ដោយវុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យលោកឧបនាយកដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិត្រៀមលក្ខណៈដើម្បីពិគ្រោះយោបល់ជាមួយសហភាពអឺរ៉ុប និងបណ្តាប្រទេសមួយចំនួនទៀត អំពីលទ្ធភាពនៃការលើកពេលកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ឆ្នាំ ២០២០ ទៅធ្វើនៅឆ្នាំ ២០២១វិញ។

នេះ បើយោងតាមលទ្ធផលនៃសម័យប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០ ម្សិលមិញនេះ ដែលដឹកនាំកិច្ចប្រជុំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ស្តីពីពិនិត្យទៅលើសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍កាលពីពេលថ្មីៗនេះ ថា មូលហេតុនៃការលើកពេលកិច្ចប្រជុំអាស៊ីអឺរ៉ុបនេះទៅធ្វើនៅឆ្នាំ ២០២១វិញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្តះរៀបចំនេះ ដោយសារពិភពលោក រួមជាមួយកម្ពុជាកំពុងទទួលរងនូវផលប៉ះពាល់ពីការរាតត្បាតនៃជំងឺប្រភេទផ្លូវដង្ហើមថ្មី កូវីដ ១៩ ។
កិច្ចប្រជុំកំពូលអាស៊ីអឺរុប ឬហៅកាត់ថា ASEM លើកទី១២ កាលពីឆ្នាំ ២០១៨ នៅទីក្រុងព្រុចសែល បានសម្រេចឱ្យប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី១៣ នៅឆ្នាំ២០២០។

កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) គឺជាកិច្ចពិភាក្សា នៃដំណើរកា រផ្លូវការមួយ និងកិច្ចសហប្រតិបត្តិការ រវាងសមាជិកសហភាពអឺរ៉ុប ទាំង៣០ប្រទេស និងអាស៊ីចំនួន២១ប្រទេស ព្រមទាំងលេខាធិការអាស៊ានផងដែរ ។ កិច្ចពិភាក្សា ASEM លើកឡើងពីបញ្ហា នយោបាយ សេដ្ឋកិច្ច និង វប្បធម៌ ជាមួយគោលបំណង នៃការលើកកំពស់ទំនាក់ទំនង រវាងតំបន់ទាំងពីរ ដោយឈរលើគោលបំណង នៃការគោរពគ្នាទៅវិញទៅមក និងភាពជាដៃគូដោយស្មើសិទ្ធិគ្នា ។
កិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ ត្រូវបានរាជរដ្ឋាភិបាល ប្រកាសជាផ្លូវការធ្វើជាម្ចាស់ផ្ទះ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ដោយសម្រេចយកអគារពិពណ៌អន្ដរជាតិថ្មីរបស់ក្រុមហ៊ុន OCIC នៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ធ្វើជាទីកន្លែងរៀបចំកិច្ចប្រជុំ និងកំណត់យកថ្ងៃទី១៦-១៧ វិច្ឆិកា ខាងមុខ ជាកាលបរិច្ឆទនៃកិច្ចប្រជុំ៕






