វិស័យ​ឯកជន​គាំទ្រ​ចំណាត់ការ​ក្រសួង​សេដ្ឋកិច្ច រឹតបន្តឹង​អាជ្ញាប័ណ្ណ​សាងសង់

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ តំណាង​ក្រុម​អ្នកវិនិយោគ​មកពី​វិស័យ​ឯកជន បាន​គាំទ្រ​ចំណាត់ការ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​បានសម្រេច​រឹតបន្តឹង ក្នុង​ការផ្តល់​អាជ្ញាប័ណ្ណ​សម្រាប់​គំរោង​វិនិយោគ​វិស័យ​សំណង់ និង​អចលនវត្ថុ​កម្ពុជា។

នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Cambodia Angkor Real Estate លោក​ពឹង សេរី​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី២៤ តុលា​នេះ​ថា ការ​រឹតបន្តឹង​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ជាការ​ល្អ​ណាស់ ព្រោះ​វា​ជាការ​បង្ហាញ​ពី​តួលេខ​ពិតប្រាកដ ក្នុងការ​វិនិយោគ​លើ​វិស័យនេះ ដើម្បី​កុំ​ឲ្យ​មាន​អ្នករងគ្រោះ​បន្ថែមទៀត ដូច​ករណី​អ្នកទិញ​អាគារ Gold Towr42 ជាដើម។លោក​បន្តថា កន្លងមក​មាន​ក្រុមហ៊ុន​ខ្លះ​យក​ប្លង់ដី​ដាក់​ធនាគារ ហើយ​ប្រកាស​គម្រោង​វិនិយោគ​របស់ខ្លួន ដើម្បី​លក់​យកលុយ​ទៅ​សាងសង់ ប៉ុន្តែ​នៅពេល​លក់​មិនបាន​គំរោង​របស់​ពួកគេ​ជាប់គាំង ហើយ​ប្រជាជន​ជា​អ្នករងគ្រោះ។

លោក​បន្តថា “យើង​ចង់​ឲ្យ​មានការ​សាងសង់​សិន ចាំ​ប្រកា​សលក់ កុំ​ប្រកាស​តែ​គំរោង​ហើយ​ចាប់ផ្តើម​លក់ វា​មាន​ហានិភ័យ​ណាស់។

លោក គីម ហ៊ាង ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ថ្លែងថា ការចេញ​ច្បាប់​របស់​ក្រសួង​នេះ​ហាក់​យឺត​ពេល​បន្តិច ព្រោះ​ច្បាប់​នេះ​លោក​បានលើកឡើងជារឿយៗ រយៈពេល​បី​បួន​ឆ្នាំ​មកហើយ ប៉ុន្តែ​ក៏​មិន​អី​នោះទេ​សម្រាប់​ការរៀបចំ​ច្បាប់​នាពេលនេះ មិនទាន់​ហួសពេល​នៅឡើយ​ទេ។លោក​បន្តថា ច្បាប់​នេះ​នឹង​ប៉ះពាល់ ដល់​អ្នករកស៊ី​ឆក់កណ្តៀត ឬ​រកស៊ី​មិន​ត្រឹមត្រូវ ប៉ុន្តែ​អ្នកគោរពច្បាប់​មិនមាន​ផលប៉ះពាល់​នោះទេ។

លោក​បន្តថា “ច្បាប់​នេះ​ជា​ការជួយ​កាត់បន្ថយ​គំរោង​ខ្យល់ ព្រោះ​កន្លងមក​មាន​អ្នកខ្លះ​ដាក់​ដី​បញ្ចាំ​នៅ​ធនាគារ ហើយ​មក​ប្រកា​សលក់​គំរោង ដែល​គំរោង​បែបនេះ​មាន​ហានិភ័យ​ខ្ពស់​ណាស់។លោក​បន្ថែមថា “ច្បាប់​នេះ​ល្អ​សម្រាប់​សង្គម និង​ធ្វើ​ឲ្យ​ប្រាកដថា​អ្នកមាន​លុយ​ពិតប្រាកដ ទើប​អាច​វិនិយោគ​គំរោង​អចលនទ្រព្យ​បាន។

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា លោក​ឧកញ៉ា លី ហួរ បាន​ថ្លែងថា កន្លងមក​មាន​បញ្ហា​អ្នក​ពុះ​ដីឡូត៍​លក់​មួយចំនួន បានបង្ហាញ​គំរោង​របស់​ពួកគេ​មាន​ចម្ងាយ​ប៉ុន្មាន​ពី​ក្រុងភ្នំពេញ ហើយ​បានប្រកាស​លក់​ក្នុងតម្លៃថោកៗ ប៉ុន្តែ​មិនដឹង​ដី​នៅឯណា ហេតុនេះ​ទើប​ក្រសួង​មានការ​ព្រួយបារម្ភ​ពី​ហានិភ័យផ្សេងៗ ទើប​រៀបចំ​ច្បាប់​នេះ។លោក​បន្តថា លោក​គិតថា​ច្បាប់​នេះ​មិនមែន​ជាការ​រឹតបន្តឹង​អ្វី​ដល់​អ្នករកស៊ី​ស្របច្បាប់​ទេ តែ​ជា​ការជួយ​ការពារ​ដល់​ប្រជាពលរដ្ឋ​យើង។

លោក​បន្តថា “នេះ​ជាការ​យកចិត្តទុកដាក់​របស់​រដ្ឋាភិបាល​ដល់​ប្រជាពលរដ្ឋ ដែល​យើង​ក្នុងនាម​វិស័យ​ឯកជន​សូម​គាំទ្រ​ចំណាត់ការ​នេះ។

លោក​ ម៉ី វ៉ាន់​ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ថ្លែងថា តាមរយៈ​ប្រកាស​ដែល​បានចេញ​កន្លងមក ក្រសួង​តម្រូវ​ឲ្យ​ម្ចាស់​គំរោង​អភិវឌ្ឍន៍​នានា ត្រូវ​តំកល់​ទុន២ភាគរយ​នៃ​ទុនវិនិយោគ​សរុប​របស់​ពួកគេ ប៉ុន្តែ​ច្បាប់​ថ្មី​នេះ នឹង​តម្រូវ​ឲ្យ​អ្នកវិនិយោគ​មាន​ទុន​តម្កល់​នៅ​ធនាគារ មានការ​ធនាគារ​ពី​ធនាគារ និង​ដៃគូ​វិនិយោគ​របស់​ពួកគេ និង​បង្ហាញ​ពី​គណនេយ្យភាព និង​តម្លាភាព​ច្បាស់លាស់ ក្នុង​គំរោង​វិនិយោគ​របស់​ពួកគេ ។

លោក​បន្តថា “ទោះជា​យ៉ាងណា​ច្បាប់​ថ្មី​នេះ មិន​កំណត់ថា​អ្នកវិនិយោគ​ត្រូវមាន​ប្រាក់​តម្កល់​ប៉ុន្មាន​ភាគរយ​ច្បាស់លាស់​នៅឡើយ​ទេ ដោយ​រង់ចាំ​ការជួបប្រជុំ​ពិភាក្សា​ជាមួយ​វិស័យ​ឯកជន ដើម្បី​រក​ធាតុ​ចូល​សម្រាប់​ដាក់បញ្ចូល​ក្នុង​ច្បាប់​នេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here