ដោយវុត្ថា
ភ្នំពេញ៖ ខេត្តបន្ទាយមានជ័យរបស់កម្ពុជា និង ខេត្តស្រះកែវរបស់ប្រទេសថៃ បានផ្តើមពិភាក្សាគ្នា ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ និងការដឹកទំនិញឆ្លងកាត់នៅតាមច្រកព្រំដែន និងរួមសហការគ្នាទប់ស្កាត់ជំងឺកូវីត ១៩នៅតាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនៅក្នុងជំនួបពិភាក្សាដោះស្រាយការងារបន្ទាន់មួយចំនួន ជាមួយលោក WORAPHAN SUWANNUS អភិបាលខេត្តស្រះកែវ នៅស្នាក់ការគយថៃ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្លងឡឹក កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០ម្សិលមិញនេះ បានស្នើទៅភាគីថៃនូវពីរចំណុ៖
១.ស្នើសុំជួយសម្រួលដល់បងប្អូនពលករខ្មែរ ដែលត្រូវបានអាជ្ញាធរថៃ បញ្ជូនមករាល់ថ្ងៃ សូមមានកិច្ចសហការ និងកំណត់យកទីតាំងច្រក ណាមួយសមរម្យ ដូចជាច្រកបឹងត្រកួន ជាអាទ៍ ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យ ការពារជំងឺកូវីត១៩ តែកន្លងមកបញ្ជូនមកតែតាមច្រករបៀង ចំការគរ ។
២.ស្នើឲ្យមានការជួយសម្រួលការចេញចូលដឹកតំឡូងមីរបស់ប្រជាកសិករ ដើម្បីជំរុញសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ដូចជា នៅច្រកបឹងត្រកួន ច្រកម៉ាឡៃ និងច្រកប៉ោយប៉ែត ជាដើម។
ឆ្លើយតបទៅនឹង ភាគីកម្ពុជា លោក WORAPHAN SUWANNUS អភិបាលខេត្តស្រះកែវ និងកងកម្លាំងបូពា៍ថៃ បានឯកភាពជាគោលការណ៍រួម៖
១.កំណត់យកទីតាំងច្រកអូរបីជាន់ គោកធ្យូង ជាកន្លែងតែមួយគត់ដើម្បីសម្របសម្រួលដល់ពលករ ដែលអាជ្ញាធរបញ្ជូនមកដើម្បីងាយស្រួលទាំងខាងថៃ និងកម្ពុជា ដើម្បីរួមគ្នាពិនិត្យសុខភាព មុនអនុញ្ញាតឲ្យចេញ ។ជាមួយនោះបន្តសហការទប់ស្កាត់ការលួចចេញតាមច្រករបៀងផ្សេងទៀត។

២.តាមសំណើសុំរបស់ ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ សម្រួលចេញដំឡូវមី ទំនិញ ចេញតាមច្រកតំបន់ផ្លូវការណាមួយនោះ រដ្ឋបាលខេត្តស្រះកែវនឹងធ្វើរបាយការណ៍សុំគោលការណ៍ក្រសួងពាណិជ្ជកម្មថៃដើម្បីសម្រួលជូន និងផ្តល់ដំណឹងជម្រាបជូនតាមក្រោយ។
ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវកាលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះបានចេញសេចក្តីជូនដំណឹងមួយស្តីពីការបិទច្រកទ្វារព្រំដែនកម្ពុជា-ថៃគ្រប់កម្រិតដែលស្ថិតនៅក្នុងដែនដីខេត្តសាកែវ។ ច្រកដែលត្រូវបិទនោះរួមមាន ច្រកទ្វារអន្តរជាតិចំនួន០២ទីតាំង ទី១ច្រកប៉ោយប៉ែត(ខេត្តបន្ទាយមានជ័យ)-ច្រកខ្លងលឹក (ខេត្តសាកែវ)និងច្រកភ្នំដី(ខេត្តបាត់ដំបង)-បានខៅឌីន (ខេត្តសាកែវ) ដោយការចរាចរណ៍តាមចក្រទាំង២នេះ នឹងត្រូវបិទជាបណ្តោះអាសន្នទាំងស្រុង តែអនុញ្ញាតអ្នកបើកបររថយន្តដឹកទំនិញណា ដែលបានការអនុញ្ញាតពីអាជ្ញាធរ ។
ដោយឡែកសម្រាប់ច្រកតំបន់២ទីតាំង ច្រកបឹងត្រកួន(ខេត្តបន្ទាយមានជ័យ)-ច្រកតាប្រាយ៉ា (ខេត្តសាកែវ)និងច្រកម៉ាឡៃ(ខេត្តបាត់ដំបង)-ច្រកបានណងព្រឹ(ខេត្តសាកែវ) គឺត្រូវបិទការចរាចរណ៍ទាំងស្រុងតែម្តង។ ចំណែកឯច្រកទ្វារទេ្វភាគីចំនួន១៤ទីតាំងទៀត រវាងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបងជាមួយខេត្តសាកែវ ក៏ត្រូវសម្រេចបបិទទាំងស្រុងផងដែរ៕







