គម្រោងអភិវឌ្ឍន៍ក្រុងថ្មី ដីមាសសំរោងលើ នឹងសម្ពោធហាងកាហ្វេArabitia Café និងផាប់ភូមិយើងនៅដើមសប្ដាហ៍ក្រោយ

0

ដោយ ៖ រ៉ាណេត

កណ្តាលៈ ដូចទៅនឹងផែនការ ដែលបានគ្រោងទុកទៅលើកិច្ចអភិវឌ្ឍ នៃគម្រោងក្រុងថ្មីដីមាសសំរោងលើ ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល ក្បែរផ្លូវជាតិលេខ៤ លើផ្ទៃដីសរុបប្រមាណ៥០ហិកតា កំពុងតែបន្តសកម្មភាពសាងសង់យ៉ាងមមាញឹក និងគ្រោងបើកដំណើរការជាផ្លូវការ នូវហាងអាហារដ្ឋានដ៏ល្បីឈ្មោះចំនួន២ ព្រមគ្នានៅដើមសប្ដាហ៍ក្រោយនេះ។

ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង និងស្របទៅតាមផែនការរបស់ក្រុមហ៊ុន ខេអេច លែន ដែលប្រឹក្សាលើគម្រោងអភិវឌ្ឍន៍ក្រុងថ្មីដីមាស បានពន្លឿនការ សាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន រួមមានផ្លូវថ្នល់ បណ្តាញអគ្គិសនី ប្រព័ន្ធទឹកស្អាត លំនៅដ្ឋាន ជាពិសេសហាងលក់ទំនិញ អាហារដ្ឋាន ហាងកាហ្វេ ម៉ាកល្បីយ៉ាងមមាញឹក និងគ្រោងបើក សម្ពោធបើកលក់ជាផ្លូវការ នៅត្រឹមព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ខាងមុខនេះ រួមមានហាងកាហ្វេដ៏ល្បីឈ្មោះ Arabitia Café និងផាប់ភូមិយើង។

អ្នកតំណាងដែលទទួលខុសត្រូវ និងគ្រប់គ្រងការអភិវឌ្ឍន៍គម្រោងក្រុងថ្មី ដីមាសសំរោងលើបានបញ្ជាក់ប្រាប់ថា ក្រុមហ៊ុនបានពន្លឿនសកម្មភាពសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងសំណង់ឱ្យស្របទៅ តាមផែនការដែលបានគ្រោងទុក។

ជាក់ស្ដែងរហូតមកដល់ពេលនេះ ក្រៅពីរៀបចំតភ្ជាប់បណ្តាញអគ្គិសនី បណ្តាញបង្ហូរទឹកនិងការបង្ហាប់ដី ក្រុមហ៊ុនបានសម្រេចលើការសាងសង់ហាងលក់កាហ្វេ Arabitia Café ១០០ភាគរយ រួមជាមួយនឹង ផាប់ភូមិយើង ដែលនឹងត្រូវសម្ពោធបើកលក់ជាផ្លូវការនៅដើមសប្ដាហ៍ក្រោយនេះ ក្រោមវត្តមានរបស់លោកអគ្គនាយកហាងកាហ្វេ Arabitia Café ផ្ទាល់ និងម្ចាស់គម្រោងផងដែរ។

ជាមួយគ្នានេះដែរ ជាការអបអរសាទរនៃការបើកសម្ពោធ បើកដំណើរការលក់ជាផ្លូវការ ហាងកាហ្វេArabitia Café បានផ្ដល់ជូននូវកម្មវិធីពិសេស ដោយការបញ្ចុះតម្លៃ៥០ភាគរយ ហើយក្នុងរយៈពេល៧ថ្ងៃបន្ទាប់ អតិថិជននឹងទទួលបានកម្មវិធីទិញ២ ថែមជូន១។ ដោយឡែកសម្រាប់ហាងផាប់ភូមិយើង ក៏មានការបញ្ចុះតម្លៃ៥០ភាគរយក្នុងរយៈពេល៣ថ្ងៃជាប់គ្នាផងដែរ គឺថ្ងៃទី២៤-២៥-២៦ ខែមីនា ឆ្នាំ២០២០។

