រដ្ឋាភិបាលអនុម័តគម្រោងរោងចក្រកាត់ដេរថ្មីមួយទៀត តម្លៃ ៤លានដុល្លារនៅក្រុងតាខ្មៅ

0

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគរោងចក្រកាត់ដេរថ្មីមួយទៀត តម្លៃ ៤ លានដុល្លារអាមេរិកស្ថិតនៅផ្លូវជាតិលេខ២១A ភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល បើទោះកម្ពុជាបាននឹងកំពុងប្រយុទ្ធប្រឆាំងទៅនឹងជំងឺផ្លូវដង្ហើមប្រភេទថ្មី កូវីដ ១៩។

យោងតាមការផ្សព្វផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងនៅល្ងាចថ្ងៃទី ២៦ខែមីនា នេះ ថា តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ របស់ក្រុមហ៊ុន CANAAN TEXTILE CO., LTD. គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនខាងលើ មានទុនវិនិយោគប្រមាណ៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០២៣នាក់។

ក្រុងតាខ្មៅ ដែលស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ គឺជាទីតាំងដែលមានអំណោយផលយ៉ាងប្រសើរ ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យអចលនទ្រព្យ រោងចក្រ និងសហគ្រាស។
យោងតាមរបាយការណ៍រដ្ឋបាលខេត្តកណ្តាលឱ្យដឹងថា ក្រុងតាខ្មៅ គឺជាទីប្រជុំជនរបស់ខេត្តស្ថិតនៅជាប់ដងទន្លេបាសាក់និងស្ទឹងព្រែកត្នោត មានសក្តានុពលអភិវឌ្ឍន៍លើវិស័យលំនៅឋាន រោងក្រសហគ្រាស កសិកម្ម មជ្ឈមណ្ឌលសិក្សាអប់រំ និងជាតំបន់ស្នាក់នៅដ៏ទាក់ទាញ ។
ក្រុងតាខ្មៅមានព្រំប្រទល់រដ្ឋបាលខាងលិចជាប់ខណ្ឌដង្កោនៃរាជធានីភ្នំពេញ ខាងកើតជាប់ទន្លេបាសាក់ខាងជើងជាប់ខណ្ឌមានជ័យនៃរាជធានីភ្នំពេញខាងត្បូងជាប់ស្រុកស្អាងនិងស្រុកកណ្តាលស្ទឹង ដែលមានប្រជាពលរដ្ឋរស់នៅប្រមាណ៦៧,៦២៦ នាក់ ។

ប្រជាពលរដ្ឋ ៧៩% ប្រកបរបរ ផ្នែកសេវាកម្ម (ដឹកជញ្ជូន មន្រ្តីរាជការ បុគ្គលិក កម្មករ…) ១៩.២៥% ប្រកបរបរកសិកម្ម ក្រៅពីនេះប្រកបរបរ ផ្សេងៗទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here