ដោយ ហ្សូលី
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាគ្រោងផ្តល់ការអនុគ្រោះពន្ធ ដល់អ្នកវិនិយោគលើវិស័យផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋប្រើប្រាស់ នៅឆ្នាំ ២០២៥ ខាងមុខ។

ដើម្បីបង្កើនប្រសិទ្ធភាពចែកចាយទឹកស្អាត ជូនដល់ប្រជាពលរដ្ឋកម្ពុជាប្រើប្រាស់គ្រប់គោលដៅសហគមន៍ ពិសេសតំបន់ដាច់ស្រយាលឆ្ងាយៗ អាចទទួលបានទឹកស្អាតប្រើប្រាស់១០០ភាគរយនៅឆ្នាំ២០២៥ ទើបរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បានគិតគូរត្រៀមរៀបចំ ការអនុគ្រោះពន្ធដល់អ្នកវិនិយោគទុនទាំងឡាយដែលវិនិយោគលើប្រព័ន្ធផ្គតផ្គង់ទឹកស្អាតនេះ។
អគ្គនាយករងនៃអគ្គនាយកដ្ឋានទឹកស្អាត ក្រសួងឧស្សាហកម្មនិងសិប្បកម្ម លោក គឺម ធនសំណាងបានថ្លែងថា “ឆ្នាំ២០២៥ខាងមុខ រដ្ឋាភិបាលនឹងចេញគោលនយោបាយថ្មីមួយ ដែលកំពុងធ្វើការការអនុគ្រោះពន្ធដល់អ្នកវិនិយោគ ឬម្ចាស់អាជីវកម្មទឹកស្អាតនេះ១០ភាគរយ ដោយមិនយកគិតពន្ធក្នុងរយៈពេល៣ឆ្នាំដំបូង”។
លោកបន្តថា ការគិតគូរពីគោលនយោបាយបន្ថូរបន្ថយពន្ធ សម្រាប់វិស័យទឹកស្អាតក្នុងគោលដៅពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងធ្វើឱ្យប្រសើរឡើងវិញ នូវស្ថេរភាពការផ្គត់ផ្គង់ទឹកខណៈតម្រូវការមានការកើនឡើង។
ទន្ទឹមនេះលោកអគ្គនាយករងបន្ថែមថា ក្នុងករណីដែលការផ្គង់ផ្គង់ទឹកស្អាតអាចដំណើរការបានរលូន រីកចម្រើនទៅតាមផែកការអភិវឌ្ឍ គ្មានការទាមទារថ្លៃខុសពេលវេលានោះ ហើយមិនឱ្យមានការរាំងស្ទះដល់ប្រជាជន រស់នៅឆ្ងាយដាច់ស្រយាលមិនទាន់បានប្រើប្រាស់ទឹក នោះរដ្ឋាភិបាលកំណត់រយៈពេល៥ឆ្នាំ ស្រាវជ្រាវឡើងវិញ។

ចំនែកឯអ្នកវិនិយោគដែលរកស៊ីខាត នោះក្រសួងនឹងចុះទៅពិនិត្យកែសម្រួលឡើងវិញ ធ្វើយ៉ាងណាឱ្យបានទៅដល់ទីតាំងឆ្ងាយ ដើម្បីឱ្យមាននិរន្តរភាពតម្លៃ ទទួលបានទាំងអស់គ្នា។
រាជរដ្ឋាភិបាល រំពឹងថាតាមរយៈការដាក់គម្រោងនេះ នឹងអាចបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតដល់រាជធានីភ្នំពេញ និងប្រជាជននៅក្នុងតំបន់។ ចំណែកឯប្រតិបត្តិការនិងការគ្រប់គ្រងថែរទាំ ក្នុងរោងចក្រប្រព្រឹត្តកម្មទឹកស្អាត គឺមានសារៈសំខាន់ណាស់ ដើម្បីធានាស្ថេរភាពទឹកស្អាត ជូនដល់ប្រជាពលរដ្ឋ២៤ម៉ោង ក្នុងមួយថ្ងៃ និង៣៦៥ថ្ងៃក្នុងមួយឆ្នាំ៕






