
ដោយ ប៊ី
ភ្នំពេញៈ “ទោះបីយើងរស់នៅកន្លែងផ្សេងគ្នាក៏ដោយ ក៏យើងរស់នៅក្រោមមេឃតែមួយ”។ នេះបើតាមសរសេរស្លាកនៅជ្រុងម្ខាង នៃប្រអប់ដែលមានរបាំងមុខ និងទែរម៉ូម៉ែត្រដែលផ្ញើរ ទៅប្រទេសចិនពីសមាគមអភិវឌ្ឍន៍យុវជនជប៉ុន (JYDA)។

កាលពីជាង១.៣០០ឆ្នាំមុន ចៅប្រុសម្នាក់របស់អធិរាជជប៉ុន បានផ្ញើកំណាព្យបុរាណនោះទៅកាន់ព្រះសង្ឃចិនជាន់ខ្ពស់មួយអង្គ ដែលមានឈ្មោះថា Ganjin។ កំណាព្យនោះបានជម្រុញ ឱ្យព្រះសង្ឃរូបនេះទៅប្រទេសជប៉ុន ដើម្បីផ្សព្វផ្សាយលិទ្ឋព្រះពុទ្ធសាសនា។
ដូចគ្នានឹងអ្វីបានលើកឡើងអញ្ចឹង កំណាព្យនោះបាននិងកំពុងល្បីល្បាញដល់សព្វថ្ងៃនេះ ហើយវាក៏ល្បីនៅលើបណ្តាញសង្គម Weibo ដែលមានផុសច្រើនជាង៣៩,០០០ ដង។ សូម្បីតែអតីតនាយករដ្ឋមន្រ្តីជប៉ុន យូគីអូ ហាតូយ៉ាម៉ា (Yukio Hatoyama) ក៏បានចែករំលែកវាជាមួយអ្នកតាមដានធ្វីតធ័ររបស់លោកផងដែរ។
ខណៈប្រទេសចិន កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃមេរោគឆ្លង COVID-19 ដែលបានសម្លាប់មនុស្សច្រើនជាង២៧០០នាក់ និងឆ្លងច្រើនជាង៨០,០០០នាក់ ប្រទេសជប៉ុនបានបង្ហាញថា ជាសម្ព័ន្ធមិត្តមួយជាមួយចិន។
កាលពីដើមខែនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកGeng Shuang បានកោតសរសើរជប៉ុន ចំពោះការគាំទ្រមកលើប្រទេសចិន។
ផ្ទុយទៅវិញ លោក Geng បានចោទប្រកាន់សហរដ្ឋអាមេរិក ពីទង្វើហួសហេតុ និងផ្សព្វផ្សាយការភ័យខ្លាច ដោយបានជម្លៀសបុគ្គលិកចេញពីស្ថានកុងស៊ុលរបស់ខ្លួន នៅទីក្រុង Wuhan និងដាក់បំរាមលើការធ្វើដំណើររបស់អ្នកដំណើរចិន។
កំណាព្យនេះ បានបង្ហាញពីការមិត្តភាពល្អ ក្នុងទំនាក់ទំនងរវាងសត្រូវចាស់ ដែលអាចឆ្លុះបញ្ចាំងពីដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់នាយករដ្ឋមន្រ្តីជប៉ុនស៊ីនហ្សូ អាបេទៅកាន់ទីក្រុងប៉េកាំងកាលពីឆ្នាំ២០១៨។
ខណៈទីក្រុងតូក្យូ និងទីក្រុងប៉េកាំងសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់មេដឹកនាំចិនលោកស៊ី ជីនពីង ទៅកាន់ប្រទេសជប៉ុននៅខែមេសាខាងមុខ នឹងមិនត្រូវលុបចោល ចំពេលមានការរីករាលដាលនៃវីរុសនេះទេ។ ការផ្តោតអារម្មណ៍ជាថ្មីគឺថា តើប្រទេសដែលមានសេដ្ឋកិច្ចធំលំដាប់ទី២ និងទី៣ អាចធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅយ៉ាងដូចម្តេច។
ការផ្លាស់ប្តូរឥរិយាបថរបស់ជនជាតិចិន
ជម្លោះដែនដីដ៏ជូរចត់ និងភាពសោកសៅ ដែលកើតមានជាយូរមកហើយតាំងពីសង្គ្រាមលោកលើកទី២ បានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងជប៉ុន និងចិនអស់ជាច្រើនទសវត្សរ៍។
ក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២ កងទ័ពអធិរាជជប៉ុនទទួលខុសត្រូវក្នុងយុទ្ធនាការ១៩៣៧ នៃការរំលោភ ការសម្លាប់ និងការលួចប្លន់ ដែលត្រូវបានគេស្គាល់ថាជាការសម្លាប់រង្គាលណានជីង ដែលក្នុងនោះមានមនុស្សប្រមាណ៣០០,០០០នាក់បានស្លាប់។ ការវាយប្រហារតាមអាកាសរបស់ជប៉ុន ក្នុងអំឡុងពេលសង្គ្រាមក៏បានបង្កការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់ជនស៊ីវិលចិននៅឆុងឈីង ដោយបានសម្លាប់មនុស្សប្រមា ណ៣២,០០០ នាក់នៅចន្លោះខែ កុម្ភៈ ឆ្នាំ១៩៣៨ និងខែសីហាឆ្នាំ១៩៤៣។
ចិន និងជប៉ុនតែងតែជជែកវែកញែកអំពីអតីតកាលដែលគួរចងចាំ
