ដោយៈ ម៉ាណា
ភ្នំពេញៈ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ នៃក្រុមតន្ត្រីអូខេស្ត្រានៃវង់តន្ត្រីយុវជនអង្គរ Angkor Youth Orchestra Association (ANYO)។
ជំនួបនេះដឹកនាំដោយ លោកស្រី ទេព គន្ធារ៉េត នាយិកានៃក្រុមវង់តន្ត្រីយុវជនអង្គរ(ANYO) និងមានការចូលរួមពីសំណាក់ លោកស្រីបណ្ឌិត Miya Choi គ្រូបង្រៀនព្យាណូស្ម័គ្រចិត្ត នៅអនុវិទ្យាល័យវិចិត្រសិល្បៈ អ្នកនិពន្ធ និងជាសាស្រ្តាចារ្យ នៃវិទ្យាសា្ថន Cambodia Presbyterian Theological និង លោកបណ្ឌិត Myung Whan (Johann) Kim សាស្រ្តាចារ្យនៃវិទ្យាសា្ថនCambodia Presbyterian Theological។
តាមរយៈជំនួបនេះ តំណាងក្រុមតន្ត្រីយុវជនអង្គរ(ANYO) និង សមាគមសៀវភៅសិក្សាតន្ត្រីកម្ពុជា (Cambodia Music Textbook Society) បានបង្ហាញសៀវភៅសិក្សាតន្ត្រី តាមកម្រិតជាច្រើនក្បាល ជូនចំពោះ លោកឧបនាយករដ្ឋមន្ត្រី ដើម្បីត្រួតពិនិត្យវាយតម្លៃ និងកែលម្អ មុនឈានទៅបោះពុម្ព សម្រាប់ប្រើប្រាស់បង្រៀនតន្ត្រីនៅតាមសាលារៀនគោលដៅមួយចំនួន។
ជាមួយគ្នានេះដែរ តំណាងក្រុមតន្ត្រីយុវជនអង្គរ បានលើកឡើងពាក់ព័ន្ធ នឹងគម្រោងរៀបចំការបណ្ដុះបណ្ដាលគ្រូបង្រៀនតន្រ្តី ក្នុងការប្រើប្រាស់សៀវភៅសិក្សាតន្ត្រីទាំងនេះ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពក្នុងការបង្រៀន និងស្នើសុំកិច្ចសម្របសម្រួលរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការរៀបចំជាសញ្ញាបត្រទទួលស្គាល់សមត្ថភាពក្រោយបញ្ចប់វគ្គបណ្ដុះបណ្តាល ដើម្បីឱ្យគ្រូដែលបានឆ្លងកាត់ការបណ្តុះបណ្ដាលនេះ អាចប្រើប្រាស់សម្រាប់ការបង្រៀនតន្រ្តី នៅតាមសាលារដ្ឋ និងសាលាឯកជននានា។
ជាការឆ្លើយតប តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ប្រតិភូនៃក្រុមតន្ត្រីអូខេស្ត្រានៃវង់តន្ត្រីយុវជនអង្គរ សមាគមសៀវភៅសិក្សាតន្ត្រីកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ ចំពោះការយកចិត្តដាក់ខិតខំប្រឹងប្រែង រៀបចំចងក្រងសៀវភៅតន្រ្តីជាច្រើនក្បាលនេះឡើង ប្រកបដោយគុណភាព និងមានភាពទាក់ទាញសម្រាប់កុមារ និងយុវជនវ័យក្មេង ព្រមទាំងបានឯកភាពគាំទ្រដល់ការរៀបចំ វគ្គបណ្ដុះបណ្ដាលគ្រូបង្រៀនតន្រ្តី (ជាមួយសៀវភៅសិក្សាតន្រ្តី) និងគាំទ្រដល់ការសម្របសម្រួល ក្នុងដំណើរការនេះឱ្យរលូន និងជោគជ័យ។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែករបស់ក្រុមការងារតន្ត្រីអូខេស្ត្រានៃវង់តន្ត្រីយុវជនអង្គរ និង សមាគមសៀវភៅសិក្សាតន្ត្រីកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា តាមរយៈការបង្ហាត់បង្រៀនតន្ត្រី ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការជំរុញការលូតលាស់ខួរក្បាលរបស់កុមារ ជាពិសេសផ្តល់ឱកាសដល់កុមារដែលមានទេពកោលស្យខាងតន្ត្រី អាចបញ្ចេញសមត្ថភាពសម្រេចក្តីស្រមៃរបស់ខ្លួន។
សម្រាប់ជំហានបន្ទាប់ លោកឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ សូមឱ្យក្រុមការងារវង់តន្ត្រីយុវជនអង្គរ ធ្វើការងាររួមគ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា រៀបចំកម្មវិធីសម្ពោធសៀវភៅសិក្សាតន្ត្រីទាំងនេះ ដើម្បីផ្តល់ជាព័ត៌មាន លើកកម្ពស់ការទទួលស្គាល់ និងជំរុញការប្រើប្រាស់ឱ្យបានទូលំទូលាយពីគ្រប់មជ្ឈដ្ឋាន៕