ដោយវុត្ថា
ភ្នំពេញៈ វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលកន្លងមកនេះ មានសន្ទុះ មានការរីកចំរើនយ៉ាងខ្លាំងមួយនៅក្នុងតំបន់អាស៊ី ដែលធ្វើឱ្យប្រតិបត្តិការទិញ–លក់ក៏មានកំណើនផងដែរ។
ជាមួយគ្នានេះ នៅក្នុងប្រតិបត្តិកាការទិញ លក់អចលនទ្រព្យ (មានទំហំទឹកប្រាក់ច្រើន) ត្រូវតែធ្វើឡើងជាកិច្ចសន្យាជាលាយលក្ខណ៍អក្សរ តាមទម្រង់លិខិតយថាភូតដែលមានការទទួលស្គាល់ ពីមន្រីសាធារណៈ មេធាវី ឬសាក្សីជាចាំបាច់។
ជាទូទៅនៅក្នុងកិច្ចសន្យានេះ ត្រូវទាមទាឲ្យមានមេធាវីជួយ សម្របសម្រួលក្នុងដំណើរការរៀបចំឯកសារ និងការតាក់តែងខសន្យានានា សម្រាប់កិច្ចសន្យាទាំងមូល។ មេធាវីជាភាគីមួយ ដ៏សំខាន់មួយក្នុងការដឹងឮ ពីការទិញលក់របស់ភាគីទាំងពីរ។ ហើយនៅក្នុងកិច្ចសន្យានោះទៀតសោត ក៏តម្រូវឲ្យមានសាក្សីចុះហត្ថលេខា ឬផ្តិតមេដៃទទួលស្គាល់លើលិខិតផ្លូវការមួយនេះ។
ម្យ៉ាងវិញទៀតការធ្វើកិច្ចសន្យាទិញលក់ត្រឹមត្រូវ គឺអាចបញ្ជាក់ពីភាពស្របច្បាប់ និងភាពច្បាស់លាស់ អំពីខ្លឹមសារ និងលក្ខខណ្ឌចាំបាច់នានា ដែលបានតាក់តែងឡើងដើម្បីរក្សាសុវត្ថិភាពសម្រាប់ភាគីទាំងសងខាង។
រាល់ឯកសារទាំងនេះ ជាភស្តុតាងចាំបាច់មួយក្នុងការជំទាស់ ឬតវ៉ាក្នុងករណីមានវិវាទកើតឡើង។ វិវាទទាំងនេះអាចមានដូចជា៖ ការបង់ប្រាក់ចំនួនសរុបនៃតម្លៃអចលនទ្រព្យរយៈពេលទូទាត់ប្រាក់ ទីតាំង ទំហំ និងប្រភេទផ្ទះ ឬដី និងប្លង់ដីជាដើម៕