សណ្ឋាគារ ផ្ទះសំណាក់ អាផាតម៉ិនជិត១០០ទីតាំងបានបិទទ្វារនៅកម្ពុជា ដោយសារតែឥទ្ធិពលCovid-19

0

ដោយៈ រ៉ាណេត

សៀមរាបៈ ក្រោមឥទ្ធិពលនៃវិបត្តិនៃការរាតត្បាតមេរោគ Covid-19 បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅលើវិស័យទេសចរណ៍ និងជំរុញឱ្យបណ្តាសណ្ឋាគារ ផ្ទះសំណាក់ និងអាផាតមិនសរុបជិត១០០ទីតាំង ដែលមានបុគ្គលិកបម្រើការងារជាង២០០០នាក់ បានបិទទ្វារ ដោយសារតែគ្មានភ្ញៀវចូលស្នាក់នៅ។

គិតត្រឹមចុងសប្ដាហ៍ទី៣ ខែមីនា ឆ្នាំ២០២០ នេះ មានសណ្ឋាគារចំនួន៤១ ទីតាំង ស្មើនឹង៣១៣៩បន្ទប់ ដែលមាននិយោជិតចំនួន២០១៤នាក់ ក្នុងនោះស្រី៨៤៤នាក់ ប្រុស១១៧០នាក់ ត្រូវបានបិទទ្វារផ្អាកដំណើរការបណ្តោះអាសន្ន ដោយសារតែគ្មានភ្ញៀវចូលស្នាក់នៅ ដោយសារការរីករាលដាលនៃជំងឺCovid-19 ។ នេះបើតាមរបាយការណ៍ក្រសួងទេសចរណ៍។

នៅក្នុងរបាយការណ៍ដដែលបានបង្ហាញទៀតថា នៅក្នុងចំណោមសណ្ឋាគារទាំង៤១ទីតាំងខាងលើនេះ មានសណ្ឋាគារចំនួន១៨ ស្មើ៨៧១បន្ទប់ បានបិទទ្វារទាំងស្រុង ក្នុងនោះសណ្ឋាគារបិទ បានដាក់ពាក្យរួចរាល់មានចំនួន២សណ្ឋាគារ និងមិនទាន់បានមកដាក់ពាក្យមានចំនួន១៦សណ្ឋាគារ ។ ចំណែកសណ្ឋាគារផ្អាកបណ្តោះអាសន្នមានចំនួន២៣សណ្ឋាគារ ស្មើនឹង២២៦៨បន្ទប់ ក្នុងនោះសណ្ឋាគារផ្អាកបានដាក់ពាក្យផ្អាកមានចំនួន១១សណ្ឋាគារ និងមិនទាន់បានដាក់ពាក្យមានចំនួន១២សណ្ឋាគារ។

ក្រៅពីសណ្ឋាគារ ក៏មានអាផាតមិនចំនួន២ទីតាំង ស្មើនឹង១៣៨បន្ទប់ បានបិទទ្វារ។ ដោយឡែក អាជីវកម្មផ្ទះភ្ញៀវ(home stay) ដែលបានបិទមានចំនួន៤១  ហើយសម្រាប់អាជីវកម្ម​ភោជនីយដ្ឋានបានបិទចំនួន២ភោជនីយដ្ឋាន។

ក្រសួងទេសចរណ៍បានធ្វើការសន្និដ្ឋានថា នៅសប្តាហ៍ទី៣ និងទី៤ ខែមីនានេះ អាជីវកម្មទេសចរណ៍មួយចំនួនធំ អាចប្រឈមការបិទទាំងស្រុង ព្រោះមិនមានភ្ញៀវ ដែលធ្វើឱ្យអាជីវកម្ម ជួបបញ្ហាលើការចំណាយសម្រាប់ថ្លៃភ្លើង បុគ្គលិក និងការចំណាយផ្សេងៗទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here