ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ តំណាងក្រុមអ្នកវិនិយោគមកពីវិស័យឯកជន បានគាំទ្រចំណាត់ការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានសម្រេចរឹតបន្តឹង ក្នុងការផ្តល់អាជ្ញាប័ណ្ណសម្រាប់គំរោងវិនិយោគវិស័យសំណង់ និងអចលនវត្ថុកម្ពុជា។
នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Cambodia Angkor Real Estate លោកពឹង សេរីបានថ្លែងឲ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី២៤ តុលានេះថា ការរឹតបន្តឹងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាការល្អណាស់ ព្រោះវាជាការបង្ហាញពីតួលេខពិតប្រាកដ ក្នុងការវិនិយោគលើវិស័យនេះ ដើម្បីកុំឲ្យមានអ្នករងគ្រោះបន្ថែមទៀត ដូចករណីអ្នកទិញអាគារ Gold Towr42 ជាដើម។លោកបន្តថា កន្លងមកមានក្រុមហ៊ុនខ្លះយកប្លង់ដីដាក់ធនាគារ ហើយប្រកាសគម្រោងវិនិយោគរបស់ខ្លួន ដើម្បីលក់យកលុយទៅសាងសង់ ប៉ុន្តែនៅពេលលក់មិនបានគំរោងរបស់ពួកគេជាប់គាំង ហើយប្រជាជនជាអ្នករងគ្រោះ។
-->
លោកបន្តថា “យើងចង់ឲ្យមានការសាងសង់សិន ចាំប្រកាសលក់ កុំប្រកាសតែគំរោងហើយចាប់ផ្តើមលក់ វាមានហានិភ័យណាស់។

លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា ការចេញច្បាប់របស់ក្រសួងនេះហាក់យឺតពេលបន្តិច ព្រោះច្បាប់នេះលោកបានលើកឡើងជារឿយៗ រយៈពេលបីបួនឆ្នាំមកហើយ ប៉ុន្តែក៏មិនអីនោះទេសម្រាប់ការរៀបចំច្បាប់នាពេលនេះ មិនទាន់ហួសពេលនៅឡើយទេ។លោកបន្តថា ច្បាប់នេះនឹងប៉ះពាល់ ដល់អ្នករកស៊ីឆក់កណ្តៀត ឬរកស៊ីមិនត្រឹមត្រូវ ប៉ុន្តែអ្នកគោរពច្បាប់មិនមានផលប៉ះពាល់នោះទេ។
លោកបន្តថា “ច្បាប់នេះជាការជួយកាត់បន្ថយគំរោងខ្យល់ ព្រោះកន្លងមកមានអ្នកខ្លះដាក់ដីបញ្ចាំនៅធនាគារ ហើយមកប្រកាសលក់គំរោង ដែលគំរោងបែបនេះមានហានិភ័យខ្ពស់ណាស់។លោកបន្ថែមថា “ច្បាប់នេះល្អសម្រាប់សង្គម និងធ្វើឲ្យប្រាកដថាអ្នកមានលុយពិតប្រាកដ ទើបអាចវិនិយោគគំរោងអចលនទ្រព្យបាន។

ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ា លី ហួរ បានថ្លែងថា កន្លងមកមានបញ្ហាអ្នកពុះដីឡូត៍លក់មួយចំនួន បានបង្ហាញគំរោងរបស់ពួកគេមានចម្ងាយប៉ុន្មានពីក្រុងភ្នំពេញ ហើយបានប្រកាសលក់ក្នុងតម្លៃថោកៗ ប៉ុន្តែមិនដឹងដីនៅឯណា ហេតុនេះទើបក្រសួងមានការព្រួយបារម្ភពីហានិភ័យផ្សេងៗ ទើបរៀបចំច្បាប់នេះ។លោកបន្តថា លោកគិតថាច្បាប់នេះមិនមែនជាការរឹតបន្តឹងអ្វីដល់អ្នករកស៊ីស្របច្បាប់ទេ តែជាការជួយការពារដល់ប្រជាពលរដ្ឋយើង។
លោកបន្តថា “នេះជាការយកចិត្តទុកដាក់របស់រដ្ឋាភិបាលដល់ប្រជាពលរដ្ឋ ដែលយើងក្នុងនាមវិស័យឯកជនសូមគាំទ្រចំណាត់ការនេះ។
លោក ម៉ី វ៉ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានថ្លែងថា តាមរយៈប្រកាសដែលបានចេញកន្លងមក ក្រសួងតម្រូវឲ្យម្ចាស់គំរោងអភិវឌ្ឍន៍នានា ត្រូវតំកល់ទុន២ភាគរយនៃទុនវិនិយោគសរុបរបស់ពួកគេ ប៉ុន្តែច្បាប់ថ្មីនេះ នឹងតម្រូវឲ្យអ្នកវិនិយោគមានទុនតម្កល់នៅធនាគារ មានការធនាគារពីធនាគារ និងដៃគូវិនិយោគរបស់ពួកគេ និងបង្ហាញពីគណនេយ្យភាព និងតម្លាភាពច្បាស់លាស់ ក្នុងគំរោងវិនិយោគរបស់ពួកគេ ។
លោកបន្តថា “ទោះជាយ៉ាងណាច្បាប់ថ្មីនេះ មិនកំណត់ថាអ្នកវិនិយោគត្រូវមានប្រាក់តម្កល់ប៉ុន្មានភាគរយច្បាស់លាស់នៅឡើយទេ ដោយរង់ចាំការជួបប្រជុំពិភាក្សាជាមួយវិស័យឯកជន ដើម្បីរកធាតុចូលសម្រាប់ដាក់បញ្ចូលក្នុងច្បាប់នេះ”៕