រដ្ឋាភិបាលជប៉ុនជោគជ័យក្នុងការ “សុំទោស”ដោយមាននាយករដ្ឋមន្រ្តីមួយចំនួនបង្ហាញការសោកស្តាយ ចំពោះសកម្មភាពរបស់ជប៉ុនក្នុងសង្គ្រាម ប៉ុន្តែប្រជាជនចិនជាច្រើនជឿជាក់ថា ជប៉ុនមិនបានទទួលស្គាល់គ្រប់គ្រាន់ នូវទំហំនៃការកាន់កាប់ដ៏ឃោរឃៅរបស់ប្រទេសនេះ ក្នុងកំឡុងសង្គ្រាមលោកលើកទី២។
ភាពតានតឹងបានផ្ទុះឡើងក្នុងឆ្នាំ២០១៣ នៅពេលដែលការប្រឈមមុខដាក់គ្នាលើកោះតាវយូ ឬសេនកាគូ ដែលមានវិវាទនៅសមុទ្រចិនខាងកើត បានបញ្ឆេះដល់អារម្មណ៍ជាតិនិយមទាំងសងខាង និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងសេដ្ឋកិច្ច។
នៅពេលនោះ ប្រជាជនចិន៩២,៨% ដែលត្រូវបានស្ទាបស្ទង់មតិ មានឥទិ្ធពលអវិជ្ជមានចំពោះប្រទេសជប៉ុន។ នេះបើយោងតាមអង្គភាពមិនរកប្រាក់ចំណេញ Genron របស់ជប៉ុន ដែលបានធ្វើការស្ទង់មតិប្រចាំឆ្នាំស្តីពីទំនាក់ទំនងជប៉ុន និងចិន។
ទោះយ៉ាងណា នៅឆ្នាំ២០១៩ ចំនួនប្រជាជនចិន ដែលមាន“អារម្មណ៍អវិជ្ជមាន” អំពីប្រទេសជប៉ុន បានធ្លាក់ចុះស្ទើរតែពាក់កណ្តាលដល់៥២,៨%។
នេះជាអ្វីដែលជាការប៉ុនប៉ងរបស់លោក អាបេ ដើម្បីធ្វើឱ្យមានទំនាក់ទំនងកក់ក្តៅ ជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនពីង ដោយមានការអញ្ជើញម្តងហើយម្តងទៀតដើម្បីពិភាក្សាគ្នា ក្នុងគោលបំណងស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ បន្ទាប់ពីជម្លោះកោះដែលមានជម្លោះ។ ទីបំផុតអ្នកទាំងពីរបានជួបគ្នានៅAPEC ក្នុងឆ្នាំ ២០១៤ ហើយចាប់ដៃគ្នានៅមុខកាមេរ៉ារបស់ពិភពលោក។
លោក អាបេ បាននិយាយបន្ទាប់ពីកិច្ចប្រជុំថា “នេះគឺជាជំហានដំបូងឆ្ពោះទៅរកការធ្វើឱ្យប្រសើរឡើងនៃទំនាក់ទំនងទ្វេភាគី ដោយផ្អែកលើគោលការណ៍នៃទំនាក់ទំនងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាយុទ្ធសាស្ត្រ”។
នៅពេលទំនាក់ទំនងនយោបាយមានភាពល្អប្រសើរ អ្នកទេសចរចិនចាប់ផ្តើមកក់ដំណើរកម្សាន្តទៅប្រទេសជប៉ុន និងបង្កើតទស្សនៈវិជ្ជមានផ្ទាល់ខ្លួន លើវប្បធម៌ជប៉ុន។ នេះបើយោងតាមលោកYasushi Kudo ប្រធានអង្គភាព Genron។
នៅឆ្នាំ២០១៨ ប្រជាជនចិន៨,៣៨ លាននាក់ បានធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនកើនឡើង៦ដង បើធៀបនឹងឆ្នាំ២០១៣។ អតិថិជនចិនក៏កំពុងមើលរឿងរបស់ជប៉ុននៅលើប្រព័ន្ធផ្សព្វផ្សាយវីឌីអូដូចជា Bilibili ដែលមានអ្នកប្រើប្រាស់ប្រចាំថ្ងៃប្រហែល៣៧,៦ លាននាក់ ដោយស្វែងរកព័ត៌មានអំពីប្រទេសជប៉ុន នៅលើបណ្តាញសង្គមជាជាងនៅលើគេហទំព័រព័ត៌មានក្នុងស្រុក។

លោក Kudo មានប្រសាសន៍ថា ខណៈយុវជនសម័យថ្មីចិន ដែលមានកម្លាំងទិញ កំពុងធ្វើដំណើរកាន់តែច្រើន ដូចគ្នានោះជប៉ុនក៏មិនអាចនិយាយដូចគ្នាបានដែរ។ ស្របពេលដែលសេដ្ឋកិច្ចជប៉ុនធ្លាក់ចុះ និងរាប់ពាន់ឆ្នាំប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជាចំនួនប្រជាជនវ័យចំណាស់ និងប្រាក់បៀវត្សរ៍ថេរមិនមានបំណង ចង់ស្វែងរកពិភពលោកថ្មីទេ។
លោកKudo បាននិយាយថា “អ្នកបង្ហាញចំណាប់អារម្មណ៍របស់ប្រទេសមួយផ្សេងទៀតដោយទៅទីនោះ និងរាប់អានមិត្តភក្តិ ប៉ុន្តែប្រជាជនជប៉ុនមិនទៅប្រទេសចិនច្រើនទេ។ ពួកគេបង្កើតគំនិតរបស់ពួកគេ ដោយផ្អែកលើរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយជប៉ុន”៕ (CNN)៕





