ដោយវុត្ថា
ភ្នំពេញៈ អនុលោមតាមស្មារតីប្រកាសអន្តរក្រសួងលេខ ០២ ប្រកច.០៣ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៣ រវាងក្រសួងយុត្តិធម៌ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ស្តីពី ការកំណត់ភារកិច្ចរបស់តុលាការ និងគណៈកម្មការសុរិយោដីពាក់ព័ន្ធនឹងវិវាទដីធ្លី បានបែងចែកជាវិវាទដីធ្លីជា ០២ (ពីរ)។
ប្រភេទ១ វិវាទដីធ្លីដែលបានចុះបញ្ជីរួចហើយ គឺដីធ្លីដែលមានប័ណ្ណសម្គាល់សិទ្ធិគ្រប់ប្រភេទចេញដោយរដ្ឋបាលសុរិយោដី ត្រូវស្ថិតក្រោមសមត្ថកិច្ចរបស់តុលាការ និង២៖ វិវាទដីធ្លីដែលមិនទាន់បានចុះបញ្ជីសុរិយោដី គឺដីធ្លីដែលពុំទាន់មានប័ណ្ណសម្គាល់សិទ្ធិគ្រប់ប្រភេទចេញដោយរដ្ឋបាលសុរិយោដី ត្រូវស្ថិតក្រោមសមត្ថកិច្ចរបស់គណៈកម្មការសុរិយោដី។
១៖ ការដោះស្រាយវិវាទរបស់គណៈកម្មការសុរិយោដី
គណៈកម្មការសុរិយោដីត្រូវបានបង្កើតឡើង តាមអនុក្រឹត្យលេខ៤៧ អនក្រ.បក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០០២ ដែលក្នុងនោះរួមមានគណៈកម្មការសុរិយោដី ៣ (បី) ថ្នាក់គឺ គណៈកម្មការសុរិយោដីថ្នាក់ក្រុង ស្រុក ខណ្ឌ គណៈកម្មការសុរិយោដីថ្នាក់រាជធានី ខេត្ត និងគណៈកម្មការសុរិយោដីថ្នាក់ជាតិ។
ចំពោះវិធានស្ដីពីនីតិវិធីផ្សេងៗរបស់គណៈកម្មការសុរិយោដី ត្រូវបានកំណត់នៅក្នុងប្រកាសលេខ ១១២ ដនស/ប្រក ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០០២ ស្ដីពីគោលការណ៍ណែនាំ និងនីតិវិធីរបស់គណៈកម្មការសុរិយោដី។
ដោយនៅក្នុងនោះ គណៈកម្មកាសុរិយោដីមានបេសកកម្ម ដោះស្រាយវិវាទដីធ្លី (ដីគ្មានប័ណ្ណចេញដោយរដ្ឋបាលសុរិយោដី) ដែលមិនទាន់ចុះបញ្ជីសុរិយោដី ដែលស្ថិតនៅក្រៅតំបន់វិនិច្ឆ័យ ឬក្នុងតំបន់វិនិច្ឆ័យ ដែលមិនអាចសម្រុះសម្រួលបាន ដោយគណៈកម្មការរដ្ឋបាល និងមិនមែនជាវិវាទដីធ្លីដែលពាក់ព័ន្ធនឹង បណ្តឹងទាមទារបែងចែកមរតក ឬវិវាទអំពីកិច្ចសន្យា ទិញលក់ ជួល ឬបញ្ចាំ ជាដើម។
២៖ ការដោះស្រាយវិវាទដោយស្ថាប័នតុលាការ
តុលាការមានសមត្ថកិច្ចដោះស្រាយលើ ទំទាស់ដីធ្លីណាដែលបានចុះបញ្ជី និងដីដែលបានផ្ដល់ប័ណ្ណកម្មសិទ្ធិរួចរាល់ហើយ បើយោងតាមប្រកាសរួមលេ ០៣ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០០៣ របស់ក្រសួងយុត្ដិធម៌ និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។
តុលាការក៏មានសមត្ថកិច្ចផងដែរ ចំពោះបណ្ដឹងតវ៉ានឹងសេចក្ដីសម្រេចរបស់គណៈកម្មធិការសុរិយោដីថ្នាក់ជាតិ។ ក្រៅពីនោះតុលាការក៏មានសមត្ថកិច្ចផងដែរ ពាក់ព័ន្ធនឹងដីមិនទាន់ចុះបញ្ជី (មិនទាន់ចេញប័ណ្ណកម្មសិទ្ធិ) ដូចជាករណីបណ្ដឹងបែងចែកមត៌ក បណ្ដឹងពាក់ព័ន្ធនឹងការទិញលក់ និងការអនុវត្ដសិទ្ធិប្រាតិភោគលើអចលនវត្ថុជាអាទិ៍។ ចំពោះវិវាទដីធ្លី គឺជាប្រភេទរឿងក្ដីរដ្ឋប្បវេណី។ ដូចនេះភាគី និងតុលាការត្រូវអនុវត្ដតាមគោលការណ៍នៃនីតិវិធីផ្នែករដ្ឋប្បវេណីចំពោះបណ្ដឹងពាក់ព័ន្ធនឹងដីធ្លី។
សរុបជារួមមកវិញ ចំពោះយន្ដការសម្រាប់ដោះស្រាយវិវាទដីធ្លីនៅកម្ពុជា មានពីរប្រភេទ គឺយន្ដការដោះស្រាយវិវាទ ដោយគណៈកម្មការសុរិយោដី ចំពោះដីដែលមិនទាន់បានចុះបញ្ជី និងការដោះស្រាយដោយស្ថាប័នតុលាការចំពោះដី ដែលបានចុះបញ្ជីរួចរាល់ និងមានប័ណ្ណកម្មសិទ្ធិ។
ហេតុដូចនេះសូមបញ្ជាក់ថា រាល់វិវាទដីធ្លីដែលមិនទាន់ចុះបញ្ជី ត្រូវតែបញ្ជូនទៅដោះស្រាយនៅគណៈកម្មការសុរិយោដីជាមុនសិន មុននឹងប្ដឹងមកតុលាការ៕