ដោយៈ រ៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី តាមរយៈស្ថានទូតប្រចាំនៅកម្ពុជា បានសន្យាជួយគាំទ្រដល់កម្ពុជា ដើម្បីឱ្យមានការចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រួមជាមួយនឹងការត្រៀមរៀបចំ បញ្ជូនម៉ាសមកផ្ដល់ជូនកម្ពុជា ដើម្បីជាការចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺ COVID-19 ផងដែរ។

នៅក្នុងឱកាសទទួលបានការអនុញ្ញាត ចូលជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្ដិភាពកាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីដែលចប់អណត្តិនៅកម្ពុជា លោក ឌីមីទ្រី ធ្វីតកូស បានសន្យាជួយគាំទ្រដល់កម្ពុជា ដើម្បីឱ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រួមជាមួយនឹងការត្រៀមរៀបចំបញ្ជូនម៉ាសមកផ្ដល់ជូនកម្ពុជា។
លោកបានលើកឡើងថា ការមកបំពេញបេសកកម្មការទូតរយៈពេល៦ឆ្នាំ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលបានការគាំទ្រ និងជួយជ្រោមជ្រែងយ៉ាងខ្លាំងពីសម្ដេចតេជោ ក៏ដូចជា មន្ត្រីថ្នាក់ដឹកនាំទាំងអស់របស់រាជាណាចក្រកម្ពុជា ដែលការគាំទ្រនេះធ្វើឱ្យលោកបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ក្នុងបេសកកម្មកាទូត។
លោកបន្តថា ក្នុងរយៈពេល៦ឆ្នាំនេះកម្ពុជា និងរុស្ស៊ី បានចុះហត្ថលេខាលើឯកសារចំនួន៦២ ហើយក៏បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងចំនួន១៤ផងដែរ។ ជាមួយនេះ លោកក៏បានរៀបចំ ឲ្យមានឱកាសដំណើរទស្សនកិច្ច របស់លោកនាយករដ្ឋមន្ត្រីរុស្ស៊ីមកកាន់កម្ពុជា ក៏ដូចជាដំណើរទស្សនកិច្ចជាផ្លូវការ របស់សម្ដេចតេជោទៅកាន់ប្រទេសរុស្ស៊ីផងដែរ។
ជាងនេះទៀតលោកក៏បានសន្យាថា រុស្ស៊ី នឹងផ្ដល់ជំនួយដល់កម្ពុជា ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ហើយនឹងជួយគាំទ្រដល់កម្ពុជា ដើម្បីឱ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយក៏កំពុងតែត្រៀមរៀបចំបញ្ជូនម៉ាស មកផ្ដល់ជូនកម្ពុជា ដើម្បីជាការចូលរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងជំងឺ COVID-19 ផងដែរ ។
សម្ដេចតេជោហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញបេសកកម្មកាទូតនៅកម្ពុជារបស់លោក។ ទន្ទឹមនឹងនេះ សម្ដេច ក៏បានមានប្រសាសន៍ថា លោក ឌីមីទ្រី គឺជាឯកអគ្គរដ្ឋទូតមួយដែលបានស្ដារឡើងវិញ នូវទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ីដែលមានវ័យចំណាស់ មកហើយមកកាន់ដំណាក់កាលថ្មី។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ផងដែរថា ជាការពិតយើងមានទំនាក់ទំនងរយៈពេលយូរឆ្នាំមកហើយ។ យ៉ាងណាក៏ដោយទំហំពាណិជ្ជកម្ម រវាងប្រទេសយើងទាំងពីរនៅតូចនៅឡើយ ដូច្នេះគប្បីណាយើងជំរុញពិនិត្យមើលសក្តានុពលទាំងឡាយណា ដែលអាចជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យបានកាន់តែធំធាត់ឡើងថែមទៀត៕






