ដោយ ហ្សូលី
អារ៉ាប់៖ សេដ្ឋកិច្ចពិភពលោកត្រូវបានគេទទួលស្គាល់ថា កំពុងជួយប្រទះភាពវឹកវរ ប៉ុន្តែក្រឡេកមកខាងអារ៉ាប៊ីសាអ៊ូឌីតវិញ ក៏កំពុងប្រឈមនឹងផលប៉ះពាល់សេដ្ឋកិច្ចមួយចំនួនធំដែរ ដោយសារតែការរាតត្បាតនៃវីរុសកូវីដ១៩ ។

អារ៉ាប៊ីសាអ៊ូឌីត បានបិទទីក្រុងកំពង់ផែរបស់ខ្លួនមុនពេលកំណត់ ដោយមិនអនុ ញ្ញាតឱ្យចរាចរណ៍ការដឹកជញ្ជូនអ្វីទាំងអស់ ដោយខ្លាចថាមេរោគកូវីដ១៩នឹងរីករាលដាលកាន់តែខ្លាំង ខណៈដែលប្រទេសនេះមានអ្នកឆ្លងចំនួន១,២០៣នាក់ និងស្លាប់ចំនួន៨ នាក់រួចមកហើយ បើគិតត្រឹមថ្ងៃអាទិត្យសប្តាហ៍មុននេះ។ នេះបើតាមទិន្នន័យរបស់ក្រសួងសុខាភិបាលអារ៉ាប់។
ព្រះរាជាណាចក្រសម្បូរប្រេងអារ៉ាប់ បានបង្ហាញពីវិធានការជំរុញសេដ្ឋកិច្ចដែលមានទឹកប្រាក់ចំនួន៣២ពាន់លានដុល្លារ ដើម្បីគាំទ្រដល់អាជីវកម្មនិងបាននិយាយថា ប្រទេសខ្លួន គ្រោងនឹងបង្កើនប្រាក់កម្ចីដល់ទៅ៥០ភាគរយ នៃផលិតផលក្នុងស្រុកសរុបផងដែរ។
លើសពីនេះ ប្រទេសអារ៉ាប់បានដាក់ចេញ នូវវិធានការណ៍សំខាន់ៗជាច្រើន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ ដែលរួមមានការផ្អាកជើងហោះហើរអន្តរជាតិ ការបិទសាលារៀននិងសាកលវិទ្យាល័យ និងបិទជាបណ្តោះអាសន្ននូវខេត្តភាគខាងត្បួង ដែលជាតំបន់សម្បូរប្រេង។ សូម្បីតែពិធីសាសនានានា ក៏ត្រូវបានពន្យាពេល និងបិទរាល់ការបន់ស្រន់នៅព្រះវិហារក្នុងអារ៉ាប៊ីសាអ៊ូឌីតទាំងមូល។
ក្នុងនាមជាប្រទេសនាំចេញប្រេងឆៅធំជាងគេនៅលើពិភពលោក ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ត្រូវប្រឈមនឹងការធ្លាក់ចុះតម្លៃប្រេង ដែលជាចំណូលស្នូលចម្បងរបស់រដ្ឋាភិបាល។

តម្លៃប្រេងបានធ្លាក់ចុះ នៅក្នុងកម្រិតទាបបំផុត មិនធ្លាប់មានក្នុងរយៈពេល១៧ឆ្នាំកន្លងមក ដែលជាហេតុធ្វើឱ្យមានសង្គ្រាមតម្លៃប្រេងរវាងអារ៉ា ប់និងរុស្សី។ បើតាមឱ្យដឹងនៅថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២០ តម្លៃប្រេងបានធ្លាក់ចុះនៅសល់ត្រឹម២៣.០៣ដុល្លារ ក្នុងមួយបារ៉ែលតែប៉ុណ្ណោះ៕






