ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការស្ទង់មតិមួយដោយក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Colliers បានបង្ហាញថា បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្តកំពុងផ្លាស់ប្តូរទិដ្ឋភាពរបស់ទីផ្សារអចលនទ្រព្យ ខណៈចំនួន៧៣ភាគរយនៃក្រុមអ្នកជំនាញក្នុងឧស្សាហកម្មនេះរំពឹងថា បច្ចេកវិទ្យា AI នឹងអាចជំរុញឱ្យមានការវិវឌ្ឍន៍ថ្មីៗ។
ចំនួនជាង៦០ភាគរយនៃក្រុមអ្នកជំនាញក្នុងឧស្សាហកម្មអចលនទ្រព្យ កំពុងប្រើប្រាស់បច្ចេកវិទ្យា AI ឬគ្រោងចាប់យកបច្ចេកវិទ្យា AI ក្នុងរយៈពេល១៨ខែខាងមុខ ដោយបង្ហាញពីការផ្លាស់ប្តូរឆ្ពោះទៅរកការសម្រេចចិត្តប្រកបដោយភាពឈ្លាសវៃ។
លោក Mike Davis អ្នកជំនាញជាន់ខ្ពស់ប្រចាំតំបន់អាសុីប៉ាសុីហ្វិកនៅក្រុមហ៊ុន Colliers អះអាងថា “AI កំពុងជួយដល់បណ្តាក្រុមហ៊ុនអចលនទ្រព្យនានាក្នុងការរៀបចំផែនការបានលឿនរហ័សជាងមុន។ តាមរយៈការវិភាគសំណុំទិន្នន័យធំៗ AI អាចកំណត់យុទ្ធសាស្រ្តផលបត្របានយ៉ាងឆាប់រហ័ស និងព្យាករណ៍និន្នាការទីផ្សារ តម្រូវការអ្នកជួល និងបរិបទសេដ្ឋកិច្ច”។








