ដោយវុត្ថា
ភ្នំពេញ៖ វិថីមួយដែលមានឈ្មោះថា Park Road នៅក្នុងទីក្រុង Dhaka នៃប្រទេសបង់ក្លាដេស ប្រសិទ្ធនាមជា “ King Norodom Sihanouk Road “ ត្រូវបានសម្ពោធដាក់ឱ្យដំណើរជាផ្លូវការកាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២០ ម្សិលមិញនេះ។ នេះ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Dhakaribunes។
លោក Md Tajul Islam រដ្ឋមន្ត្រីរដ្ឋាភិបាលមូលដ្ឋាន អភិវឌ្ឍន៍ជនបទ និងសហប្រតិបត្តិការ បានចូលរួមសម្ពោធវិថី King Norodom Road ដែលរៀបចំដោយអង្គការ Dhaka North Corporation ។ លោកថ្លែងថាប្រទេសបង់ក្លាដេស និងកម្ពុជាគឺជាមិត្តល្អ ហើយការសម្រេចប្តូរឈ្មោះមហាវិថី Dhaka បន្ទាប់ពីមានការសន្យារបស់លោកស្រីនាយករដ្ឋមន្ត្រី Sheikh Hasina ខណៈ វិថី Bangabandhu Sheikh Mujibur Rahman នឹងត្រូវបើកសម្ពោធនៅទីក្រុងភ្នំពេញនាខែមេសាខាងមុខនេះ។
កិច្ចព្រមព្រៀងប្រសិទ្ធនាមឈ្មោះផ្លូវ King Norodom Sihanouk Road និង Bangabandhu Sheikh Mujibur Rahman Road ត្រូវបានធ្វើនៅក្នុងអំឡុងទស្សនកិច្ចផ្លូវរដ្ឋរបស់លោកស្រីនាយករដ្ឋមន្ត្រីបង់ក្លាដេស Sheikh Hasina នៅកម្ពុជា កាលពីឆ្នាំ២០០១។
ហ្វេសបុកផ្លូវការ Royal Du Cambodge ឱ្យដឹងដែរថា ព្រះបរមនាមដ៏ខ្ពង់ខ្ពស់ នៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានប្រសិទ្ធនាមលើដងវិថីដ៏សំខាន់មួយ ក្នុងទីក្រុង Dhaka នៃប្រទេសបង់ក្លាដេស ដែលត្រូវបានប្រារព្ធពិធីប្រសិទ្ធនាមជា “ King Norodom Sihanouk Road “ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។ សូមថ្វាយមហាព្រះរាជកុសល ។
ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ បានធ្វើជានាយករដ្ឋមន្រ្តី និងជាព្រះមហាក្សត្រនៃប្រទេសកម្ពុជាចំនួនពីរលើក នៅក្នុងឆ្នាំ ១៩៤១ ដល់ឆ្នាំ ១៩៥៥ និងឆ្នាំ ១៩៩៣ ដល់ឆ្នាំ ២០០៤។ ព្រះអង្គបានទទួលមរណភាពនៅថ្ងៃទី ១៥ ខែតុលាឆ្នាំ ២០១២ ៕