ដោយវុត្ថា
ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងដាំដើមឈើ៤០០០០ដើម នៅតាមទីកន្លែងនានា ដូចជាសាលារៀន វត្តអារាម មន្ទីរពេទ្យ តាមផ្លូវ និងតាមមាត់ទន្លេជាដើម ដើម្បីប្រែក្លាយរាជធានីភ្នំពេញជាទីក្រុងបៃតង។
នៅក្នុងរបាយការណ៍វេទិកានគរូបនីយកម្មកម្ពុជា របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលបានផ្សព្វផ្សា យកាលពីម្សិលមិញនេះ បានស្រងសំដីរបស់ លោក ស៊ុយ សេងរិទ្ធ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ថា រាជធានីភ្នំពេញបានដាក់ចេញនូវអាទិភាពចំនួន៨ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ខ្លួន តាមរយៈការអភិវឌ្ឍន៍ទីក្រុងបៃតង។
លោកបន្តថា ការដាក់ចេញនូវអាទិភាពទាំង៨នេះ ធ្វើឡើងដើម្បីប្រែក្លាយជាទីក្រុងដែលមានបរិយាបន្ន ភាពធន់ និងចីរភាព ដូជាការរៀបចំផែនការអភិវឌ្ឍន៍ទីក្រុង ការឆ្លើយតបចំពោះភាពងាយរងគ្រោះ ថាមពល ការដឹកជញ្ជូន បរិស្ថាន សមណង់ ផលិតកម្ម ការគ្រប់គ្រងសំណល់រឹង ការអភិវឌ្ឍលំហសាធារណៈ និងការការពារបេតិកភណ្ឌវប្បធម៌។
លោកបន្តថា ផែនការអភិវឌ្ឍន៍អភិវឌ្ឍន៍ទីក្រុងប្រកដោយចីរភាព សម្រាប់រាជធានីភ្នំពេញ ត្រូវបានប្រកាសផ្សព្វផ្សាយ ដែលផ្តល់ឱ្យភាគីពាក់សំខាន់ៗ នូវផែនទីបង្ហាញផ្លូវឆ្ពោះទៅសម្រេចឱ្យបាននូវការអភវិឌ្ឍន៍បៃតង។
លោកឃួង ស្រេង អភិបាករាជធានីភ្នំពេញកាលពីកន្លងមកថ្មីៗនេះ បានដាក់ចេញ Master Plan ដាំដើមឈើក្នុងរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់សោភណភាពទីក្រុងផង និងជាការរួមចំណែកកាត់បន្ថយការបំពុលបរិស្ថាន ដែលកើតចេញពីយានជំនិះប្រចាំថ្ងៃផងដែរ ហើយការដាំដើមឈើតាមមហាវិថី វិថី និងផ្លូវជាតិសំខាន់ៗត្រូវតែដាំដើមឈើឡើងវិញ។
លោកថ្លែងថា ប្រភេទដើមឈើដែលត្រូវយកមកដាំ មានដើមក្ងោក ដើមត្របែកព្រៃ ដើមបេង នាងនួន ធ្នង់ គគីរ ដើមរាំងដើមឈើទាល និងដើមសណ្ដាន។ លោកក៏បានស្នើថា យើងទាំងអស់គ្នាត្រូវចូលរួមរក្សាធម្មជាតិ ដើមឈើដែលមានស្រាប់ ដើមឈើគឺជាជីវិតរបស់មនុស្ស ដើមឈើពិតជាមានសារៈសំខាន់ណាស់ក្នុងបរិស្ថាន ធម្មជាតិ និងជាអុកស៊ីហ្សែនសម្រាប់មនុស្សស្រូបយកគ្រប់ៗរូប៕






