សម្ដេចតេជោ ៖ កម្ពុជាមានរោងចក្រផលិតម៉ាស ទឹកអាល់កុល និងសម្ភារៈពេទ្យផ្ទាល់ខ្លួនបន្ថែមពីលើការនាំចូលពីបរទេស

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ នៅក្នុងស្ថានភាពដែលមានតម្រូវការខ្ពស់ទៅលើការប្រើប្រាស់ទឹកអាល់កុល និងម៉ាស សម្រាប់ប្រឆាំងនឹងជំងឺ Covid-19 ដែលបណ្ដាប្រទេសមួយចំនួនកំពុងជួបភាពខ្វះខាត ដោយឡែក សម្រាប់ប្រទេសកម្ពុជាមានរោងចក្រផលិតផ្ទាល់ខ្លួនសម្រាប់បំពេញតម្រូវការប្រើប្រាស់បន្ថែមពីលើការនាំចូលមកពីបរទេស។ នេះបើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

តាមរយៈសារជាសំឡេងដ៏មានសារសំខាន់របស់សម្ដេចតេជោ ហ៊ុន សែន ផ្ញើទៅកាន់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ដើម្បីបង្កើនទំនុកចិត្តកាន់តែខ្ពស់មកលើការខិតខំរបស់រាជរដ្ឋាភិបាលថា បច្ចុប្បន្ននេះកម្ពុជា មានរោងចក្រមួយដេរម៉ាសសម្រាប់តែប្រទេសកម្ពូជាតែម្ដងដែលមានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ ដែលអាចមានសមត្ថិភាពផលិតបានក្នុងរង្វង់១ ២០០ ០០០ ហើយនឹងបង្កើនសមត្ថភាពផលិតឱ្យបានច្រើនជាងនេះ បន្ទាប់ពីយើងនាំចូលមកពីខាងក្រៅ។

សម្ដេចតេជោ បានមានប្រសាសន៍បន្តឱ្យដឹងថែមទៀតថា ក្រៅពីរោងចក្រផលិតម៉ាស កម្ពុជាក៏មានរោងចក្រផលិតទឹកអាល់កុល (រោងចក្រ SKD) រួមជាមួយនឹងរោងចក្រផ្សេងមួយទៀត ដើម្បីផលិតបំពេញតាមតម្រូវការប្រើប្រាស់ចាំបាច់របស់មន្ត្រីផ្នែកសុខាភិបាលក្នុងទំហំប្រមាណ ៥ ០០០ លីត្រក្នុងមួយថ្ងៃ ខណៈដែលតម្រូវការជាក់ស្ដែងនៅទូទាំងប្រទេសមានចំនួនច្រើនជាងនេះ។

ជាមួយគ្នានេះផងដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ផងដែរថា ពាក់ព័ន្ធទៅនឹងតម្រូវការផ្នែកសម្ភារៈ និងបរិក្ខាពេទ្យមួយចំនួនដូចជា សម្លៀកបំពាក់ មួយករបស់មន្ត្រីពេទ្យ គឺមានរោងចក្រចំនួន២ដំណើរការផលិត ដោយរោងចក្រចំនួន១ស្ថិតនៅក្នុងខេត្តកំពង់ចាម និងមួយកន្លែងទៀត ស្ថិតនៅខេត្តស្វាយរៀង ប៉ុន្តែសម្រាប់សម្ភារៈផ្សេងទៀតដូចជារបាំងមុខ និងមួកមួយចំនួនចាំបាច់នាំចូលមកពីក្រៅស្រុក។

សម្ដេចតេជោ បានសង្កត់ធ្ងន់ថា “កុំមានការព្រួយបារម្ភ យើងមិនធ្វើរបៀបដូចលោកខាងលិច រកតែម៉ាសឱ្យគ្រូពេទ្យពាក់មិនបាននោះទេ។ ស្ដុកបម្រុងរបស់យើង ទី១គឺអង្ករ អំបិល គឺថាត្រៀម អត់មានឱ្យនាំចេញទៀតទេ, ទី២ គឺម៉ាស ទី៣ អាល់កុល ហើយសម្រាប់សម្ភារៈពេទ្យ គឺមានស្ដុកពេញឃ្លាំង ខ្លាចក្រែងតែបើវាមិនអស់ផង។ ….. ដូច្នេះ កុំតក់ស្លុត សម្រាប់កម្ពុជា មិនបណ្តោយឱ្យដូចរបៀបប្រទេសខាងលិចងាប់គរជើងគ្នានោះទេ ចឹងសូមជូនជាព័ត៌មាន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here