កម្ពុជានឹងត្រូវការហិរញ្ញប្បទានពីបរទេស ១៨០០លានដុល្លារ ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាត្រូវការកម្ចីហិរញ្ញប្បទាន ពីបរទេសប្រមាណ៧,៥៣១ ប៊ីលានរៀល ស្មើនឹងប្រមាណ១,៨៤៨លានដុល្លារ ដើម្បីបង្កើនល្បឿន និងធ្វើពិពិធកម្មសេដ្ឋកិច្ចឱ្យកាន់តែល្អប្រសើរនៅឆ្នាំ២០២០នេះ។


យោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ក្នុងឆ្នាំ២០១៩ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញឱ្យដឹងថា ដោយសម្អាងទៅលើទិដ្ឋភាពជាក់ស្ដែង សំខាន់ៗដូចជា កំណើននៃតម្រូវការទុនវិនិយោគយ៉ាងគំហុក នៅក្នុងវិស័យហេដ្ឋារចនាស ម្ព័ន្ធ និងសេវាសាធារណៈ ទាំងទំហំ បរិមាណ និងគុណភាព សម្រាប់ជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែល្អប្រសើរ នៅក្នុងដំណាក់កាលថ្មីឆ្នាំ២០២០នេះ តាមការព្យាករណ៍ កម្ពុជាត្រូវការកម្ចីហិរញ្ញប្បទាន ពីក្រៅប្រទេសប្រមាណ១៨៤៨លានដុល្លារ។

អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិតហុង វណ្ណៈ បានមានប្រសាសន៍ឲ្យដឹងកាលល្ងាចថ្ងៃទី២៦ ខែមីនាឆ្នាំ២០២០ថា រាល់គម្រោង និងតម្រូវការកម្ចីហិរញ្ញប្បទាន ពីបរទេសរបស់រដ្ឋាភិបាល គឺសុទ្ធតែត្រូវបានឆ្លងកាត់នូវការសិក្សាលម្អិតពីតម្រូវការជាក់ស្ដែង និងលទ្ធភាពរបស់កម្ពុជាក្នុងការសងបំណុលទាំងអស់។

លោកបណ្ឌិតអះអាងថា មិនមែនមានតែកម្ពុជានោះទេ ដែលត្រូវការហិរញ្ញប្បទានពីបរទេស ដែលក្នុងសូម្បីតែបណ្តាប្រទេសអភិវឌ្ឍន៍មួយចំនួន នៅក្នុងតំបន់ក៏មានតម្រូវការដូចគ្នា សំខាន់ត្រង់ថាម្ចាស់កម្ចី ជាពិសេសធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី យល់ស្របទៅនឹងលទ្ធភាពរបស់ប្រទេសមានតម្រូវការមូលធន និងការផ្តល់កម្ចីតែប៉ុណ្ណោះ


លោកបន្តថា សម្រាប់តម្រូវការ និងការខ្ចីបុលរបស់កម្ពុជាក្នុងឆ្នាំ២០២០នេះ បូកនឹងបំណុលចាស់ ដែលកម្ពុជាជំពាក់បរទេស វានៅមិនទាន់ហួសពីលទ្ធភាព ក្នុងការសងត្រឡប់នោះទេ ព្រោះមុនពេលផ្តល់នូវកម្ចី ប្រទេសម្ចាស់ជំនួយ ក៏ដូចជាធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍ជាដើម គឺពួកគេសិក្សាយ៉ាងលម្អិតទៅលើលទ្ធភាពនៃការផ្តល់ និងលទ្ធភាពនៃការសង់របស់កម្ពុជា។

លោកបញ្ជាក់ថា ជាទូទៅរាល់ទំហំនៃប្រាក់កម្ចីទាំងអស់ ត្រូវបានគេធ្វើការគណនា និងប្រៀបធៀបក្នុងអត្រាប្រមាណ២០ភាគរយ នៃចំនួនGDPសរុប ដែលអាចសមស្របទៅនឹងលទ្ធភាពសង់ត្រឡប់

ដោយឡែកតម្រូវការហិរញ្ញប្បទានសម្រាប់ឆ្នាំ២០២០នេះ ក៏មិនទាន់លើសលប់សម្រាប់កម្ពុជានោះដែរ ហើយភាគច្រើនគម្រោងជំនួយមួយចំនួន ក៏ត្រូវបានម្ចាស់ជំនួយ និងរដ្ឋាភិបាលកម្ពុជា បានធ្វើការព្រមព្រៀងរួចជាបណ្តើរៗ ដែលក្នុងនោះរួមមានដូចជាគម្រោងជំនួញស្ថាបនាផ្លូវជាតិលេខ៥ (ជំនួញរបស់ជប៉ុន) គម្រោងស្ថាបនាផ្លូវជាតិលេខ១០ (ជំនួញរបស់ចិន) និងគម្រោងផ្លូវជាតិលេខ២ (ជំនួញរបស់កូរ៉េ)ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here