ដោយៈរ៉ាណេត
ភ្នំពេញៈ ប្រទេសជប៉ុនកំពុងសម្លឹងមើល ទីផ្សារការងារនៅប្រទេសកម្ពុជា ក៏ដូចជាកម្លាំងពលកម្មទៅធ្វើការនៅក្រៅប្រទេស ខណៈប្រទេសជាមិត្តរបស់កម្ពុជាមួយនេះ មានគម្រោងត្រូវការជ្រើសរើសពលករជំនាញ មកពីបរទេសលើផ្នែកថែទាំងអគារ សំណង់ដល់ទៅប្រមាណ៣០,០០០នាក់ នាពេលខាងមុខនេះ។
នាយកគ្រប់គ្រងសមាគមថែទាំអគារជប៉ុន លោក ហ៊ីរ៉ូស្ស៊ី ហូរីហ្គូឈិ (Hiroshi HORIGUCHI) បានជម្រាប់ជូនរដ្ឋមន្ត្រីក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ លោក អ៊ិត សំហេង ក្នុងឱកាសដឹកនាំគណៈប្រតិភូនៃមូលនិធិគាំទ្រ ការអប់រំអន្តរជាតិកម្ពុជា (CIESF) និងសមាគមថែទាំអគារជប៉ុននៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះថា សមាគមរបស់ត្រូវការកម្លាំងជំនាញ ផ្នែកថែទាំអគារសរុបចំនួន៣០០០០នាក់ ដោយក្នុងនោះ លោកក៏កំពុងតែសម្លឹងមើលទីផ្សារកម្លាំងជំនាញពីកម្ពុជាផងដែរ។
លោកបានបន្តថា សមាគមថែទាំអគារជប៉ុន មានសមាជិកប្រមាណជា២,៨០០ក្រុមហ៊ុន និងមានបុគ្គិលធ្វើការជាជនជាតិជប៉ុន រួមជាមួយនឹងពលករមកពីបរទេសប្រមាណ១លាននាក់។ លោកបន្តថា ដោយសារប្រទេសជប៉ុនកំពុងជូបប្រទះ នឹងបញ្ហាកំណើនមនុស្សចាស់កើនឡើងខ្ពស់ រីឯកម្លាំងពលកម្មពេញវ័យកំពុងមានកំណើនយឺតនោះ បានធ្វើឱ្យប្រទេសប្រឈមនឹងកង្វះកម្លាំងពលកម្ម ក្នុងនោះការងារលើជំនាញថែទាំអគារនេះក៏អាចនឹងជួបបញ្ហាដូចគ្នាដែរ។
ដូច្នេះ សមាគមត្រូវការជ្រើសរើសកម្លាំងពលកម្ម ពីក្រៅប្រទេសយកទៅបំពេញការងារក្នុងប្រទេសខ្លួន ដែលមានតម្រូវការដល់ទៅប្រមាណ៩០ម៉ឺននាក់ ក្នុងនោះគេត្រូវការកម្លាំងពលកម្មពីក្រៅប្រទេសប្រមាណ៣០,០០០នាក់ ហើយនៅឆ្នាំក្រោយនេះលោកមានបំណងជ្រើសរើសពលករជំនាញពីប្រទេសកម្ពុជា។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានប្រគល់ការងារនេះ ទៅឱ្យអគ្គនាយកដ្ឋានបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ និងអគ្គនាយកដ្ឋានការងារ ឱ្យសហការជាមួយសមាគមថែទាំអគារជប៉ុន ព្រមទាំងសហការជាមួយក្រុមហ៊ុនភ្នាក់ងារបញ្ជូនពលកររបស់កម្ពុជា ដើម្បីប្រកាសជ្រើសរើស បណ្ដុះបណ្ដាលភាសាជប៉ុន និងជំនាញ ប្រលងតេស្ត និងបញ្ជូនពលករទៅធ្វើការនៅប្រទេសជប៉ុន។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា “ចំពោះទីតាំងសម្រាប់ការប្រលងតេស្ត គឺមាន២ជម្រើស ដោយទី១ សមាគមអាចយកគ្រឹះស្ថានបណ្ដុះបណ្ដាលណាមួយ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រៀបចំការប្រឡងតេស្ត ហើយក្រសួងមានគ្រឹះស្ថានដែលបណ្ដុះបណ្ដាលជំនាញលើផ្នែកសំណង់ អគ្គិសនី រថយន្តចំនួន៥កន្លែង និងទី២ សមាគមថែទាំងអគារជប៉ុន អាចសហការជាមួយក្រុមហ៊ុនជ្រើសរើស បណ្ដុះបណ្ដាល និងបញ្ជូនពលករនៅកម្ពុជា ដើម្បីដំណើរការការប្រឡងតេស្តសមត្ថភាព។
ការថែទាំអគារ គឺជាកិច្ចការជំនាញចាំបាច់មួយនៅប្រទេសជប៉ុន ដែលមានទាំងការថែទាំអនាម័យ បរិស្ថាន ការគ្រប់គ្រងគុណភាព សុវត្ថិភាព សោភ័ណភាពសំណង់ និងកិច្ចការសម្អាតទាំងក្នុងអគារ និងបរិវេណជុំវិញអគារ ដែលមានការគាំទ្រ និងទទួលស្គាល់ពីក្រសួងសំណង់ និងរាជរដ្ឋាភិបាលជប៉ុន រហូតដល់មានការចេញច្បាប់ពិសេសមួយសម្រាប់ប្រទេសជប៉ុនផងដែរ ខណៈពេលដែលបច្ចុប្បន្ន ទីផ្សារការងារនេះកំពុងមានតម្រូវការយ៉ាងខ្លាំងនៅប្រទេសជប៉ុន។






