍ដល់ក្រុមហ៊ុន ស៊ូ ជីង ស្ថិតនៅតំបន់ចុងឃ្នៀស ក្នុងសង្កាត់ចុង ឃ្នៀស ក្រុងសៀមរាប។

លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប នៅក្នុងកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធលើការវិនិយោគសាងសង់កំពង់ផែ ទេសចរណ៍របស់ក្រុមហ៊ុន ស៊ូ ជីង កាលពីពេល   ថ្មីៗនេះឱ្យដឹងថា ក្រុមហ៊ុនស៊ូជីងបានស្នើសុំរៀបចំអភិវឌ្ឍន៍ និងកែលម្អបន្ថែមកំពង់ផែចុងឃ្នៀស បឹងទន្លេសាប ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀមរាប។

លោកបន្តថា “កិច្ចប្រជុំនេះបានតម្រូវឱ្យក្រុមហ៊ុន ត្រូវរៀបចំផែនការអភិវឌ្ឍន៍ទេស​ចរណ៍ និងកែលម្អបន្ថែមកំពង់ផែចុងឃ្នៀស រួមមាន ទី១ បង្កើនការអភិវឌ្ឍបន្ថែមលើសោភណ្ឌភាព ភាពស្អាត បៃតង និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រច្បាស់លាស់ ។ ទី២ រៀបចំឲ្យមានផលិតផលថ្មីៗប្រកបដោយភាពទាក់ទាញ និងមានលក្ខណៈគោរព និងការពារបរិស្ថាន។ ទី៣ រៀបចំឲ្យមានការស្នាក់នៅជាមួយប្រជាជននៅលើទឹក ឬនៅតាមមាត់ទឹក។

ទី៤ រៀបចំឲ្យមានការជិះរទេះគោ ឬដើរកំសាន្តទៅតាមភូមិជាប់បឹងទន្លេសាប ជាលក្ខណៈកញ្ចប់ ដែលពន្យារការស្នាក់នៅរបស់ភ្ញៀវទេសចរ។

យោងតាមលិខិតលេខ ១៨៩៤  ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ របស់គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេសម្រាប់ការអភិវឌ្ឍ វិស័យទេសចរណ៍នៅខេត្តសៀមរាបស្តីពី ការស្នើសុំឲ្យក្រុមហ៊ុន ស៊ូ ជីង រៀបចំអភិវឌ្ឍន៍ និងកែលម្អបន្ថែមកំពង់ផែចុងឃ្នៀស បឹងទន្លេសាប ដោយក្រុមហ៊ុនស៊ូ ជីង។

ក្រុមហ៊ុនស៊ូ ជីង បានព្រមព្រៀងធ្វើកិច្ចសន្យា សង់កំពង់ផែសម្រាប់អ្នកដំណើរ កាលពីខែឧសភា ឆ្នាំ ២០០៧ ក្នុងទឹកប្រាក់២លានដុល្លារអាមេរិក។

តំបន់ចុងឃ្នៀស ដែលស្ថិតនៅលើផ្ទៃបឹងទន្លេសាប ក្នុងសង្កាត់ចុងឃ្នៀសក្រុងសៀ​ម​​រាប មានចម្ងាយប្រមាណ១៤គីឡូម៉ែត្រពីក្រុងសៀមរាប បច្ចុប្បន្នបាននិងកំពុងទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើន ចូលមកទស្សនាកម្សាន្ត មើលទេសភាពថ្ងៃលិចដ៏ស្រស់ត្រកាលនៅលើផ្ទៃបឹងទន្លេសាប ដែលល្បីខាងសម្បូរត្រីទឹកសាបក្នុងតំបន់ និងពិភពលោក។ ពិសេសអ្នកទេសចរនិងបានពិនិត្យមើលពីជីវភាព រស់នៅរបស់ប្រជាពលរដ្ឋនៅលើផ្ទៃទឹកបឹងទន្លេសាប ដែលគេនិយមហៅជាទូទៅថា ផ្ទះបណ្តែតទឹក ឬអ្នកភូមិបណ្តែតទឹកនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here