អ្នកតំណាងរូបនេះបានបន្តទៀតថា សម្រាប់គម្រោងសំណង់លំនៅដ្ឋានផ្ទះល្វែង ត្រូវបានបុកគ្រឹះ នឹងចាក់ធ្នឹម ក្រវ៉ាត់រួចរាល់ និងត្រៀមរៀបឥដ្ឋឡើងជញ្ជាំង ដែលសុទ្ធតែធានាបាននូវគុណភាពកម្រិតស្ដង់ដារសំណង់ត្រឹមត្រូវ ដោយអ្នកជំនាញបានធ្វើការពិសោធន៍ទៅលើកម្រិត នៃគុណភាពល្បាញស៊ីម៉ង់មុនពេលចាក់បេតុងទាំងអស់។ ជាពិសេសកម្រាស់ប្លង់សេនីមួយៗ សុទ្ធតែគោរពទៅតាមបទដ្ឋានសំណង់ ក្រោមការប្រកាន់យក គោលការណ៍សំណង់មានគុណភាពមាន សោភ័ណភាព និងផ្ដល់ផាសុកភាពខ្ពស់ដល់អ្នករស់នៅ។

ក្រុមហ៊ុន ខេអេច លែន គឺជាក្រុមហ៊ុនប្រឹក្សាក្នុងការអភិវឌ្ឍន៍ និងទទួលសិទ្ធលក់នៅក្នុងគម្រោងអភិវឌ្ឍន៍ក្រុងថ្មីដីមាសសំរោងលើ ដែលមានការ បែងចែកជាតំបន់លំនៅដ្ឋាន តំបន់លំហែកាយ និងតំបន់អាជីវកម្ម រួមមាន ផ្ទះល្វែងបែបទំនើប រីសតទំហំ៣ហិកតា ហាងកាហ្វេ ផាប់ ភោជនីយដ្ឋាន ម៉ាត ឱសថដ្ឋាន សាឡន ហាងលក់ទំនិញ ហាងលក់សម្លៀកបំពាក់ និងសួនច្បារសាធារណៈ រួមទាំងហេដ្ឋារចសម្ព័ន្ធជាច្រើនទៀតប្រក​បដោយគុណភាព និងស្តង់ដាខ្ពស់។

គម្រោងក្រុងថ្មី ដែលកំពុងលេចរូបរាងឡើងមួយនេះ ត្រូវបានហ៊ុព័ទ្ធទៅដោយឧស្សាហកម្មធំៗ ជាតំបន់ត្រីកោណសេដ្ឋកិច្ចពិសេស ដែលមានមុំសេដ្ឋកិច្ច៣ធំៗ ៖ មុំសេដ្ឋកិច្ចទីមួយ គឺផ្លូវជាតិលេខ៤ មុំសេដ្ឋកិច្ចទីពីរ ផ្លូវជាតិលេខ៥១ និងម៉ុសេដ្ឋកិច្ចទីបី គឺផ្លូវល្បឿនលឿន៦០ម៉ែត្រ និងគម្រោងផ្លូវរដ្ឋផ្សេងទៀត ដែលមានទំហំ២០ម៉ែត្រ៣០ម៉ែត្រ និង៤៥ម៉ែត្រ ហើយក៏ជាតំបន់ ដែលមានប្រជាជនរស់នៅច្រើនកុះករ មានមន្ទីរពេទ្យ សាលារៀន វត្តអារាម ព្រមទាំងស្ថិតនៅក្នុង គម្រោងអភិវឌ្ឍរបស់រដ្ឋ ដែលនឹងត្រូវកាត់ចូល ក្រុងក្នុងពេលឆាប់ៗខាងមុខនេះទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here