ដោយវុត្ថា
ភ្នំពេញ៖ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានសន្យាថានៅពេលស្ថានការណ៍ជំងឺ Covid-19 បានធូរស្រាលទៅ លោកនឹងជំរុញឱ្យមានចលនាទេសចរពីអាមេរិកមកកម្ពុជា ដើម្បីឱ្យពួកគេបានស្គាល់កម្ពុជា «ប្រទេសតូច តែទឹកចិត្តទូលំទូលាយ» ខណៈអាមេរិកនៅតែមានទំនាកទំនងល្អជាមួយកម្ពុជាលើវិស័យទេសចរណ៍។
លោក W.Patrick Murrphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ បានឱ្យដឹងថា សហរដ្ឋអាមេរិកនៅតែមិនភ្លេចចំពោះទឹកចិត្តរបស់កម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានអន្តរាគមន៍ជួយឱ្យនាវា Westerdam ចូលចតនៅកំពង់ផែព្រះសីហនុ និងបានជួយយកអាសារភ្ញៀវទេសចរអន្តរជាតិ ក៏ដូចជាភ្ញៀវទេសចរអាមេរិកនៅលើនាវានោះផងដែរ។
លោក W.Patrick Murrphyបន្តថា បច្ចុប្បន្នប្រជាជនអាមេរិកនៅកម្ពុជា (ភ្ញៀវទេសចរ វិនិយោគិន គ្រូបង្រៀន បុគ្គលិកតាមស្ថាប័នមួយចំនួនជាដើម) ដែលការធ្វើដំណើររបស់ពួកគេត្រលប់ទៅមាតុភូមិវិញនោះមានការពន្យាដោយសារជើង
ហោះហើរខ្លះត្រូវបានបិទ និងជើងហោះហើរខ្លះក៏មានកំណត់ទៅទៀត ព្រោះតែពិភពលោកជួបនូវវិបត្តិជំងឺ Covid-19។
លោកបន្ថែមថា ខណៈដែលទិដ្ឋការរបស់ពួកគេក៏ផុតសុពលភាពទៅទៀត ជាហេតុបង្កការលំបាកសម្រាប់ពួកគេខ្លះដែរ ដូច្នេះហើយបានជាស្ថានទូតអាមេរិកបានស្នើមកកាន់ភាគីកម្ពុជា ពិសេសក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រួល និងយោគយល់ចំពោះពួកគេ ទម្រាំពួកគេបានត្រលប់ទៅសហរដ្ឋអាមេរិកវិញ។
លោក ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ឱ្យដឹងថា ចាប់ពីម៉ោង២៣៖៥៩ នាទីនៅយប់នេះទៅ កម្ពុជានឹងបិទការផ្ដល់ទិដ្ឋការដល់ភ្ញៀវទេសចរមកពីក្រៅប្រទេស រហូតដល់ស្ថានការណ៍ជំងឺ Covid-19 ធូរស្រាលឡើងវិញ។
លោករដ្ឋមន្ត្រី ថោង ខុន បានស្នើបន្ថែមទៅស្ថានទូតអាមេរិកឱ្យជួយគាំទ្រសកម្មទ្រទ្រង់ដល់វិស័យទេសចរណ៍កម្ពុជា តាមរយៈគម្រោងអភិវឌ្ឍន៍អេកូទេសចរណ៍ និងកម្មវិធីព្រៃឡង់ និងជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជានៅទីផ្សារអាមេរិក ក៏ដូចជាជំរុញការវិនិយោគទេសចរណ៍ពីអាមេរិកមកកម្ពុជា។
នៅឆ្នាំ២០១៩កន្លងមកនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអាមេរិកប្រមាណជាង ២៦ម៉ឺននាក់ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៦.៦លាននាក់៕






