ភ្ញាក់ផ្អើល! ធនាគារ ABA ពង្រីកការផ្តល់សេវាកម្មរយៈពេល ៧ថ្ងៃក្នុងមួយសប្តាហ៍

ចែករំលែក

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ក្នុងគោលដៅពង្រីកការផ្តល់សេវាកម្មដល់ប្រជាពលរដ្ឋ ធនាគារABAបានពង្រីកវិសាលភាពរបស់ខ្លួន ដោយផ្តល់សេវាកម្មបម្រើអតិថិជនរយៈពេល៧ថ្ងៃ ក្នុងមួយសប្តាហ៍ និងធ្វើការ១២ម៉ោងក្នុងមួយថ្ងៃ។

នាយកប្រតិបត្តិធនាគារ ABA លោក Askhat Azhikhanov បានលើកឡើង ក្នុងពិធីបើកសម្ពោធអគារការិយាល័យកណ្តាលឡើងវិញ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះថា សមិទ្ធផលនេះ ជានិមិត្តរូបនៃការប្តេជ្ញាចិត្តដ៏រឹងមាំ របស់សម្ព័ន្ធធនាគារជាតិកាណាដានៅកម្ពុជា។ លោកបន្តថា អេប៊ីអេនឹងក្លាយជាធនាគារធំទី៤នៅកម្ពុជា ក្នុងចំណោ​មធនាគារពាណិជ្ជឈានមុខទាំង៥ ដែលមានទ្រព្យសកម្មកើនឡើងដល់ទៅជាង១,៨ពាន់លានដុល្លារអាមេរិក។

លោក Louis Vachon នាយកប្រតិបត្តិធនាគារជាតិ កាណាដាបានបញ្ជាក់ថា ការវិនិយោគដំបូងរបស់ធនាគារជាតិកាណាដា នៅក្នុងធនាគារអេប៊ីអេ បានចាប់ផ្តើមតាំងពីឆ្នាំ២០១៤មកម្ល៉េះ។ ការបន្តពង្រឹងភាពជាដៃគូនេះ បាននាំឆ្ពោះទៅរកជំហ៊ានជោគជ័យ ដ៏សំខាន់មួយនៅក្នុងឆ្នាំ២០១៦ ជាមួយនឹងលទ្ធកម្មភាគហ៊ុនដ៏ធំរហូតដល់៩០ភាគរយនៅកម្ពុជា ដោយធនាគារបានប្តេជ្ញាខ្ពស់ ក្នុងការជួយដល់សហគ្រិន និងអាជីវកម្មគ្រួសារផ្តល់សេវាកម្មឈានមុខដល់អតិថិជនទាំងអស់ ផ្តល់ដំណោះស្រាយធនាគារបែប ឌីជីថលទំនើបឈានមុខ និងរក្សាបទដ្ឋានអភិបាលកិច្ចល្អ។

គិតមកដល់ពេលនេះ ធនាគារ អេប៊ីអេ មានបណ្តាញសាខាចំនួន៥៥សាខា នៅកម្ពុជា និងគ្រោងពង្រីកសាខាបន្ថែម១១ទៀតនៅដំណាច់ឆ្នាំនេះ។ មូលដ្ឋានអតិថិជនរបស់ធនាគារនេះ បានកើនដល់ជាង២៥ម៉ឺននាក់ ដែល១២ម៉ឺននាក់ក្នុងចំណោមនោះកំពុងតែប្រើប្រាស់យ៉ាងសកម្ម នូវកម្មវិធីទូរស័ព្ទដៃដ៏ពេញនិយមនាពេលបច្ចុប្បន្នក្នុងសម័យបច្ចេកវិទ្យាទំនើប។

ប្រធានស្តីទីសមាគមធនាគារកម្ពុជាលោកឆារស៍ វ៉ាន់បានថ្លែងថា វិស័យធនាគារនៅកម្ពុជានៅតែបន្តភាពរីកចម្រើន និងបន្តគាំទ្រជំរុញកំនើនសេដ្ឋកិច្ចកម្ពុជា ព្រោះពេលណាត្រូវការសេដ្ឋកិច្ចដើរ និងរីកចម្រើន ទាមទារការគាំទ្រហិរញ្ញវត្ថុ ហេតុនេះធនាគារនៅតែដើរតួនាទីមិនអាចខ្វះបាន ក្នុងការធ្វើឲ្យសេដ្ឋ​កិច្ចមានភាពរីកចម្រើន។លោកបន្តថា ទោះជាមានការប្រកួតប្រជែងគ្នាកើនឡើង ប៉ុន្តែអ្នកនៅក្នុងវិស័យនេះ បានគោរពនូវបទបញ្ញត្តិ និងក្រមសីលធ៌មខ្ពស់ដែលធ្វើឲ្យការប្រកួតប្រជែងមានសីលធ៌ម និងអាចទទួលយកបាន។

លោកបន្តថា “វិស័យធនាគារ នឹងបន្តរីកចម្រើនរយៈពេលវែងបន្ថែមទៀត ដោយសារចរន្តសេដ្ឋកិច្ចកម្ពុជាកំពុងមានភាពរីកចម្រើន និងត្រូវការធនាគារជាដៃគូ ដើម្បីពង្រីកសកម្មភាពសេដ្ឋកិច្ច”៕


ចែករំលែក