តើចិនត្រូវប្រើយុទ្ធសាស្រ្តដូចម្តេចដើម្បីឱ្យចរន្តសេដ្ឋកិច្ចក្នុងប្រទេសដើរឡើងវិញ?

0

ដោយ ហ្សូលី

ប្រទេសចិនៈ មកទល់ពេលនេះស្ថានភាពជម្ងឺកូវីដ១៩ នៅប្រទេសចិន មានភាពស្ងប់ស្ងាត់ច្រើន ដែលជាហេតុអនុញ្ញាតឱ្យប្រទេសចិន ត្រឡប់មកមានដំណើរការល្អប្រសើរឡើងវិញ ដោយចិនបានប្រើវិធីសាស្រ្តមួយចំនួន។


ដើម្បីចាប់ផ្តើមឱ្យប្រទេស មានចរន្តសេដ្ឋកិច្ចឡើងវិញជាបន្តបន្ទាប់ ហាងលក់គ្រឿងអេឡិចត្រូនិច ហាងកាហ្វេ និងអាជ្ញាធរក្នុងតំបន់ កំពុងដើរចែកចាយខិតបណ្ណបញ្ចុះតម្លៃដែលសរុបស្មើតម្លៃរាប់លានដុល្លារ។

ក្រុមហ៊ុន និងម្ចាស់អាជីវកម្មជាច្រើន នាំគ្នាចែកបណ្ណបញ្ចុះតម្លៃ ដើម្បីទាក់ទាញអតិថិជន ខណៈដែលក្រុមហ៊ុនAlibaba ធ្វើការបញ្ចុះតម្លៃដល់ទៅ១០លានដុល្លារ សម្រាប់អ្នកទិញទំនិញតាមប្រព័ន្ធអនឡាញ។

អាជ្ញាធរផ្លូវដែក បានបន្ធូរបន្ថយតម្លៃប្រមាណ៤៥% កំឡុងពេលដែលរដ្ឋាភិបាលនៅតាមបណ្តារខេត្តដូចជា ហូប៉ី ស៊ីជាំង និងគ័ងស៊ី បានប្រគល់បណ្ណបញ្ចុះតម្លៃក្នុងន័យទាក់ទាញភ្ញៀវទេសចរណ៍។

រោងភាពយន្តចំនួន៥០០កន្លែង ចាប់បើកដំណើរការសារជាថ្មី បន្ទាប់ពិបិទទ្វារបណ្តោះអាសន្នរយៈពេល២ខែ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន ក្នុងប្រទេសចិន។ ចំណែកឯរដ្ឋាភិបាល បានកាត់បន្ថយការរឹតបន្តឹង ដោយជម្រុញឱ្យប្រជាជនត្រឡប់ទៅបើកមុខជំនួញនៅតាមផ្សារទំនើប និងភោជនីយដ្ឋានវិញដូចគ្នា។


តាមផែនការយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលចិន ពួកគេនឹងជម្រុញឱ្យប្រជាជនទាំងអស់ត្រលប់ចូលធ្វើការ បណ្តាក់ទុនអាជីវកម្មទាំងក្នុងស្រុក និងក្រៅស្រុក និងការពារក្រុមហ៊ុនរបស់ពួកគេឱ្យបានល្អជៀសវាងក្ស័យធន។ បន្ថែមពីលើនោះ ទឹកប្រាក់រាប់ពាន់លានដុល្លារ ដែលទុកបម្រុងសម្រាប់ឧបករណ៍វេជ្ជសាស្រ្ត និងការព្យាបាលជម្ងឺ ត្រូវរដ្ឋាភិបាលបង្វិលយក ទៅធ្វើជាគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋចិន។

មិនតែប៉ុណ្ណោះ រដ្ឋាភិបាល ក៏បានកាត់បន្ថយពន្ធលើអាជីវកម្មខ្នាតតូច និងតម្រូវឱ្យធនាគារពន្យា ពេលការទូទាត់ប្រាក់កម្ចី សម្រាប់គ្រួសារដែលមានបញ្ហា ឬក្រុមហ៊ុនដែលជាមធ្យោបាយមួយ ដើម្បីជួយពួកគេឱ្យរួចផុតពីការធ្លាក់ចុះនៃសេដ្ឋកិច្ច។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន កំពុងពង្រីកសារដែលថា ប្រទេសនេះអាចលោតត្រឡប់មកវិញយ៉ាងខ្លាំងថែមទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here