ដោយៈ រ៉ាណេត
ភ្នំពេញៈ បច្ចុប្បន្ននេះវិស័យឧស្សាហកម្មវាយនភ័ណ្ឌ នៅលើសាកលលោកកំពុងតែជួបនឹងហានិភ័យខ្ពស់ ដែលក្រៅពីខ្វះខាត ថែមទាំងបាត់បង់នូវការបញ្ជារទិញ ពីទីផ្សារផងដែរ។ នេះបើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីសន្និសីទសារព័ត៌មានស្ដីពី ការតែងតាំង និងកែសម្រួលសមាសភាពសមាជិករដ្ឋាភិបាល កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នេះថា វិបត្តិ និងហានិភ័យរបស់វិស័យឧស្សហកម្មវាយណភ័ណ្ឌ មិនមែនកើតមានតែចំពោះកម្ពុជានោះទេ ប៉ុន្តែវាជាវិបត្តិសាកល ដែលកើតមាននៅតាមបណ្តាប្រទេសនានាមួយចំនួនទៀត។
សម្ដេចតេជោបញ្ជាក់ថា “យើងមានផលប៉ះពាល់២យ៉ាងកើតឡើង…ផលប៉ះពាល់១បែប គឺខ្វះវត្ថុធាតុដើម។ ក្នុងចំណោម៥៧រោងចក្រ ដែលមានការបិតទ្វារ ៥០រោងចក្របិតទ្វារដោយសារតែខ្វះវត្ថុធាតុដើម ដែលត្រូវដេរឱ្យម៉ាកមួយៗមិនមែនវត្ថុធាតុដើមណាចេះតែដេរបាននោះទេ ហើយ៧រោងចក្រទៀតបិទទ្វារ ដោយសារតែខ្វះអ្នកបញ្ជារទិញ”។សម្តេចបន្តថា“ដោយសារតែប្រទេសខ្លះវាបិតប្រទេស បើគេបិតប្រទេសហើយឱ្យនាំទៅម៉េច? នាំទៅវាមិនបាន…ចឹងមានហានិភ័យ នៃបញ្ហាឧស្សាហកម្មវាយណភ័ណ្ឌ មិនថាកម្ពុជា មិនថាវៀតណាម ថៃ បង់ក្លាដែស ស្រីលង្កា ឥណ្ឌា ភូមា ឡាវ នោះទេ”។
សម្ដេចតេជោបានបន្តថា ផលប៉ះពាល់ពីវិបត្តិនៃជំងឺ Cpovid-19 នេះ ក្រៅពីជះឥទ្ធិពលទៅលើវិស័យខាងលើនេះ វាក៏បានជះឥទ្ធិពលទៅលើវិស័យដឹកជញ្ជូន យ៉ាងធ្ងន់ធ្ងរផងដែរ ជាក់ស្ដែងដូចជានៅសឹង្ហបុរី ដែលមានយន្តហោះសម្រាប់បម្រើដល់ការដឹកជញ្ជូនជាង១០០គ្រឿង បច្ចុប្បន្នមានត្រឹម១១គ្រឿងប៉ុណ្ណោះ សម្រាប់ដំណើរការបម្រើក្នុងវិស័យមួយនេះ៕







